មូល​ហេតុ​​សំខាន់​យប់មិញ ​កម្ពុជា​ស៊ុត​មិន​ចំ​គោលដៅ​ជប៉ុន​​១​ជើង​សោះ

  • 2017-07-22 01:39:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

U23 ​កម្ពុជា​ប្រកួត​ជាមួយ​ក្រុម​យុវជន​ U21 ​ជប៉ុន​យប់មិញ​នេះ គឺ​មិន​មាន​ឱកាស​ល្អ​ណា​មួយ​ស៊ុត​ចំ​គោលដៅ​មួយ​ជើង​នោះ​ទេ បើ​ទោះ​ជា​មាន​ឱកាស​ទាត់​បាល់​ពិន័យ​ជិត​នឹង​បង្គោល​ទី​ហើយ​ក៏​ដោយ។

ចំពោះ​មូលហេតុ​នេះ​ដែរ លោក Leonardo Vitorino ​បញ្ជាក់​ថា​មក​ពី​ជប៉ុន​ជា​ក្រុម​ខ្លាំង​នៅ​អាស៊ី ហើយ​ពួកគេ​មាន​បទ​ពិសោធ​លេង​ជាមួយ​ក្រុម​ខ្លាំង​នៅ​អឺរ៉ុប​ដូចជា​បារាំង អង់គ្លេស​អី​ជា​ដើម​។ ដូច្នេះ​ហើយ ​ការ​ដែល​អូស​បាល់​ទៅ​តំបន់​គ្រោះ​ថ្នាក់​របស់​ក្រុម​មួយ​នេះ​គឺ​ពិត​ជា​ពិបាក​ខ្លាំង​ណាស់ ស្រប​ពេល​ដែល​ខ្សែ​ការពារ​និង​បម្រើ​របស់​ពួកគេ​សុទ្ធ​តែ​កំពូល​ៗ​ថែម​ទៀត។

អ្វី​ដែល​កាន់​តែ​លម្អិត​ទៀត​នោះ គឺ​លោក​ប្រើ​កីឡាករ​២​ប្រកួត​មក​នេះ​សុទ្ធ​តែ​មុខ​ដដែល​ៗ​ទាំង​អស់ ​ដើម្បី​ឱ្យ​ពួកគេ​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​ទប់​យក​ឱ្យ​បាន​១​ពិន្ទុ​ឬ​មាន​ឱកាស​បាន​៣​ពិន្ទុ​ពី​ក្រុម​ជប៉ុន​តែ​ម្ដង។ ដោយ​លោក Leo ​មិន​ចង់​ចាញ់​ការ​ប្រកួត ​ហើយ​ទទួល​ត្រឹម​លទ្ធផល​បរាជ័យ​នោះ​ទេ។ គ្រូ​បង្វឹក​ប្រេស៊ីល​ខាង​លើ​នេះ ​បើ​ទោះ​ចាញ់​ជប៉ុន​មែន ប៉ុន្តែ​លោក​រំពឹង​ថា​កូន​ក្រុម​នឹង​ទទួល​បាន​បទ​ពិសោធ​ល្អ​ហើយ​នឹង​ធ្វើ​បាន​ល្អ​ថែម​ទៀត ​ដើម្បី​យក​ឈ្នះ​លើ​ក្រុម​ហ្វីលីពីន​នៅ​ប្រកួត​ចុង​ក្រោយ។

សូម​បញ្ជាក់​ថា​ក្នុង​ពូល​ J ​នៃ​ពាន​រង្វាន់ 2018 AFC U23 Championship ​ក្រុម​លេខ​១​គឺ​ជប៉ុន​មាន​៦​ពិន្ទុ​ពេញ ​ក្រុម​លេខ​២ ចិន​មាន​៤​ពិន្ទុ​និង​ក្រុម​លេខ​៣​កម្ពុជា​មាន​១​ពិន្ទុ ហ្វីលីពីន​មាន​០​ពិន្ទុ ​ឆ្លង​កាត់​២​ប្រកួត​មក​នេះ។ ដោយ​ការ​ជ្រើសរើស​ឡើង​ទៅ​វគ្គ​បន្ដ​គឺ គេ​យក​១៦​ក្រុម​ចេញ​ពី​ក្នុង​១០​ពូល​នេះ ​ដោយ​លេខ​១​ក្នុង​ពូល ​ត្រូវ​ឡើង ​និង​ជ្រើសរើស​លេខ​២​ក្នុង​ពូល​​ល្អ​បំផុត​ឡើង​ទៅ​បន្ដ​ទៀត ខណៈ​ដែល​ចិន​ទោះ​ជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​ប៉ុន្មាន​ក្នុង​ពូល ក៏គេ​បាន​ជាប់​ទៅ​វគ្គ​ចុង​ក្រោយ​ដែរ ព្រោះ​ក្នុង​នាម​ជា​ក្រុម​ម្ចាស់​ផ្ទះ​៕

អត្ថបទ៖ មុន្នីរម្យ