របរ​ងាយៗ​ ចំណាយ​ទុន​តិច​ ចំណេញ​ច្រើន​ សម្រាប់​រក​ស៊ី​រដូវ​ភ្លៀង​

  • 2017-07-19 10:30:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដូវវស្សា​ចូល​មក​ដល់​ ការ​រកស៊ី​សម្រាប់​អាជីវកម្ម​មួយ​ចំនួន​អាច​នឹង​មិន​សូវ​កាក់​កប​ ខណៈ​របរ​មួយ​ចំនួន​ទៀត​ បែរ​ជា​មាន​ម៉ូយ​មក​ឥត​ល្ហែរ​ បើ​ទោះ​ជា​មេឃ​ភ្លៀង​ធ្លាក់​យ៉ាង​ណា​ក៏​ដោយ​។ រដូវ​វស្សា​មាន​រយៈ​ពេល​កន្លះ​ឆ្នាំ​ ចាប់​ពីខែ​ ឧសភា​ ដល់​ខែ តុលា​ ហើយ​នេះ​ជា​ឱកាស​រកស៊ី​សំខាន់​មួយ​ សម្រាប់​អ្នក​មាន​លុយ​តិច​តួច​ គួរ​តែ​កុំ​មើល​រំលង​។

Sabay សូម​ណែនាំ​របរងាយៗ​ ចំណាយ​ដើម​ទុន​តិច​ តែ​ចំណេញ​ច្រើន ចែក​រំលែក​ដល់​ប្រិយមិត្ត​ ទុក​ជា​ចំណី​គំនិត​នា​រដូវនេះ​៖

 លក់​ឆ័ត្រ​ និង​អាវ​ភ្លៀង​

ឆ័ត្រ​ និង​អាវភ្លៀង​ ជា​សម្ភារៈ​តែង​មាន​ត្រូវ​ការ​ខ្ពស់​ ​ពេល​រដូវ​ភ្លៀង​ ហើយ​អាជីវកម្ម​នេះ ​មាន​ភាព​ងាយ​ស្រួល​បំផុត​ ដោយ​គ្រាន់​តែ​ដាក់​លក់​ឆ័ត្រ​ និង​អាវ​ភ្លៀង​ នៅ​តាម​ដងផ្លូវ​ មុខផ្ទះ​ ឬ​ក៏​លោក​អ្នក​អាច​ដឹក​យក​ទៅ​លក់​នៅ​តាម​កន្លែង​ ដែល​មាន​មនុស្ស​ជ្រក​ភ្លៀង​ច្រើន​កាន់​តែ​លក់ដាច់​ទៀត​។

លក់​អាហារ​ចល័ត​

​អាជីវកម្ម​លក់​អាហារ​ចល័ត​ ដូចជា​ការ​លក់​នំ​កញ្ចប់​ អាហារ​សម្រន់​ នំបុ័ង​ ​អាហារ​កំប៉ុង​ តាម​ផ្លូវ​ជាដើម​។ លោក​អ្នក​អាច​ពិចារណា​លើ​អាជីវកម្ម​ប្រភេទ​នេះ ​ព្រោះ​ថា​ពេល​មេឃភ្លៀង​ មនុស្ស​ភាគច្រើន​ឃ្លាន​ តែ​ពិបាក​ចេញ​ក្រៅ​ទៅ​រក​អាហារ​ញ៉ាំ​។

លក់​កាហ្វេ និង​ភេសជ្ជៈ​ចល័ត​

​ស្រដៀង​គ្នា​នឹង​អាជីវកម្ម​លក់​អាហារ​ដែរ​ គ្រាន់​តែ​អាជីវកម្ម​នេះ​ លោក​អ្នក​ត្រូវ​ចេះ​ជំនាញ​ឆុង​កាហ្វេ​ ធ្វើ​ភេសជ្ជៈ​ផ្សេងៗ​ និង​ចេះ​រក្សា​កម្តៅ​វា​ឲ្យ​បាន​ល្អ​ ព្រោះ​ពេល​ភ្លៀង​ អតិថិជន​ត្រូវ​ការ​អាហារ​ ដែល​អាច​រក្សា​កម្តៅ​ក្នុង​ខ្លួន​បាន​ល្អ​។

លក់បន្លែ ត្រី សាច់​ចល័ត​

សម្រាប់​អាជីវកម្ម​ប្រភេទ​នេះ​ ក៏​ជា​អាជីវកម្ម​មួយ​ ដែល​មាន​នៅ​កម្ពុជា​រួច​ហើយ​ដែរ​ ភាគ​ច្រើន​លក់​នៅ​ពេល​ព្រឹក​ ឬ​ល្ងាច​ តែ​ពុំ​សូវ​ឃើញ​មាន​អ្នក​លក់​បន្លែ​ ត្រី​ សាច់​ចល័ត​ ពេល​មេឃ​កំពុង​ភ្លៀង​នៅ​ឡើយ​ ព្រោះ​ថា​នៅ​ពេល​មេឃ​ភ្លៀង​ ភាគ​ច្រើន​ស្ត្រី​មេផ្ទះ​ច្រើន​ពិបាក​​ទៅ​ផ្សារ​ដើម្បី​ទិញ​បន្លែ​ ត្រី​ សាច់​ ដែល​វាជា​ឱកាស​រកស៊ី​មួយ​ផង​ដែរ​។

​ក្រៅ​ពី​របរ​ទាំង​ ​៤​ប្រភេទ​ខាង​លើ​ ក៏​នៅ​មាន​របរ​ជា​ច្រើន​ទៀត​ ហើយ​នេះ​គ្រាន់​ជា​ចំណី​គំនិត​ជូន​ប្រិយមិត្ត​ប៉ុណ្ណោះ ​ តែ​បើ​អាច​ធ្វើ​បាន​ លោក​អ្នក​ក៏​អាច​ទទួល​បាន​បទ​ពិសោធន៍​ នឹង​ស្គាល់​ច្បាស់​ពី​អតិថិជន​គោលដៅ​ ដែល​អាច​ជា​មេរៀន ​សម្រាប់​ក្នុង​ការ​បង្កើត​អាជីវកម្ម​នឹងនរ​មួយ​នា​ពេល​អនាគត​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម