ជនអន្តោប្រវេសន៍​ខំពួនសម្ងំ​ក្នុងរថយន្តឆ្លងដែន ត្រូវ​ថប់ដង្ហើមស្លាប់ និង​ឈឺជិត ៤០នាក់

  • 2017-07-24 02:05:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជនសង្ស័យ​អន្តោ​ប្រវេសន៍​​ចំនួន ៩នាក់ ត្រូវ​បាន​គេ​រក​ឃើញ​ដេក​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ ទី ២៣​ កក្កដា​​ ម្សិលមិញ ​បន្ទាប់​ពី​លាក់​ខ្លួន​ពួន​សម្ងំ​ក្នុង​រថយន្ត​ដឹក​ទំនិញ​ធំ​​មួយ​​ចត​ទុក​ចោល​នៅ​កន្លែង​ចំណត​ Walmart ​ក្នុង​រដ្ឋ​តិច​សាស់ និង​មនុស្ស​ចំនួន ៣០​នាក់​ផ្សេង​​ទៀត​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ។

​ប៉ូលិស​បាន​ហៅ​សកម្មភាព​នេះ​​ថា​ ជា​ឧក្រិដ្ឋកម្ម​ជួញ​ដូរ​មនុស្ស​ដ៏​សាហាវ​ព្រៃ​ផ្សៃ​មិន​អាច​លើក​លែង​ឲ្យ​បាន។ ជន​រងគ្រោះ ១៧​នាក់​ក្នុង​ចំណោម​ទាំង​អស់​ ត្រូវ​បាន​​​បញ្ជូន​​ទៅ​កាន់​មន្ទីរពេទ្យ​ក្បែរ​ៗ​ក្នុង​ទីក្រុង San Antonio ​ព្រោះ​តែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​ដោយ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​ខ្សោះ​ជាតិ​ទឹក។

​បើ​តាម​ប្រភព​ពី​អាជ្ញាធរ​​បញ្ជាក់​ថា ​យ៉ាង​ហោច​​ណាស់​មនុស្ស​ចំនួន ៣៨នាក់​បាន​ស្ថិត​នៅ​​ក្នុង​​រថយន្ត​ដឹក​ទំនិញ​ ក្នុង​នោះ​មាន​ក្មេង​សិស្ស​សាលា​ចំនួន ២​នាក់​ផង និង​ម្នាក់​ទៀត​នៅ​ក្រៅ​រថយន្ត​ ​ប៉ុន្តែ​មិន​ទាន់​បញ្ចេញ​អត្តសញ្ញាណ​​នៅ​ឡើយ​ទេ។

​ប៉ូលិស​​ទទួល​ដំណឹង​ខាង​លើ ដោយ​សារ​បុគ្គលិក Walmart ​បាន​ទូរសព្ទ​ទៅ​ប៉ូលិស​ពេល​ឃើញ​​រថយន្ត​នេះ​ចត​នៅ​ចំណត​គួរ​ឲ្យ​សង្ស័យ។ ក្រោយ​មក ​ប៉ូលិស​​បាន​ចាប់​ខ្លួន​​អ្នក​បើកបរ​រថយន្ត​ដឹក​ទំនិញ​ម្នាក់​ឈ្មោះ James Mathew Bradley Jr អាយុ ៦០​ឆ្នាំ មក​ពី​រដ្ឋ​ផ្លរីដា និង​ចោទ​ប្រកាន់​​នៅ​ព្រឹក​​ថ្ងៃ​ច័ន្ទ​នេះ​នៅ​ទីក្រុង San Antonio។

​ប្រភព​ពី​អាជ្ញាធរ​ដដែល​បញ្ជាក់​ថា ពេល​រក​​ឃើញ​​ជនអន្តោប្រវេសន៍​ សីតុណ្ហភាព​ក្នុង​រថយន្ត​គឺ​ក្ដៅ​ដល់ ៦៥​អង្សា​សេ។ ​ទោះ​យ៉ាង​ណា​គេ​មិន​ទាន់​ដឹង​​ថា​ ជន​រងគ្រោះ​ទាំង​អស់​​ចេញ​មក​ពី​ណា​នៅ​ឡើយ​ទេ ប៉ុន្តែ​ជា​ទូទៅ​ ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​រាប់​ពាន់​នាក់​មក​ពី​ប្រទេស​ម៉ិកស៊ីកូ និង​អាមេរិក​កណ្ដាល​ តែង​តែ​ព្យាយាម​តាម​​វិធី​ដ៏​គ្រោះ​ថ្នាក់​ចូល​មក​​​​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ៗ៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី