Real Madrid ​អាច​នឹង​ទិញ Kylian Mbappe ​ពី​ក្លឹប Monaco ​ទោះ​ថ្លៃ​ក្ដី

  • 2017-07-25 12:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Real Madrid ​អាច​នឹង​ប្រើ​ទឹក​ប្រាក់​មហាសាល​របស់​ខ្លួន ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Kylian Mbappe ​មក​អេស្ប៉ាញ ​ដើម្បី​រក្សា​តំបន់​ប្រយុទ្ធ​របស់​ខ្លួន​ឱ្យ​កាន់​តែ​មុត​ថែម​ទៀត។

ក្រោយ​ពី​លក់​កីឡាករ​ល្អ​ៗ​ដូចជា James ​និង Morata ​ចេញ​ទៅ ក្លឹប Real Madrid ​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​ណាមួយ​ដើម្បី​នាំ​យក​កីឡាករ​ល្អ​កម្រិត​អន្តរជាតិ​មក​រួម​ក្រុម​នៅ​ឡើយ​ទេ។ ខណៈ​ដែល​បំណង​ប្រាថ្នា​របស់​គេ​លើ Mbappe ​របស់​ក្លឹប Monaco ​នោះ ​ត្រូវ​គាំង​សិន ​ដោយសារ​តែ​ក្លឹប​មួយ​នេះ​ទាមទារ​តម្លៃ​ផ្ដាច់​កុងត្រា​ខ្ពស់​ពេក។ យ៉ាងណាមិញ លោក Zidane ​ក៏​មិន​ទាន់​បោះ​បង់​ឱកាស​នាំ​យក​កីឡាករ​បារាំង​រូប​នេះ​នៅ​ឡើយ​ទេ ត្បិត​អី​ទីផ្សារ​ដោះដូរ​កីឡាករ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ។

អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​លើក​ឡើង​ថា​ Mbappe ​ជា​កីឡាករ​វ័យ​ក្មេង តែ​ឈាន​ដល់​កម្រិត​អស្ចារ្យ​មួយ​ទៅ​ហើយ។ ត្រឹម​វ័យ​១៨​ឆ្នាំ ​ធ្វើ​បាន​ដូច្នេះ​គឺ​មិនមែន​ជា​រឿង​ងាយ​នោះ​ទេ។ លោក​មិន​ទាន់​មើល​ឃើញ​កីឡាករ​ណា​ដើម្បី​ស្នើ​ទៅ​ក្លឹប​ទិញ​យក​តែ​ម្ដង​ឡើយ ប៉ុន្តែ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​មាន​រយៈ​ពេល​វែង ដូច្នេះ​អ្វី​គ្រប់​យ៉ាង​ក៏​អាច​កើត​ឡើង។ រឿង ​Kylian Mbappe ​អាច​មក Real Madrid ​ក៏​នៅ​តែ​អាច​ទៅ​រួច ទោះ​តម្លៃ​ខ្លួន​ថ្លៃ​ក្ដី។

រដូវកាល​ដោះដូរ​កីឡាករ​នឹង​បិទ​នៅ​ចុង​ខែ​ក្រោយ​ឯ​ណោះ ខណៈ​ដែល​ត្រឹម​ពេល​នេះ ក្លឹប Monaco ​បាន​លក់​កីឡាករ​សំខាន់​ៗ​ដូចជា Tiemoue Bakayoko, Bernardo Silva និង​ Benjamin Mendy ​ចេញ​អស់​ទៅ​ហើយ ​នៅ​ឡើយ​តែ Mbappe ​មាន​ក្លឹប​ច្រើន​ចង់​បាន​និង​ឱ្យ​តម្លៃ​ខ្ពស់ តែ​ក្លឹប​យក្ស​នៅ​បារាំង​មួយ​នេះ មិន​ទាន់​ដាច់​ចិត្ត​លក់​នៅ​ឡើយ។

ខ្សែ​ប្រយុទ្ធ​បារាំង​វ័យ​១៨​ឆ្នាំ​ខាង​លើ ​គឺ​ជា​អ្នក​គាំទ្រ Cristiano Ronaldo ​ខ្លាំង​ណាស់ ​ហើយ​ក្ដី​ស្រមៃ​របស់​គេ​តាំង​ពី​តូច​មក​ចង់​មាន​ឱកាស​បាន​លេង​ជាមួយ Idol ​របស់​គេ។ ស្រប​ពេល​ដែល​រដូវ​កាល​មុន​នេះ Mbappe បាន​ជួយ​ក្លឹប​ Monaco ​លើក​ពាន​លីគ​កំពូល​បារាំង​ដោយ​ស៊ុត​បាន​២៦​គ្រាប់ ​Assist ​បាន​១១​គ្រាប់​ទៀត​នោះ ទើប​ធ្វើ​ឱ្យ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​គេ​តែ​ម្ដង រួម​ជាមួយ Real Madrid ​ផង​ដែរ៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី