ក្មេងអាយុ ១០ឆ្នាំ រកឃើញឆ្អឹងដំរីបុរាណ អាយុកាលរាប់លានឆ្នាំ ក្រោយជួបគ្រោះថ្នាក់មួយ

  • 2017-07-21 02:32:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ជួប​គ្រោះថ្នាក់​តូច​មួយ ធ្វើ​ឲ្យ​រក​ឃើញ​ឆ្អឹង​ដំរី​បុរាណ
  • បំណែក​ហ្វូស៊ីល​នោះ​ជា​របស់​សត្វ​ដំរី​បុរាណ Stegomastodon
  • ហ្វូស៊ីល​នោះ​អាច​រក្សា​រូបរាង​ឲ្យ​នៅ​ដដែល​ច្រើន

ការ​ជួប​គ្រោះថ្នាក់​តូច​មួយ​របស់​ក្មេង​ប្រុស​ម្នាក់ បាន​ផ្ដល់​ឲ្យ​ពិភពលោក​នូវ​ភាព​អស្ចារ្យ​មួយ ស្ទើរ​នឹក​ស្មាន​មិន​ដល់។

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ក្មេង​ប្រុស​អាយុ ១០ ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Jude Sparks បាន​ដើរ​លេង​ជាមួយ​ប្អូន​ប្រុស នៅ​វាល​ខ្សាច់​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ទីក្រុង Las Cruces រដ្ឋ New Mexico សហរដ្ឋអាមេរិក។ នៅ​ពេល​នោះ ក្មេង​ប្រុស Sparks បាន​ជំពប់​ជើង​ជាមួយ​បំណែក​ហ្វូស៊ីល​នៃ​សត្វ​ដំរី​បុរាណ Stegomastodon ដែល​មាន​អាយុ​កាល រហូត​ដល់​ទៅ ១,២ លាន​ឆ្នាំ។

ក្មេងប្រុស Jude Sparks

«ពេលនោះ ខ្ញុំ​កំពុង​រត់​ឡើង​ទៅ​លើ ស្រាប់តែ​ជំពប់​ជើង​ជាមួយ​ភ្លុក​ដំរី។ មុខ​របស់​ខ្ញុំ​ដួល​ទៅ​លើ​ដី ក្បែរ​ថ្គាម​របស់​វា។ ខ្ញុំ​បាន​សម្លឹង​មើល​ទៅ​លើ ក៏​ឃើញ​ភ្លុក​ដំរី​មួយ​ទៀត​តែម្ដង។ ខ្ញុំ​មិន​ដឹង​ថា​វា​ជា​អ្វី​ឡើយ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា វា​មិន​ធម្មតា​ទេ»។ Sparks បាន​ប្រាប់​យ៉ាង​ដូច្នេះ។

ក្មេងប្រុស Jude Sparks

នៅ​ពេល​នោះ ក្មេង​ប្រុស Sparks រួម​ទាំង​ប្អូនប្រុស និង​គ្រួសារ​របស់​គេ សុទ្ធសឹងតែ​មិន​ស្គាល់​ហ្វូស៊ីល​នៃ​សត្វ​ដំរី Stegomastodon។ ក្រោយមក គ្រួសារ​របស់ Sparksបាន​ថតរូប​ទុក ហើយ​សន្មត​ថា វា​ជា​ហ្វូស៊ីល​សត្វ​ដំរី (ធម្មតា)។

បន្ទាប់​មក​ទៀត ពួកគេ​បាន​ទាក់ទង​ទៅ​កាន់ សាស្ត្រាចារ្យ Peter Houde នៃ​សកលវិទ្យាល័យ New Mexico State University ដោយ​លោក Houde និង​ក្រុម​ការងារ បាន​ជីក​ហ្វូស៊ីល​នោះ​ដើម្បី​យក​ទៅ​ធ្វើ​ការ​ពិសោធន៍។

បើ​តាម​សារព័ត៌មាន New York Times បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស Sparks បាន​រក​ឃើញ​វា បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​ធ្វើ​ឲ្យ​ហ្វូស៊ីល​នោះ ផុស​ចេញ​ពី​ដី រហូត​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​បាន។ គួរ​បញ្ជាក់​ថា ហ្វូស៊ីល​សត្វ​ដំរី​បុរាណ Stegomastodon អាយុ​កាល​រាប់​លាន​ឆ្នាំ​នោះ នៅ​តែ​អាច​រក្សា​រូបរាង​ឲ្យ​នៅ​ដដែល​ច្រើន៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង