ញាក់សាច់! ស៊ឹម សុភ័ណ្ឌ ត្រៀម​ថត​ជា​មួយ​សត្វ​សាហាវៗ ក្នុង​រឿង​ថ្មី

  • 2017-07-26 02:14:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង លោក ស៊ឹម សុភ័ណ្ឌ បាន​​បង្ហើប​ឲ្យ​ដឹង​ថា ខ្លួន​ទើប​តែ​ចុះ​កុងត្រា​ថត​រឿង​ភាគ​ថ្មី​មួយ​ ដោយ​រឿង​មួយ​នោះ​លោក​ត្រូវ​សម្ដែង​ជា​មួយ សត្វ​សាហាវ ដូច​ជា​ខ្លា និងដំរី​ជា​ដើម។

ខ្សែភាពយន្ត​​ខាង​លើ​​មាន​ចំណង​ជើង​ថា "សម្បថ​និស្ស័យ" ជា​ភាពយន្ត​បុរាណ​លាយ​សម័យ ក្នុង​នោះ​មាន​តួឯក​ចំនួន​២គូ មាន​លោក​ជា​មួយ ​កញ្ញា សូ លីហ្សា និង លោក ណា ខុន ជា​មួយ​តួឯកស្រី​ម្នាក់​ទៀត​​​មិន​ទាន់​ដឹង​ច្បាស់ ។ នេះបើតាមការឲ្យដឹងពី ស៊ឹម សុភ័ណ្ឌ។

"គូ ​ណា​ខុន ​គេ​នៅ​ភ្នំពេញ តែ​សម្រាប់​គូខ្ញុំ ​​ជា​អ្នក​រស់​នៅ​ក្នុង​ព្រៃ ​តែ​ចុង​ក្រោយ​ខ្ញុំ​ឡើង​មក​​ភ្នំពេញ​ស្លៀក​សម្លៀក​បំពាក់​ដូច​គេ​ដូច​ឯង​ដែរ" លោក ស៊ឹម សុភ័ណ្ឌ លើក​ឡើង។

តារា​សម្ដែង​​ដដែល​​បាន​បន្ត​​រៀបរាប់​ពី​សាច់​រឿង​ខ្លះៗ​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​លោក​គឺ​ជា​កូន​ជន​ជាតិ​ភាគ​តិចដែល​មាន​ឪពុក​​ជា​​អ្នក​ខ្លាំង​១ក្នុង​ភូមិ ហើយ​​​ចូល​ចិត្ត​ដើរ​ជួយ​គេ​ជួយ​ឯង។ " ក្នុង​ព្រៃ​ចឹង តែង​មាន​ខ្លា​ ឬ​ដំរី​មក​ធ្វើ​បាប​អ្នក​ភូមិ ចឹង​ខ្ញុំ​ត្រូវ​ប្រយុទ្ធ​ជា​មួយ​សត្វ​ទាំង​នោះ ដើម្បី​ការពារ​​អ្នក​ភូមិ​ ដំរី​យើង​ថត​ផ្ទាល់ តែ​ខ្លា​អាចធ្វើ​ក្នុង​​កុំព្យូទ័រ" លោក ស៊ឹម សុភ័ណ្ឌ បញ្ជាក់។

តាម​ការ​លើក​ឡើង​របស់​តារា​សម្ដែង​មានកំណើត​មក​​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​ រឿង​"សម្បថ​និស្ស័យ" មាន​ទាំង​អស់​ប្រហែល​ជា​៦០ភាគ គ្រោង​ក្រុង​ពាលី​នៅចុងខែ​នេះ ដោយ​ថត​បណ្ដើរ​ចាក់​លើក​​កញ្ចក់​ទូរទស្សន៍​បណ្ដើរ។

សូម​​​បញ្ជាក់​ផង​ដែរ​ថា លោក ស៊ឹម សុភ័ណ្ឌ បាន​បោះជំហាន​ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ២០០៨ ដែល​ដំបូង​ឡើយ​លោក​គ្រាន់​តែ​តារា​សម្ដែង​កាយវិការ​ខារ៉ាអូខេ​តែ​ប៉ុណ្ណោះ។ តារា​វ័យ៣៤ឆ្នាំ​មាន​កំណើត​ពី​ភូមិ សំរោង​វាល ឃុំ ជីផុច ស្រុក មេសាង ខេត្ត ព្រៃវែង​រូប​នេះ ទើប​តែ​ហក់​ចូល​សម្ដែង​ភាពយន្ត​ ៣ ទៅ ៤ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ហើយ​ធ្លាប់​សម្ដែង​បាន​ជិត​៣០រឿង​មក​ហើយ។ ក្នុង​ចំណោម​រឿង​ទាំង​នោះ លោក ទើប​បាន​គ្រង​​តំណែង​តួឯក​ចំនួន​៣រឿង គឺ រឿង"ឋានសួគ៌​ស្នេហ៍", រឿង" ទេព​ធីតា​ម៉ាណីកាំង​" និង​រឿង"សម្បថ​និស្ស័យ" ដែល​គ្រោង​ថត​ខាង​លើ​នេះ៕

ចុចអាន៖

អត្ថបទៈ ស៊ុនហួត