កុមារ ១០ឆ្នាំក្លាយជាវីរបុរស ក្រោយ​ជួយក្មេងអាយុ ៥ឆ្នាំ ចេញ​ពីចង្កូមសត្វ​សាហាវ

  • 2017-07-26 04:49:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ជន​ជាតិ​ថៃ​អាយុ ១០​ឆ្នាំ ត្រូវ​បាន​គេ​ហៅ​ថា​ វីរបុរស​វ័យ​ក្មេង​ បន្ទាប់​​ពី​ប្រថុយ​គ្រោះ​ថ្នាក់​ចូល​ដេញ​​ឆ្កែ​កាច​មួយ​ក្បាល ដើម្បី​ជួយ​កុមារ​ជា​​អ្នក​​ជិត​ខាង​អាយុ ៥​ឆ្នាំ ដែល​កំពុង​រង​របួស​ធ្ងន់ធ្ងរ​ដោយ​សារ​ឆ្កែ​​ខាំ។

កុមារ Noppachai

ឧបទ្ទវហេតុ​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ២០​កក្កដា ម៉ោង ៦៖៣០នាទី​ល្ងាច ​ខណៈ​ពេល​​កុមារ​​ក្លា​ហាន Noppachai និង​កុមារ​រងគ្រោះ Sirin ​អាយុ ៥​ឆ្នាំ​ បាន​ដើរ​ត្រលប់​​មក​ផ្ទះ​​ពី​កន្លែង​​រត់​លេង​ ក្បែរ​ពួក​គេ​រស់​នៅ​ នៅ​ស្រុក​ថា​រួ ខេត្ត​អៈយុត​ថៈយ៉ា។

ពេល​​កំពុង​ដើរ ស្រាប់​តែ​ឆ្កែ​ឈ្មោល​មួយ​ក្បាល​បាន​រត់​មក​ខាំ​ទាំង​កម្រោល​លើ​​កុមារ​ Sirin ដោយ​ខាំ​មុខ និង​ក្បាល​បណ្ដាល​ឲ្យ​របួស​យ៉ាង​ដំណំ។ ​ពេល​ឆ្កែ​កំពុង​វាយ​ប្រហារ​​លើ​ Sirin កុមារ Noppachai ​​បែរ​ជា​មិន​ភ័យ​ខ្លាច និង​បាន​ទៅ​ឆក់​យក​ដំបង​វាយ​កូន​គោល​នៅ​ជាប់ដៃ​ Sirin ដែល​គេ​យក​មក​​ពី​ផ្ទះ ​​ទៅ​វាយ​ឆ្កែ​កាច​ភ្លាម​ៗ តែ​កុមារ​ Sirin បាន​ដេក​ដួល​ទៅ​ហើយ។

កុមារ​​រៀន​ថ្នាក់​ទី​៥ រូប​នេះ​រៀប​រាប់​ថា "​​ដំបូង​ពេល​​វ៉ៃ​ឈ្នះ​ឆ្កែ ​ខ្ញុំ​បាន​អៀវ​ Sirin ដាក់​លើ​ខ្នង ប៉ុន្តែ​ឆ្កែ​នោះ​វា​នៅ​​​តាម​ខាំ Sirin ទៀត ដូច្នេះ​ខ្ញុំ​ដាក់​ឲ្យ​គេ​​ចុះ ​រួច​ខ្ញុំ​យក​ដំបង​ដដែល​តាម​ដេញ​ឆ្កែ​វិញ រហូត​វា​រត់​ផាសក្រញាំ​។ ពេល​នោះ​ខ្ញុំ​គិត​ថា ប្រសិន​បើ​ខ្ញុំ​រត់​​ទៅ​រក​​ឲ្យ​គេ​ជួយ មាន​តែ​ទុក Sirin ​ឲ្យ​នៅ​តែ​ឯង អីចឹង​ឆ្កែ​នឹង​ខាំ Sirin ស្លាប់​មិន​ខាន ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​​នៅ​តទល់​ជាមួយ​ឆ្កែ​តែម្ដង"។

ក្រោយ​វាយ​ឆ្កែ​ឈ្នះ​ជា​លើក​ទី​ពីរ​កុមារ Noppachai បាន​អៀវ​កុមារ​ Sirin ទាំង​ត្រូវ​របួស​ហូរ​ឈាម​​ទៅ​កាន់​ផ្ទះ​របស់​ Sirin ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ​ពី​កន្លែង​កើត​ហេតុ។ បន្ទាប់​មក ត្រូវ​គ្រួសារ​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​បន្ទាន់​​ដោយ​ត្រូវ​របួស​មុខ និង​ក្បាល​ចំនួន ៣៩​ថ្នេរ។ ​មុខ​របួស​មួយ​ ត្រូវ​ឆ្កែ​ខាំ​ក្បែរ​ភ្នែក​ខាង​ស្ដាំ តែ​សំណាង​ល្អ​ភ្នែក​មិន​ខ្វាក់។ លើស​ពី​នេះ វីរបុរស​តូច​បន្ត​ថា ​ខ្លួន​បាន​ទៅ​មើល Sirin ​ដល់​មន្ទីរ​ពេទ្យ​ស្ទើរ​រាល់​ថ្ងៃ​​ទៀត​ផង​។

ដំណឹង​នេះ​បាន​ឮ​ដល់​សាលា​ពួក​គេ​រៀន ហើយ​គ្រូ​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ឲ្យ Noppachai ចំពោះ​សកម្មភាព​ក៏​អង់អាច​ក្លាហាន​នេះ​ រួម​ជាមួយ​ទឹក​​ប្រាក់ ៣ពាន់​បាត ឬ​ប្រមាណ ៩០​ដុល្លារ​ផង​ដែរ៕

ប្រភព៖ Thai PBS   ប្រែ​សម្រួល៖ ឡេង ភារុណ