ធន់ ក្របី៖ ផ្ញើវាសនានឹងវិស័យប្រដាល់រំពឹងល្បីនៅពេលអនាគត
- 2017-07-26 09:01:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធន់ ក្របី៖ ផ្ញើវាសនានឹងវិស័យប្រដាល់រំពឹងល្បីនៅពេលអនាគត
ចន្លោះមិនឃើញ
អ្នកប្រដាល់វ័យក្មេង ធន់ ក្របី ហេតុតែស្រឡាញ់ប្រដាល់សុខចិត្តចាកចេញពីឪពុកម្ដាយមកហាត់រៀនប្រដាល់នៅក្លឹបសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ព្រោះគិតថានៅពេលខាងមុខចង់ល្បីដូច ម៉ឺន សុភា។
កីឡាករ ធន់ ក្របី បានឲ្យដឹងថា បច្ចុប្បន្ននេះគេឈប់រៀនហើយ ព្រោះសាលានៅឆ្ងាយ ដោយចិត្តស្រឡាញ់ខាងវិស័យប្រដាល់ក៏សម្រេចចិត្តមកភ្នំពេញនិងហាត់ប្រដាល់តែម្ដងទៅ។ ចំពោះការមកហាត់ប្រដាល់នេះ គឺដោយសារគេស្គាល់កីឡាករ ឆៃ សារ៉ា និងកីឡាករ សុខ សុវណ្ណ ទើបខ្លួនអាចមកហាត់នៅក្លឹបសមាគមប្រដាល់ក្រសួងការពារជាតិនេះ។
អ្នកប្រដាល់វ័យ ១៤ឆ្នាំ រូបនេះបន្តថា បើទោះជាឡើងប្រកួតម្ដងៗត្រូវដៃគូវ៉ៃឲ្យរបួស ឬត្រូវឈឺយ៉ាងក៏ដោយ តែគេនៅតែទ្រាំ។ នៅពេលខាងមុខគេរំពឹងថានឹងមានកេរ្តិ៍ឈ្មោះល្បីដូចរៀមច្បង ម៉ឺន សុភា ហើយ កូនសិស្សលោកគ្រូ ធន់ សុភា រូបនេះនឹងប្ដេជ្ញាខំប្រឹងហ្វឹកហាត់ឲ្យខ្លាំង។ បើនិយាយពីស្នៀតប្រយុទ្ធរបស់គេគឺខ្លាំងស្មើគ្នា មិនថាកណ្ដាប់ដៃ កែង ជង្គង់ ឬទាត់នោះទេ។
កីឡាករមកពីខេត្តកំពង់ចាម យល់ឃើញថានៅពេលអនាគត អាជីពមួយនេះនឹងផ្ដល់ជីវភាពធូរធារសម្រាប់គេ និងក្រុមគ្រួសារផ្ទាល់តែម្ដង ចំពោះការចូលមកហាត់ប្រដាល់នេះ ឪពុកម្ដាយមិនជំទាស់និងបំណងរបស់គេនោះទេ។
ធន់ ក្របី ជាកូនសិស្សរបស់លោកគ្រូ ធន់ សុភា មកពីក្លឹបសមាគមប្រដាល់ក្រសួងការពារជាតិ បច្ចុប្បន្ននេះគេប្រកួតបាន ៩ដង ឈ្នះ៥ ស្មើ២ និងចាញ់ ២ដង ប្រកួតចុងក្រោយឈ្នះកីឡាករ សំណាង ចៅស៊ី ដោយពិន្ទុនៅសង្វៀនបាយ័នបឹងស្នោ៕