ពេជ សារ៉ាត សម្ដែង​ចាប៉ី​មិន​គិត​ប្រាក់​ជា​សំខាន់

  • 2017-07-27 02:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហគមន៍​ចាប៉ី លោក ពេជ សារ៉ាត បាន​ប្រាប់​ក្រុម​ការ​ងារ​ Sabay ​ថា លោក​និង​ក្រុម​សិល្បករ​​ចាប៉ី​ប្រឹង​ប្រែង​បញ្ជ្រាប​ទម្រង់​មួយ​នេះ​ ទៅ​កាន់​មហាជន​ដោយ​មិន​គិត​ពី​ប្រាក់​ជា​សំខាន់ តែ​ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​ទម្រង់​មួយ​នេះ​នៅ​នឹងថ្កល់​ឡើយ។

កូន​សិស្ស​លោក​ព្រឹទ្ធាចារ្យ ​ គង់ ណៃ រូប​នេះ​ បាន​បញ្ជាក់​ថា ការ​ទៅ​សម្ដែង​មាន​ជា​លក្ខណៈ​សប្បុរស​ធម៌ក្តី និងកម្មវិធីផ្សេងៗក្តី លោកក​មិន​គិត​ចំពោះ​តម្លៃ​នោះទេ ។ អ្វី​ដែល​សំខាន់​លោក​ចង់​បញ្ជ្រាប​ទម្រង់​សិល្បៈ​ចាប៉ី​ទៅ​កាន់​កូន​ខ្មែរ​គ្រប់​រូប​ឱ្យ​បាន​ស្គាល់​ពី​ទម្រង់​មួយ​នេះ។

"បើ​ជា​កម្ម​វិធី​សប្បុរស​ធម៌​ ក៏​ដូចជា​ជួយ​ដល់​សង្គម ពួក​យើង​អត់​គិត​ពី​តម្លៃ​ទេ គ្រាន់​ថា​បាន​ថ្លៃ​ញ៉ាំ​ថ្លៃ​ធ្វើ​ដំណើរ​​។ បើ​លក្ខណៈ​គាត់​ចង់​ជួយ​សិល្បៈ​ខ្លះ​ជួយ​វប្បធម៌​ខ្លះ​ យើង​គិត​៥០% អីចឹង​យើង​ទៅ​ចូល​រួម​ទាំង​សប្បាយ​រីក​រាយ​ទាំង​អស់​គ្នា ប៉ុន្តែ​បើ​ លោក​ជំទាវ ឯកឧត្ដម​ លោក លោកស្រី គាត់​ជួល​១០០% អីចឹង​យើង​គិត​ពេញ តែ​មិន​ថ្លៃ​ទេ។ យើង​ត្រូវ​ឆ្លៀត​យក​ឱកាស​ហ្នឹង​ចូលរួម ទី​មួយ​យើង​បាន​បច្ច័យ​ខ្លះ ហើយ​បាន​ផ្សព្វផ្សាយ​ពី​ទម្រង់​របស់​យើង​ទៀត"។

ថ្វីត្បិត​តែ​អាជីព​ជា​សិល្បករ​ចាប៉ី​នេះ​មិន​បាន​ធ្វើ​ឱ្យ​លោក​មាន​ជីវភាព​ថ្កុំថ្កើង​ដូច​ជា​សិល្បៈ​សម័យ តែ​លោក​នៅ​តែ​ពេញ​ចិត្ត​នឹង​ការងារ​នេះ ព្រោះ​លោក​ស្រលាញ់​និង​មាន​និស្ស័យ​នឹង​សិល្បៈ​បុរាណ។ អ្វី​ដែល​ធ្វើ​ឱ្យ​លោក​មិន​អាច​បោះបង់​ចោល​ការ​ខិត​ខំប្រឹង​ប្រែង​នេះ ក៏​ព្រោះ​តែ​លោក​ចង់​ចូល​រួម​ថែរក្សា មរតក​សិល្បៈ​បុរាណ​ខ្មែរ​ទុក​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ចេះ​និង​ផ្សព្វផ្សាយ​បន្ត៕

គួរ​បញ្ជាក់​ដែរ​ថា​ លោក ពេជ សារ៉ាត គឺ​ជា​កូន​​សិស្ស​​លោក​​ព្រឹទ្ធាចារ្យ ​ គង់ ណៃ លោ​កមានស្រុក​ កំណើ​តនៅ​ខេត្តតាកែវ និង​បាន​ចាប់​អាជីព​ច្រៀង​ចាប៉ី​ក្នុង​ ឆ្នាំ ២០០៧៕

អត្ថបទៈ ប៉ូ សាគុន