អង្គម្ចាស់​អារ៉ាប៊ីសាអ៊ូឌីត ត្រូវចាប់ព្រះកាយ ក្រោយវាយ​រាស្ត្រឈាមមុខ និងភ្ជង់កាំភ្លើង

  • 2017-07-21 04:32:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គ​ម្ចាស់​ប្រទេស​​អារ៉ាប៊ីសាអ៊ូឌីត ត្រូវ​បាន​អាជ្ញាធរ​ចាប់​ព្រះ​កាយ​តាម​បញ្ជា​របស់​ស្ដេច Salman ​បន្ទាប់​ពី​លេច​ធ្លាយ​វីដេអូ​ជា​ច្រើន​បង្ហាញ​ពី​អង្គ​ម្ចាស់​វ័យ​ក្មេង​រូប​នេះ ​វាយ​ធ្វើ​បាប​រាស្ត្រ​ធម្មតា។

​វីដេអូ​​វាយ​ធ្វើ​បាប​ដាល់​មុខ​ចេញ​ឈាម​នេះ ​បាន​​ធ្វើ​ឲ្យ​មហាក្សត្រ Salman ក្រោធ​ខ្លាំង រហូត​បញ្ចេញ​រាជ​សារ​បន្ទាន់​ឲ្យ​តាម​ចាប់​ព្រះ​កាយ​អង្គ​ម្ចាស់ Saud bin Abdulaziz bin Musaed bin Saud bin Abdulaziz Al Saud ​និង​ប្រកាស​ឲ្យ​ឃុំ​ខ្លួន​អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ធ្វើ​បាប​លើ​រាងកាយ និង​ការ​ប្រើ​ពាក្យ​សម្ដី។

បុរស​រងគ្រោះ​ជា​ពល​រដ្ឋ​ធម្មតា ត្រូវ​គេ​ឃើញ​​​ហូរ​ឈាម​ចេញ​ពី​ច្រមុះ​ មាត់ និង​របួស​មុខ បន្ទាប់​ពី​អង្គ​ម្ចាស់​រូប​នេះ​​ទាត់ និង​​ដាល់​បុរស​សាមញ្ញ​​ជា​ច្រើន​ដៃ​សំដៅ​ទៅ​ក្បាល។

មហាក្សត្រ Salman ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ដាក់​ខ្នោះ​​​ឃុំ​ព្រះ​កាយ​អង្គ​ម្ចាស់​ទុក ​រង់​ចាំ​សណ្ដាប់​ជន​រងគ្រោះ​ទាំង​អស់ ហើយ​ជន​សង្ស័យ​នឹង​ត្រូវ​កាត់​ទោស​ក្រោម​ច្បាប់​ដ៏​​តឹងរ៉ឹងបស់​សាសនា​ឥស្លាម Sharia Law។ នេះ​បើ​តាម​បើ​យោង​ទៅ​តាម​សារព័ត៌មាន​អារ៉ាប Arab News ។

តាម​រយៈ​វីដេអូ​លេច​ធ្លាយ គេ​ឃើញ​អង្គ​ម្ចាស់​ព្យាយាម​ដាល់​ក្បាល​​បុរស​ម្នាក់​ ចេញ​ឈាម​មុខ ​រួច​ទៅ​អង្គុយ​គ្រវី​កាំ​ភ្លើង​ខ្លី​នៅ​រថយន្ត​មួយ​គ្រឿង។ ឯ​វីដេអូ​មួយ​ទៀត រាស្ត្រ​សាមញ្ញ​ត្រូវ​អង្គ​ម្ចាស់​វាយ​ធ្វើ​បាប និង​គ្រវី​កាំ​ភ្លើង​​វែង រួច​តម្រង់​​ដាក់​ពួក​គេ​គួរ​ឲ្យ​ខ្លាច និង​​មួយ​ទៀត​ឃើញ​​ស្ត្រី​មួយ​ក្រុម​ត្រូវ​អង្គ​ម្ចាស់​ធ្វើ​បាប។ ទោះ​យ៉ាង​ណា ប្រភព​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​ពិត​ប្រាកដ​​ដែល​ធ្វើ​ឲ្យ​អង្គ​ម្ចាស់​វ័យ​ក្មេង​ខាង​លើ​ធ្វើ​បាប​រាស្ត្រ​សាមញ្ញ​នោះ​ទេ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម