ឃើញនៅក្មេងអ៊ីចឹងទេ ដាវណ្ណ រីកគី ថតរឿងរាប់ភ្លេច

  • 2017-07-21 07:42:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និយមទស្សនា​ភាពយន្ត​ខ្មែរ​​មួយ​រយៈ​ចុង​ក្រោយ​នេះប្រហែល​ជា​ស្គាល់​ក្មេង​ប្រុស ដូច​ក្នុង​រូប​ខាង​ក្រោម​នេះ​ជាក់​ជា​មិន​ខាន​ ប្អូន​មាន​ឈ្មោះ ដាវណ្ណ រីកគី។ ក្នុង​អាជីព​សិល្បៈ ដោយ​មិន​រាប់​ទាំង​ការ​ថត​ MV ​ឬស្ប៉ត​ពាណិជ្ជកម្ម​ផ្សេងៗ តារា​សម្ដែង​វ័យ​ក្មេង​រូប​នេះ ធ្លាប់​ថត​ដល់​ទៅ​ជិត​៣០រឿង​ឯណោះ។ នេះ​បើ​តាម​ការ​បង្ហើប​ពី​សាមី​ខ្លួន​ប្រាប់ Sabay។

ទើបតែអាយុ ១២ឆ្នាំ រីកគី បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ចូល​សិល្បៈ​តាំង​ពី​អាយុ ៥ឆ្នាំ​មក​ម្ល៉េះ​ តាម​រយៈ​​​សាច់ញាតិ​ដែល​ជា​អ្នក​ដឹក​នាំ​សម្ដែង។ ជា​កូន​ពៅ ក្នុង​ចំណោម​បងប្អូន​៤នាក់ រីកគី មាន​ម្ដាយ​និង​បង​​​​ស្រី​​ម្នាក់​ ក៏​ជា​អ្នក​សិល្បៈ​ដូច​គ្នា​ផង​ដែរ។ " ខ្ញុំ​ថត​តាំង​ពី​៥ឆ្នាំ ចូល​តាម​ពូ​គាត់​អ្នក​ដឹក ម្ដាយ​ខ្ញុំ​​ និង​បង​ស្រី​ខ្ញុំ​ម្នាក់​ទៀត​ក៏​ថត​ដែរ​តែ អត់​សូវ​ចេញ​​មុខ​ទេ" កុមារា ដាវណ្ណ រីកគី រៀបរាប់។

ប្អូន​ប្រុស​ដដែល​បានបន្ត​ឲ្យ​ដឹង​ថា រឿង​ដែល​ខ្លួន​បាន​ថត​នាពេលថ្មីៗនេះ មាន ​ដូច​ជា រឿង"កូន​ពស់​កេងកង”, រឿង"ទឹក​ចិត្ត​ម្ដាយ​សម័យថ្មី” និងរឿង"រថយន្ត​​ទៅ​សៀមរាប"។

ចំពោះរឿងដែល រីកគី ធ្លាប់បានសម្តែង គឺសុទ្ធសឹង​ជា​តួអង្គ​ឯក​ពី​ក្មេង​ ឬជា​តួ​កូន។ "ខ្ញុំ​នៅក្មេង​ចឹង​គេ​ឲ្យ​សម្ដែង​តួឯក​កាល​នៅ​តូច បើ​ចឹង​ទេ គឺ​កូន​ៗ​តែ​ម្ដង តែ​​តួឯក​ពី​ក្មេង​ថត​ច្រើន​រឿង​ដែរ​ហ្នឹង"។ រីកគី លើក​ឡើង​ទាំង​សំណើច។

ដោយសារតែ​ប្រជាប្រិយ​ភាព​​ត្រូវ​បាន​មហាជន​ស្គាល់​ច្រើន ទីផ្សារ​សិល្បៈ​ក៏​ទៅ​តាម​នោះ​ដែរ មាន​ផលិតកម្ម​ជា​​ច្រើន​បាន​ទាក់ទង​ឲ្យ​ថត ហើយ​មាន​​ពេល​ខ្លះ​​ប្អូន​​ប្រាប់​ថា ជាប់​ថត​ ៤ ទៅ ៥​រឿង​ ក្នុង​ខែ​​តែ​មួយ​ក៏​មាន។ មមាញឹក​បែប​នេះ រីកគី មិន​សូវ​​​ជា​មាន​ពេល​​រៀន​សូត្រដិតដល់​​ឡើយ បច្ចុប្បន្ន​ប្អូន​កំពុង​​រៀន​ថ្នាក់​ទី៧។ បែប​នេះ​ក្ដី ប្អូន​បាន​ប្ដេជ្ញា​ថានឹងខិតខំ​បន្ត​ការ​សិក្សា​រហូត​ដល់​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ​ឲ្យ​ទាល់តែ​​បាន។

កុមារា ដាវណ្ណ រីកគី និងកុមារី អួន នីតា

ទៅ​ថ្ងៃ​អនាគត រីកគី ប្រាប់​ថា ចង់​ធ្វើ​ជា​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ​ផង ចង់​បន្ត​អាជីព​ជា​អ្នក​សិល្បៈ​ផង ជា​មួយ​គ្នា​នោះ​ដែរ​ប្អូន​រំពឹង​ថា ពេល​ដែល​ធំ​ពេញ​វ័យ​នោះ ខ្លួន​អាច​នឹង​ក្ដាប់​តំណែង​តួឯក​ក្នុង​រឿង​ណា​មួយ​ជាក់​ជា​មិន​ខាន៕

ចុចអាន៖

អត្ថបទៈ ស៊ុនហួត

អត្ថបទពេញនិយម
អត្ថបទថ្មី