ដឹង​ប្រភព​គ្រោះ​ថ្នាក់​យន្តហោះ ដែល​នាំ​ឲ្យ​ភ្ញាក់​ផ្អើល​ទាំង​​នៅ​​កម្ពុជា និង​វៀតណាម

  • 2017-07-22 12:05:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រសៀល​នេះ មាន​ការ​ចែក​ចាយ​បន្ត​ព័ត៌មាន​គ្រោះ​ថ្នាក់​យន្តហោះ​នៅ​ខេត្ត​សៀមរាប​ជា​ច្រើន​ដង រហូត​នាំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ យ៉ាង​ណា​មិញ រឿង​រ៉ាវ​នេះ​ក៏​បាន​កើត​ឡើង​នៅ​ប្រទេស​វៀតណាម​ដូច​គ្នា ខណៈ​ប្រភព​ពិត​នៃ​គ្រោះ​ថ្នាក់​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី តាំង​ពី​ថ្ងៃ​ទី១៨ ខែ​កក្កដា។

ប្រភព​ដំបូង​នៃ​ព័ត៌មាន​នេះ កើត​ចេញ​ពី​គណនី Facebook របស់​បុរស​ម្នាក់​ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​កម្ពុជា យក​រូប​គេ​មក​បង្ហោះ​ដោយ​សរសេរ​អម​ថា៖ “Aircraft come to completely stop and safe landed at Siem Reap” ឬ​មាន​ន័យ​ថា “យន្តហោះ​បាន​អស់​ល្បឿន​ទាំង​ស្រុង និង​ចុះ​ចត​ដោយ​សុវត្ថិភាព​នៅ​ខេត្ត​សៀមរាប”។

ក្រោយ​មក រូប​ភាព​បាន​ទទួល​ការ​ចែក​ចាយ​ជា​ច្រើន​ដង រហូត​អ្នក​បង្ហោះ​នោះ​លុប​វិញ​នៅ​ពេល​ជិត​មួយ​ម៉ោង​ក្រោយ​មក។ យ៉ាង​ណា​ក្ដី រូប​ភាព​នោះ​ត្រូវ​បាន​ចែក​ចាយ​ទៅ​លើ​ទំព័រ Facebook នានា​យ៉ាង​ច្រើន​រួច​ទៅ​ហើយ។ ក្រោយ​មក លោក​វរសេនីយ៍​ឯក ទិត្យ ណារ៉ុង ស្នងការ នៃ​ស្នងការដ្ឋាន​នគរ​បាលខេត្តសៀមរាប បាន​បញ្ជាក់​ភ្លាមៗ​ថា ករណី​នេះ​ជា​រឿង​មិន​ពិត​ឡើយ។

តាម​ពិត គ្រោះ​ថ្នាក់​យន្តហោះ​នោះ​បាន​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​កាល​ពី​ថ្ងៃ​ទី១៨ ខែ​កក្កដា កន្លង​ទៅ។ យន្តហោះ​នោះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Tri MG Asia Airlines ម៉ាក Boeing 737-301F Freighter ដែល​ត្រូវ ហោះហើរ​ពី​ក្រុង Timika ទៅ​ក្រុង Wamena។ នៅ​ពេល​ហោះ​ហើរ​ដល់​ព្រលាន Wamena កង់​យន្តហោះ​មាន​បញ្ហា ​បណ្ដាល​ឲ្យ​រត់​ខុស​ផ្លូវ​ធ្លាក់​ផ្លូវ​កល់​ឈប់​ត្រឹម​​អូរ​មួយ។ យ៉ាង​ណា​ក្ដី គ្មាន​អ្នក​ជួប​គ្រោះ​ថ្នាក់​ឡើយ ព្រោះ​វា​ជា​ប្រភេទ​យន្តហោះ​ដឹក​ទំនិញ​ប៉ុណ្ណោះ។

ការ​បង្ហោះ​បណ្ដាល​ឲ្យ​ផ្អើល​បណ្ដាញ​សង្គម​ដូច​គ្នា ក៏​បាន​កើត​ឡើង​នៅ​ប្រទេស​វៀតណាម​​ដែរ ដោយ​ក្នុង​នោះ​មាន​គណនី​មួយ បាន​បង្ហោះ​រូប​ភាព​គ្រោះ​ថ្នាក់​យន្តហោះ​នៅ​ឥណ្ឌូណេស៊ី​ដូច​គ្នា និង​សរសេរ​អម​ថា៖ ​“It rained so hard, a plane has crashed ... so terrible ... That's Noi Bai.” ដែល​មាន​ន័យ​ថា "ភ្លៀង​ខ្លាំង​ណាស់, យន្តហោះ​មួយ​គ្រឿង​បាន​ជួប​គ្រោះ​ថ្នាក់... ពិត​ជា​អាក្រក់​មែន... នៅ Noi Bai”។

ពេល​នេះ​មន្រ្តី​ប៉ូលិស​វៀតណាម​កំពុង​វែក​មុខ​អ្នក​បង្ហោះ ដែល​បង្ខូច​ឈ្មោះ​ព្រលាន​យន្តហោះ Noi Bai ហើយ​អ្នក​បង្ហោះ​អាច​រង​ការ​ពិន័យ​ជា​ប្រាក់​ផង​ដែរ។ លើស​ពី​នេះ បើ​ធ្ងន់ធ្ងរ អាច​ឈាន​ដល់​ជាប់​ពន្ធនាគារ​ទៀត​ផង៕

អត្ថបទ៖ គង់ វិសាល