ចេះប្រើមុខងារលើ WhatsApp អស់ឬនៅ? ចាំ Sabay ប្រាប់

  • 2017-07-29 06:58:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន Sabay បាន​បង្រៀន​អ្នក​ទាំង​អស់​គ្នា​អំពី​វិធី​ប្រើប្រាស់​ Telegram ដោយឡែក​ចំពោះ​សប្ដាហ៍​នេះក្រុម​ការងារ​នឹង​បង្ហាញ​អំពី​ការ​ប្រើ​បណ្ដាញ​សង្គម WhatsApp វិញ​ម្ដង។

វិធី​បង្កើត​គណនី WhatsApp

  • ១.ទាញ​យក​កម្មវិធី WhatsApp iOS | Android

  • ២.បើក​កម្មវិធី WhatsApp ឃើញ​សារ​មួយ​សូម​ចុច Ok > ចុច Agree & Continue

  • ៣.វាយ​បញ្ចូល​លេខ​ទូរសព្ទ (រើស​យក​ Cambodia +855) > ចុច Done ៤.បំពេញ​កូដ ៦ ខ្ទង់ ដែល​ផ្ញើ​ចូល​មក​កាន់​ទូរសព្ទ​របស់​យើង (ឧទារហណ៍: 773-520)

  • ៥. បំពេញ​ឈ្មោះ​គណនី និង រូបភាព​តាំង Profile Picture > ចុច Done (ជា​ការ​ស្រេច)

ការ​ប្រើប្រាស់

WhatsApp អាច​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​ផ្ញើ​ចេញ​នូវ​សម្លេង, សារ​ជា​អក្សរ, រូបភាព/ GIF, វីដេអូ, សំណុំ​ឯកសារ, ការ Share Location និង​ការ​ Call ១ ទល់​នឹង ១ ជាមួយ​ដៃ​គូ​ម្ខាង​ទៀត។​

១. ដើម្បី​ធ្វើ​ការ​ Chat ជាមួយ​បុគ្គល​ដទៃ​បាន សូម​ធ្វើ​ការ​ចុច​ចូល​ទីតាំង​ Chat ដែល​មាន​នៅ​ផ្នែក​ខាង​ក្រោម

២. ត្រង់​ផ្នែក​ខាង​លើ ចុច​រូប​តំណាង​មាន​ខ្មៅ​ដៃ អ្នក​អាច​បង្កើត​ក្រុម​ Chat ជា Group ក៏​បាន​ឬ​រវាង​បុគ្គល​ណា​ម្នាក់​ក៏​បាន ដោយ​ជ្រើសរើស​ឈ្មោះ​នរណា​ម្នាក់​ចេញ​ពី​បញ្ជី​ Contact (ករណី​អ្នក​ប្រើ WhatsApp ដែរ ទើប​បង្ហាញ)

៣. ធ្វើ​ការ​វាយ​បញ្ចូល​តួ​អក្សរ​ផ្សេងៗ ដើម្បី​ផ្ញើ​សារ ម្យ៉ាង​ទៀត​អ្នក​ក៏​អាច​ចុច​ត្រង់​សញ្ញា​ + នៅ​ចំហៀង​ខាង​ឆ្វេង ដែល​វា​នឹង​ផ្ដល់​ជម្រើស​មុខងារ​ច្រើន​ទៀត​រួម​មាន:

  • កាមេរ៉ា: អាច​រើស​រូបភាព​ចេញ​ពី Camera Roll/Gallery ផ្ទាល់​ក៏​បាន​ឬ​អាច​ថត​ផ្ញើ​ភ្លាមៗ
  • Document: អាច​ធ្វើ​ការ​ផ្ញើ​ចេញ​នូវ​ឯកសារ​ផ្សេងៗ មិន​ថា​តែ​ចេញ​ពី Google Drive...
  • Location: អាច​ធ្វើ​ការ​ចែក​រំលែក​នូវ​ទីតាំង​ដែល​អ្នក​កំពុង​ឈរ បង្ហាញ​ទៅ​កាន់​អ្នក​ដទៃ

មុខងារ​ពិសេសៗ​របស់ WhatsApp

១.មុខងារ Last Seen:

អ្នក​អាច​ធ្វើ​ការ​កំណត់​កុំ​ឲ្យ​មិត្តភ័ក្ដិ​របស់​អ្នក​ដឹង​ថា​ពេល​ចុង​ក្រោយ​បំផុត អ្នក​ Online នៅ​ពេល​ណា។ ចុច​ចូល​ទៅ​កាន់ Settings > Account > Privacy > Last Seen រើស​យក Nobody។ បើ​ជាប់ Everyone នរណា​ក៏​ដឹង​គ្រប់​គ្នា និង My contacts មាន​តែ​អ្នក​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​ទូរសព្ទ​ទើប​ដឹង។​

២.កំណត់​ទំហំ​ប្រើប្រាស់​អ៊ីនធឺណិត:

អ្នក​អាច​ធ្វើ​ការ​គ្រប់គ្រង​បាន​នូវ​ទំហំ​អ៊ីនធឺណិត​ ចំណាយ​ច្រើន​កម្រិត​ណា​ក្នុង​ការ​ប្រើប្រាស់ WhatsApp ជៀសវាង​ការ​ Download វីដេអូ​ឬ​រូបភាព​ច្រើន​ជ្រុល ធ្វើ​ឲ្យ​អស់​លុយ​ទូរសព្ទ​លឿន។ ចូល​ទៅ​កាន់ Settings > Data Usage > រើស​នូវ​ទំហំ​កំណត់​ដែល​គិត​ថា​ល្អ​សម្រាប់​អ្នក។​

៣.កំណត់ Notification ពិសេស:

បើ​អ្នក​រង់​ចាំ​ទទួល​ការ​ឆ្លើយ​តប​ពី​គណនី​សំខាន់​ណា​មួយ អ្នក​អាច​ធ្វើ​ការ​កំណត់ Notification ពី​ពួក​គេ ដោយ​ចូល​ទៅ​ក្នុង​ប្រអប់​ Chat ជាមួយ​នរណា​ម្នាក់ ហើយ​ចុច​លើ​ឈ្មោះ​របស់​គេ នៅ​ផ្នែក​ខាង​លើ > ចុច​បើក Use Custom Notification > ធ្វើ​ការ​កំណត់​នូវ​សម្លេង​ឬ​អ្វី​ផ្សេង​ទៀត ដែល​លោត​ប្លែក​ពី​គណនី​ដទៃ។​

៤.កែច្នៃ​ស្ដាយ​ផ្ញើ​សារ:

អ្នក​អាច​ធ្វើ​ការ​កែច្នៃ​បែបបទ​នៃ​សារ​ដែល​អ្នក​ផ្ញើ​ចេញ ដោយ​ចុច​ Select ឲ្យ​ជាប់​លើ​សារ​ដែល​បម្រុង​ផ្ញើ ហើយ​ចុច​ More Options វា​នឹង​លោត​នូវ​មុខងារ​ច្រើន​ ដូច​ជា Bold (អក្សរ​ដិត), Italic (អក្សរ​ទ្រេត) ជាដើម។

៥.Mark as unread:

ពេល​ខ្លះ​រវល់​ពេក មិន​ទាន់​អាច​ផ្ញើ​សារ​ត្រឡប់​ទៅ​វិញ​ចំពោះ​គណនី​ណា​មួយ ប៉ុន្តែ​អ្នក​ជ្រុល​អាន​រួច​ហើយ ជៀសវាង​មាន​ការ​ភ្លេច​ អ្នក​អាច​ប្រើ​មុខងារ Mark as unread ដោយ​សារ​នោះ​នឹង​លោត​ចេញ​អក្សរ​ដិត មាន​ន័យ​ថា​អ្នក​មិន​ទាន់​អាន​នៅ​ឡើយ។ សម្រាប់ Android ចុច​ឲ្យ​ជាប់​លើ​សារ​របស់​គេ រី​ឯ iOS អូស​លើ​សារ​មក​ឆ្វេង ចុច​យក​ Mark as unread។​

៦.Pin Conversation:

ការ​ Pin សារ​ណា​មួយ មាន​ន័យ​ថា​សារ​នោះ​នឹង​លោត​មក​លើ​គេ​បង្អស់ ដោយ​ចង់​សម្គាល់​ថា​វា​សំខាន់​ជាង​គេ។ សម្រាប់ WhatsApp អ្នក​អាច Pin សារ​បាន​ដល់​ទៅ ៣ ឯ​ណោះ គ្រាន់​ចុច​ឲ្យ​ជាប់​លើ​សារ​នោះ ហើយ​រើស​យក Pin។

៧.Starred Messages:

រាល់​សារ​ក្នុង​ឆាត​ទំនាក់ទំនង​ណា​មួយ ដែល​គិត​ថា​សំខាន់ អ្នក​អាច​ប្រើ​មុខងារ Star ដោយ​ចុច​លើ​សារ​នោះ​ឲ្យ​ជាប់ ហើយ​រើស​យក​ Star ដើម្បី​រក្សា​ទុក។ ក្រោយៗ​មក​បើ​អ្នក​ចង់​រក គ្រាន់​តែ​ចូល​ទៅ​កាន់ Starred Message ក្នុង​ Menu នៃ WhatsApp ជា​ការ​ស្រេច។

រំឮក​ដែរ​ថា WhatsApp ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បុគ្គល ២ រួប គឺ​ Brian Acton និង Jan Koum ដែល​ពួក​គេ​ទាំង​ពីរ​ធ្លាប់​ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន Yahoo។ ចាប់ផ្ដើម​ល្បី​ខ្លាំង​ក្រោយ​ក្រុមហ៊ុន Facebook ប្រកាស​ទិញ​យក​ក្នុង​តម្លៃ​ទំហំ​សាច់​ប្រាក់ ១៩ ពាន់​លាន​ដុល្លារ នា​ថ្ងៃ​ទី ១៩ កុម្ភៈ ឆ្នាំ ២០១៤។ រហូត​មក​ទល់​បច្ចុប្បន្ន WhatsApp កំពុង​បម្រើ​អតិថិជន​អ្នក​ប្រើប្រាស់​ប្រមាណ ១ ពាន់​លាន​នាក់​ជា​រៀងរាល់​ថ្ងៃ។

យ៉ាងណាមិញ​សូម​បញ្ជាក់​​ថា​របៀបរបប​នៃ​ការ​ប្រើប្រាស់ ក៏​អាច​ផ្លាស់ប្ដូរ​ទៅ​តាម​ជំនាន់​នៃ​កម្មវិធី​ដែល​មាន​លើ​ស្មាតហ្វូន​អ្នក គ្រាន់​ថា​វា​មិន​ជា​ខុស​គ្នា​ច្រើន​ប៉ុន្មាន​ឡើយ។ បើ​ប្រិយមិត្ត​មាន​ចម្ងល់​ឬ​បញ្ហា​ត្រង់​ចំណុច​ណា​មួយ អាច​ធ្វើ​ការ Comment បាន​នៅ​ខាង​ក្រោម។​​

​​

ប្រភព៖ Independent | Wikihow   ប្រែសម្រួល៖ កៅ រក្សា