អ្នក​មាន​គម្រោង​រៀប​ការ កុំ​ភ្លេច​ចូល​រួម​ពិព័រណ៍​អាពាហ៍ពិពាហ៍​ដ៏​ធំ​លើក​ទី២

  • 2017-07-22 04:21:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍​អាពាហ៍ពិពាហ៍​ដ៏​ធំ​លើក​ទី២ បាន​ចាប់​ផ្ដើម​ផ្លូវ​ការ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែ​កក្កដា​នេះ ដោយ​មាន​ការ​ចូល​រួម​ពី​បណ្ដា​​ក្រុមហ៊ុន​ប្រមាណ៥០ ដែល​អាច​សម្រួល​ដល់​អ្នក​មាន​គម្រោង​រៀបការ មិន​ឲ្យ​ឈឺ​ក្បាល​រឿង​រៀប​ចំ​ពិធី​ឡើយ ហើយ​មាន​កម្មវិធី​ពិសេស​ជា​ច្រើន​សម្រាប់​អ្នក​ចូល​រួម​ទស្សនា។

ពិព័រណ៍​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​នេះ ប្រារព្ធ​ឡើង ២​ថ្ងៃ​ជាប់​គ្នា​ដូច​ឆ្នាំ​មុន​ដែរ គឺ​នៅ​ថ្ងៃ​ទី២២ និង​ថ្ងៃ​ទី២៣ ចាប់​ពី​ម៉ោង ៨​ព្រឹក រហូត​ដល់​ម៉ោង ៩យប់ ក្នុង​​អគារ J-K នៃ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដោយ​មាន​អ្នក​ជំនាញ​ប្រឹក្សា​យោបល់​លើ​ការ​រៀប​អាពាហ៍ពិពាហ៍ និង​ការ​សម្ដែង​បែប​ប្រពៃណី​ជា​ច្រើន។

លោក សេង ពិសិដ្ឋ នាយក​ប្រតិបត្តិ​​​ក្រុមហ៊ុន ANUSSA បាន​និយាយ​ថា នៅ​ឆ្នាំ​នេះ មាន​ក្រុមហ៊ុន​ផ្នែក​សេវាកម្ម​អាពាហ៍ពិពាហ៍​ប្រមាណ​ជាង ៥០​ក្រុមហ៊ុន បាន​ចូល​រួម​ក្នុង​ពិព័រណ៍ ដែល​អាច​ឲ្យ​អ្នក​ចូល​រួម​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ទាក់​ទង​នឹង​ការ​រៀបការ។ លោក​បាន​​និយាយ​ទៀត​ថា ការ​រៀប​ការ​គឺ​ជា​ពិធី​ដ៏​សប្បាយ​រីករាយ កុំ​ឲ្យ​ក្លាយ​ជា​បន្ទុក​​របស់​អ្នក​ជុំវិញ​ខ្លួន ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ន័យ គួរ​ស្វែង​រក​ការ​ប្រឹក្សា​យោបល់​ផ្ទាល់​ក្នុង​ពិធី​នេះ។

លោក​ជំទាវ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​មាន​ប្រសាសន៍​ថា ក្នុង​មួយ​ជីវិត​មាន​ថ្ងៃ​សំខាន់ ២ ៣​ប៉ុណ្ណោះ ដែល​ចង​ចាំ​បំផុត។ ទី​មួយ​នោះ គឺ​ថ្ងៃ​កំណើត ហើយ​ថ្ងៃ​បន្ទាប់​នោះ​គឺ​ថ្ងៃ​ចូល​រៀន ទទួល​សញ្ញាប័ត្រ។ ចំណែក​មួយ​ទៀត​ដែល​សំខាន់​បំផុត​នោះ គឺ​ការ​រៀប​អាពាហ៍ពិពាហ៍ ដែល​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​​មួយ​ក្នុង​ការ​ចាប់​ផ្ដើម​នៃ​ជីវិត។ ដូច​នេះ គួរ​ស្វែង​រក​ការ​ប្រឹក្សា​យោបល់​ឲ្យ​ត្រឹម​ត្រូវ ហើយ​លោក​ជំទាវ បាន​លើក​ទឹក​ចិត្ត​ឲ្យ​បង្កើត​កម្មវិធី​បែប​នេះ​បន្ត​បន្ទាប់​រាល់​ឆ្នាំ។

ចំណែក​ឯកឧត្ដម ឈួន ដារា រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើង​ថា ពិព័រណ៍​អាពាហ៍ពិពាហ៍​នេះ ពិត​ជា​ផ្ដល់​សារសំខាន់​ខ្លាំង​ណាស់ ដល់​អ្នក​ត្រៀម​រៀបអាពាហ៍ពិពាហ៍ ព្រោះ​អាច​ជួយ​ណែនាំ​តាំង​ពី​រៀប​ការ​ចំ​ដំបូង រហូត​ដល់​ចប់ មិន​ឲ្យ​ពិបាក​ដល់​អ្នក​ជិត​ខាង ឬ​ញាតិ​មិត្ត​ឡើយ ហើយ​វា​​មាន​ភាព​ងាយ​ស្រួល​ទៀត​ផង។

កម្មវិធី​ពិព័រណ៍​អាពាហ៍ពិពាហ៍ ២​ថ្ងៃ​នេះ នឹង​មាន​ការ​ដើរ​បង្ហាញ​ម៉ូត​សំលៀក​បំពាក់​បែប​ប្រពៃណី បុរាណ សម័យ របស់​កូន​កំឡោះ ក្រមុំ សម្រាប់​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍​ដ៏​សម្បូរ​បែប​។ លើស​ពី​នេះ​ទៀត​អ្វី​ដែល​កាន់​តែ​ពិសេស​នោះ ក៏​មាន​សម្ដែង​កម្មវិធី​សំខាន់​មួយ​ចំនួន ក្នុង​ពិធី​រៀបអាពាហ៍ពិពាហ៍​ដូចជា ពិធី​ចូល​ម្លប់ ពិធី​បុក​ល័ក្ខ របាំ​ជូន​ពរ របាំ​សហសម័យ និង​ការ​ប្រគំ​ភ្លេង​បុរាណ​​ផង​ដែរ៕

អត្ថបទ៖ គង់ វិសាល

អត្ថបទពេញនិយម