ឡុង សំណាង ​ប្រើ​ជង្គង់​រាប់​ភ្លេច ប៉ុន្តែ​មិន​អាច​ធ្វើ​ឱ្យ ស៊ុភភើ ​សន្លប់​បាន ត្រឹម​ឈ្នះ​ពិន្ទុ

  • 2017-07-24 06:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ស្រករ​ក្រោយ​របស់​ក្លឹប​ប្រដាល់​សាលវ័ន្ត​កីឡា​ ឡុង​ សំណាង ​បាន​តតាំង​ជាមួយ​កីឡាករ​កំពូល​ទ្រាំ​របស់​ថៃ​ ស៊ុភភើ ​នៅ​សង្វៀន PNN ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។

ឡុង សំណាង (ក្រហម)

ជា​លទ្ធផល​ការ​ប្រកួត​នេះ ​ត្រូវ​តតាំង​គ្នា​រហូត​ដល់​ទៅ​៥​ទឹក​ពេញ​តែ​ម្ដង ​បើ​ទោះ​បី​ជា ឡុង សំណាង ​មាន​ក្បាច់​ច្រើន​សម្រាប់​វាយ​ទៅ​លើ​កីឡាករ​ថៃ​ក៏​ដោយ ប៉ុន្តែ ស៊ុភភើ ​នៅ​តែ​មិន​ដួល​ឬ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​នោះ​ទេ។ ជាក់​ស្ដែង ​ការ​ប្រកួត​នេះ​​តាំង​ពី​ទឹក​១​មក ​សំណាង ​បាន​ព្យាយាម​ប្រើ​បច្ចេកទេស​ជង្គង់​របស់​គេ​បាន​ល្អ​មែនទែន ​ដោយ​មួយ​ទឹក​មិន​ក្រោម​១០​ជង្គង់​នោះ​ទេ ពេញ​ៗ​តែ​ម្ដង តែ​គួរ​ឱ្យ​ស្ដាយ ​កីឡាករ​ថៃ​ហាក់​ដូចជា​មិន​មាន​ការ​ឈឺ​ចាប់​អ្វី​ឡើយ។ ស៊ុភភើ ​នៅ​តែ​អាច​ទប់​ទល់​រហូត​ដល់​ទឹក​ទី​៥​បាន ​ដោយ​តស៊ូ​វាយ​បាន​ខ្លះ​ៗ​ដែរ ប៉ុន្តែ​មិន​ត្រូវ​ពេញ​ចំ ឡុង សំណាង​ម្ដង​ណា​ឡើយ។ ចប់​ទាំង​៥​ទឹក ឡុង សំណាង ​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ ស៊ុភភើ ​។

ឡុង​ សំណាង​ ជា​កូន​សិស្ស​លោក​គ្រូ​ ឡុង​ សាលវ័ន្ត​ មក​ពី​ក្លឹប​ប្រដាល់​ សាលវ័ន្ត​កីឡា។​ ជា​ទូទៅ​កូន​សិស្ស​របស់​លោក​គ្រូ​ ឡុង​ សាលវ័ន្ត​ភាគ​ច្រើន​ពូកែ​ប្រើ​ជង្គង់​ជាក់​ស្ដែង​ដូច​ជា​ ឡុង​ សុភី​ ឡុង​ សុវណ្ណឌឿន​ ហើយ​កីឡាករ​វ័យ​ក្មេង​ ឡុង​ សំណាង​ ក៏​ប្រើ​ជង្គង់​ច្រើន​ហើយ​បាន​ល្អ​ដែរ។

កម្មវិធីប្រកួតអាទិត្យនេះ

យ៉ាងណាមិញ ​នៅ​ថ្ងៃ​អាទិត្យ​នេះ​វិញ ​សង្វៀន PNN ​ក៏​មាន​គូ​ពិសេស​ទៀត​ដែរ​គឺ​ជា​ការ​ប៉ះ​គ្នា​រវាង​ រឿង សោភ័ណ្ឌ ​ជាមួយ ស៊ុតស្យ៉ាម (ថៃ) ​និង ​ខាំ ខ្លា​នាង ​តតាំង​ជាមួយ កុលាបដយ (ថៃ)៕

អត្ថបទ៖ មុន្នីរម្យ