គ្រូ U23 ​ចិន ​ថា​មិន​មែន​តែ​ក្រុម​ខ្លួន​ទេ ពិបាក​ឈ្នះ​កម្ពុជា ​ក្រុម​ដទៃ​ក៏​មិន​ងាយ​ស៊ី​ដែរ

  • 2017-07-20 01:35:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Massimiliano Maddaloni គ្រូ​បង្វឹក​ U23 ចិន​បាន​និយាយ​ថា​ក្រុម​កម្ពុជា​លេង​ដោយ​ទំនុក​ចិត្ត​ខ្ពស់ ​ហើយ​នេះ​មិនមែន​តែ​សម្រាប់​ក្រុម​របស់​លោក​ទេ​ដែល​ពិបាក​ឈ្នះ ​ក្រុម​ដទៃ​ទៀត​ក៏​នឹង​មាន​ផល​វិបាក​ដូច​គ្នា។

U23 ​ចិន ​រក​បាន​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​កម្ពុជា ​ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​ល្ងាច​មិញ​ត្រឹម​លទ្ធផល ០-០ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ យ៉ាងណាមិញ ​បើ​មើល​ទៅ​លើ​ការ​ប្រកួត​នេះ​វិញ ​ចិន​ហាក់​មិន​អាច​ទម្លុះ​សំណាញ់​ការពារ​របស់​ក្រុម​គោ​ព្រៃ​បាន​ឡើយ ​ដោយ​សឹង​តែ​មិន​មាន​ឱកាស​ល្អ​ណា​មួយ​ស៊ុត​ឱ្យ​បាន​ស្អាត​ផង​ទេ។

ទាក់ទង​ទៅ​នឹង​ការ​ប្រកួត​នេះ​ដែរ ​គ្រូ​បង្វឹក​របស់​ចិន​បន្ថែម​ថា​មក​ពី​ក្រុម​កម្ពុជា​លេង​ដោយ​មាន​ឆន្ទៈ​ខ្ពស់ ​ពួកគេ​លេង​ចេញ​ពី​ចិត្ត​ពិត​និង​ចេះ​សហការ​គ្នា​បាន​ល្អ។ ស្រប​ពេល​ដែល​ក្រុម​របស់​ខ្លួន​មាន​ចន្លោះ​ប្រហោង​ផង​នោះ ទើប​បាន​ជា​មិន​អាច​ធ្វើ​អ្វី​ក្រុម U23 ​កម្ពុជា​បាន​តែ​ម្ដង​ទៅ។ ដោយ​នេះ​មិន​មែន​សម្រាប់​តែ​ចិន​នោះ​ទេ ​ក្រុម​ដទៃ​ទៀត​ក៏​នឹង​មាន​ផល​ពិបាក​ដូច​គ្នា​ក្នុង​ការ​យក​ជ័យជម្នះ​លើ​ក្រុម​កម្ពុជា​សម្រាប់​ប្រកួត​បន្ទាប់។

នៅ​ថ្ងៃ​ស្អែក​នេះ ​ការ​ប្រកួត​ពាន​រង្វាន់​ 2018 AFC U23 Championship ​ពូល​ J ​គឺ​ក្រុម​ U23 ​ចិន​ត្រូវ​ប៉ះ​ក្រុម​ហ្វីលីពីន ​ម៉ោង​៣:៣០​នាទី ​និង​ក្រុម U23 ​កម្ពុជា​នឹង​ត្រូវ​ប៉ះ​ក្រុម​ជប៉ុន​នៅ​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច ​នា​កីឡដ្ឋាន​ជាតិ​ដូច​គ្នា៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម