ហេតុផល​ដែល ស្វែង សុជាតា រត់​ពី​សាង​ផ្នួស មក​ថត​កុន​យ៉ាង​តក់​ក្រហល់

  • 2017-07-25 07:17:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​​ជិត​១ខែ​មុន តារា​សម្ដែង​ជើង​ចាស់ អ្នក​នាង ស្វែង សុជាតា បាន​ប្រកាស​ថា ខ្លួន​នឹង​ចេញ​ទៅ​សាងផ្នួស​រយៈពេល​៣ខែ​ដើម្បី​​ទៅ​រៀន​ធម៌​នៅ​ឯ​ភ្នំ​គូលែន ដោយ​ផ្អាក​​ទទួល​ថត​កុន​មួយ​រយៈ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​​ថ្ងៃ​ផង​​ស្រាប់​តែ​ឃើញ អ្នក​នាង​បង្ហាញ​​ខ្លួន​លើ​វិថី​ដដែល​នេះ​វិញ តើ​មាន​កត្តា​អ្វី​​​ទៅ?

ចំណុច​នេះ អ្នកនាង ស្វែង សុជាតា បាន​បញ្ជាក់​ថា ដំបូង​ឡើយ​ខ្លួន​ពិត​ជា​មាន​បំណង​ដូច​បាន​លើក​​ឡើង​ខាង​លើ​ពិតមែន ប៉ុន្តែ​ដោយសារតែ​ការងារ​ចាស់​​មិន​ទាន់​​ចប់ ហើយ​ស្ថានភាព​ជីវភាព​គ្រួសារ​ផង​នោះ បាន​​បង្ខំ​ឲ្យ​អ្នក​នាងសម្រេច​វិល​វិញ ដោយ​​​​លើក​ពេល​ពេលប្រតិបត្តិ​​ក្រោយ​ទំនេរ​​ពី​ការងារ​ប៉ុណ្ណោះ។ "​អូន​អើយ​ការងារ​​​បង​កុងត្រា​ថត​កុន​ឲ្យ​គេ​រឿង​ចាស់ៗ​មិន​ទាន់​ចប់​ព្រោះ ថត​កុន​ដឹង​ប្រាប់​​ហើយ​​តួ​លើក​ពេល​រហូត​បាន​ជា​ធ្វើ​មិន​ទាន់​ឲ្យ​គេ ម្យ៉ាង​​គេ​ចេះ​តែ​ហៅ​ថត​ MV និង​រឿង​អង្គការ​ខ្លីៗ ចឹង​បើ​បង​សម្រាក៣ខែ​មែន​នោះ បាន​លុយ​ណា​មក​ចិញ្ចឹម​កូន បង់​រំលោះ​​ធនាគារ ព្រោះ​យើង​ទិញ​ផ្ទះ​បង់រំលួសផង" ស្វែង សុជាតា លើក​ឡើង។

អ្នកនាង​បន្ត​ថា ការ​ទៅ​​ប្រតិបត្តិធម៌​នៅ​តែ​ធ្វើ ប៉ុន្តែ​ធ្វើ​មិន​បាន​ពេញ​លេញទេ ពោល​គឺ​​​ទៅ​តែ​ពេល​ណា​ទំនេរ​តែ​ប៉ុណ្ណោះ។ "​កាល​ចូល​ព្រះវស្សា​ហ្នឹង​បង​ទៅ​បាន​ជាង​១០ថ្ងៃ​ទេ​ក៏​មក​វិញ តែ​ពេល​​ថត​​រឿង​​ចប់​ឲ្យ​គេ​ហើយ ​បង​នឹង​ទៅ​ម្ដង​ទៀត ប្ដី​បង​នៅ​ទី​នោះ គាត់​បំពេញ​៣ខែ​ពេញ​តែ​ម្ដង"។

បច្ចុប្បន្ន​​អ្នក​នាង ស្វែង សុជាតា ​ប្រាប់​ថា ជាប់​​ថត​រឿង​ដុំ​ឲ្យ​ផលិតកម្ម​១​រឿង និងMV​ ១បទ ព្រម​ទាំង​រឿង​ខ្លី​ឲ្យ​អង្គការ​១រឿង។ ចំពោះ​រឿង​ភាគ​អ្នក​នាង​សូម​​ប្រកាស​ជា​ថ្មី​ថា ផ្អាក​ទទួល​សិន ចាំ​ចេញ​ព្រះវស្សា​រួច​បាន​ទទួល​ថត​វិញ ប៉ុន្តែ​បើ​រឿង​ដុំ​នៅ​តែ​ទទួល​ថត ព្រោះ​ការ​ថត​រឿង​ដុំ​មាន​រយៈ​ពេល​តិច​ថ្ងៃ អាច​ឆ្លៀត​មក​បាន៕

អត្ថបទៈ ស៊ុនហួត