ឧកញ៉ា​ម៉ុង ឫទ្ធី ចង់​ជួយ​អ្នក​សុំ​ទាន​ម្នាក់​ឱ្យ​មាន​ការងារ​ធ្វើ តែ​ពេល​ដឹង​រឿង​មួយ សុំ​ខ្មាស

  • 2017-07-27 02:56:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បាន​រំឭក​ប្រវត្តិ​ហួស​ចិត្តមួយ ​ជាមួយ​អ្នក​សុំទាន​​មក​ពី​ខេត្ត​តាកែវ ដោយ​មាន​ចិត្ត​អាណិត​បបួល​ទៅ​ធ្វើ​ការ​ និង​ផ្ដល់​កន្លែង​ឱ្យ​ស្នាក់​នៅ​ តែ​ត្រូវ​បាន​អ្នក​សុំ​ទាន ​មាន​ស្រុក​កំណើត​នៅ​ឃុំ​លាយ​បូរ​ខាងលិច ​ទី​រួម​ខេត្ត​តាកែវ ប្រាប់​ថា​ក្រោយ​ពី​ប្រកប​របរ​ធ្វើ​អ្នក​សុំ​ទាន​រយៈ​ពេល ៥​ឆ្នាំ សល់​ពី​ការ​ចំណាយ​ទាំង​អស់ បាន​សង់​ផ្ទះ​មួយ​ខ្នង​ដូច​គេ​ដូច​ឯង។

​ឧកញ៉ា ម៉ុង ឫទ្ធី បាន​សរសេរ​នៅ​បណ្ដាញ​សង្គម​យ៉ាង​ដូច្នេះ​ថា៖ "ខ្ញុំ​លើក​យក​តែ​ម្នាក់​ដែល​មាន​ស្រុក​កំណើត​នៅ​ឃុំ​លាយបូរ​ខាងលិច​ទី​រួម​ខេត្ត​តាកែវ​ គាត់​មក​សុំទាន​តាំង​តែ​ពី​មាន​កូន​១រហូត​មក​ដល់​ពេល​នេះ​មាន​កូន​៣​នាក់​ ទុក​កូន​២ឱ្យ​ប្ដី​មើល​គាត់​មក​សុំទាន​យក​ទៅ​ចិញ្ចើម​កូន​និង​ប្ដី​យក​កូន​១​មក​បី​ជាប់​នឹង​ដៃ​ គាត់​ប្រាប់​ខ្ញុំ​ថា​សុំ​ទាន​រយៈពេល​៥ឆ្នាំ​សល់​ពី​ការ​ចំណាយ​ បាន​សាងសង់​ផ្ទះ​១​ខ្នង​នៅ​ដូច​គេ​ដូច​ឯង​ដែរ។ ។ មែន​ទែន​ទៅ​ខ្ញុំ​ខ្មាស​ពួក​គាត់​ណាស់ ​ខំ​តែ​បបួល​ពួកគាត់​ឱ្យ​ទៅ​ធ្វើ​ការងារ​ និង​ផ្ដល់​ទីជម្រក​សមរម្យ​ដល់​ពួកគាត់​តែ​ការ​ពិត​ដូច​ខាង​លើ​ទៅ​វិញ។"

អ្នក​ជំនួញ​ផ្នែក​កសិឧស្សាហកម្ម​ល្បី​ឈ្មោះ​ខាង​លើ​ បាន​លើក​ឡើង​ទៀត​ថា ​ចំណែក​ឯ​ប្រជាជន​ក្រីក្រ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​ស្រុក​គេ លោក​បាន​ចូលរួម​ទទួល​ទាន​អាហារ​ជាមួយ និង​បាន​សាកសួរ​ដូច​អ្នក​សុំ​ទាន​ខាង​លើ​ដែរ តែ​ចម្លើយ​គឺ​សុខចិត្ត​បញ្ចេញ​ពលកម្ម​លុះ​ក្ស័យ​ ក៏​មិន​លើក​ដៃ​សុំទាន​គេ​ជា​ដាច់​ខាត​។ ហើយ​ក្រោយ​មក​ លោក​ឧកញ៉ា បាន​សាងសង់​ផ្ទះ​ចំនួន​៦៣ខ្នង​ស្មើនឹង​១២៦​បន្ទប់ បណ្ដោយ​ប្រែង ១២ម៉ែត្រ​គុណ​នឹង​៥ម៉ែត្រ​ ចែក​ជូន​ពួកគាត់​បាន​រស់​នៅ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ទឹក​ ភ្លើង​ សាលារៀន​ មន្ទីរពេទ្យ​ វត្តអារាម​។ល។

លោក​ឧកញ៉ា​ចិត្ត​សប្បុរស​រូប​នេះ​បាន​ចោទ​ជា​សំណួរ​នៅ​លើ​បណ្ដាញ​សង្គម​ថា ​មុន​នឹង​ធ្វើ​អំណោយ​ទាន​ តើ​យើង​ត្រូវ​ជ្រើស​រើស​យក​ជម្រើស​ទី​១ឬ​ទី​២​?

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ ហ្វេសប៊ុក ឧកញ៉ា ម៉ុង ឬទ្ធី