ដូណាល់ ត្រាំ ប្រកាស​ហាមអ្នកកែភេទ​ចូលបម្រើកងទ័ព ក្រោមហេតុ​ផលមួយ

  • 2017-07-27 04:01:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់មិញ​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ទ្វីតធើ ​របស់​ខ្លួន​ថា ​មនុស្ស​កែ​ភេទ​នឹង​មិន​អនុញ្ញាត​ឲ្យ​ចូល​បម្រើ​កង​ទ័ព​​អាមេរិក​ឡើយ​ ទោះ​ក្នុង​មុខ​តំណែង​ណា​ក៏​ដោយ។

លោក​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​ឧត្ដមសេនីយ៍ និង​អ្នក​ជំនាញ​យោធា​ បាន​ផ្ដល់​ដំបូន្មាន​ថា រដ្ឋាភិបាល​អាមេរិក​នឹង​លែង​ទទួល​មនុស្ស​កែ​ភេទ​ចូល​បម្រើ​យោធា​អាមេរិក​​ទៀត​ឡើយ​ ​ព្រោះ​មិន​ចង់​​ចេញ​ថ្លៃ​​សេវា​ថែ​ទាំ​​ការ​ប្ដូរ​ភេទ​របស់​គេ។​

ការ​ប្រកាស​មិន​ផ្លូវ​ការ​នេះ​ធ្វើ​ឲ្យ​គេ​នឹក​ទៅ​ដល់​ឆ្នាំ​មុន​ ពេល​នេះ​ដូច​គ្នា គឺ​ក្រសួង​ការ​ពារ​ជាតិ​​អាមេរិក​​បាន​យល់ព្រម​​ថា នឹង​អនុញ្ញាត​ឲ្យ​មនុស្ស​កែ​ភេទ​​ចូល​បម្រើ​យោធា​អាមេរិក​​​បាន​។ បើ​តាម​របាយ​ការណ៍​បច្ចុប្បន្ន​ក្នុង​ជួរ​កង​ទ័ព​អាមេរិក​មាន​ទាហាន​កែ​ភេទ​ចំនួន ៦ ០០០​នាក់​ កំពុង​បម្រើ​ការ។

ចាប់​តាំង​ពី​ខែ​តុលា​​ឆ្នាំ ២០១៦ ទាហាន​​កែ​ភេទ​ទាំង​អស់​បាន​ទទួល​ថ្លៃ​សេវា​ថែទាំ​សុខភាព និង​បាន​ផ្លាស់​ប្ដូរ​លិខិត​សម្គាល់​ភេទ​ជា​ផ្លូវ​ការ​នៅ​ក្រសួង​ការ​ពារ​ជាតិ។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​អាមេរិក USA Today ថា​រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​លើ​ការ​​ថែ​ទាំ​ទាហាន​កែ​ភេទ​អស់​ប្រមាណ ៨​លាន​ដុល្លារ​ក្នុង​មួយ​​ឆ្នាំ​ៗ។ ទោះ​យ៉ាង​ណា ការ​ប្រកាស​ខាង​លើ​គេ​មិន​ច្បាស់​ថា អាច​ប៉ះពាល់​ដល់​ទាហាន​កំពុង​បម្រើ​ការ ឬ​យ៉ាង​ណា​នោះ​ទេ៕

ចុចអាន៖

ប្រភព៖ USA Today   ប្រែ​សម្រួល៖ ឡេង ភារុណ