សហគមន៍​ទេសចរណ៍ធម្មជាតិ​សំបូរព្រៃ​គុកត្រូវប៉ាន់ ក្រោយចូល​ជាបេតិកភ័ណ្ឌ​ពិភពលោក

  • 2017-07-30 03:43:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគមន៍​ទេសចរណ៍​ធម្មជាតិ​មួយ​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១១ មកដល់ពេលនេះ បាន​បោះជំហាន​រឹងមាំ ហើយ​ថែមទាំង​ម្ចាស់ការ​ស្វែងរក​ប្រភព​ចំណូល ដោយ​ខ្លួនឯង​ទៀតផង ។​

​ឥឡូវនេះ​ស្របពេល ដែល​ប្រាសាទសំបូរព្រៃគុក​បាន​ចូល​ជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​កាលពីពេល​ថ្មីៗ​នេះ​ រឹតតែ​ធ្វើឱ្យ​សហគមន៍​ទេសចរណ៍​មួយ​នេះ​ត្រូវប៉ាន់​ថែមទៀត ទៅលើ​ការទទួល​ទេសចរចូល​ទិញ​របស់របរ ម្ហូបអាហារ សា្ន​ក់នៅ​កាន់តែច្រើន​ថែមទៀត ។​ ​ លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ បាន​ប្រាប់ឱ្យដឹង​នៅថ្ងៃនេះ ថា​សហគមន៍ ទេសចរណ៍ធម្មជាតិ​ធម្មជាតិ​មួយ​នេះ​ដំបូង​ឡើយ​បង្កើតឡើង​ដោយ​ក្រសួងទេសចរណ៍​តាំងពី​ឆ្នាំ ២០១១ ក្រោម​ជំនួយ​ថវិការ​ដោយ​ធនាគារ​អភិវឌ្ឍ​អាស៊ី អេ​ឌី​ប៊ី ។ ដល់​ឆ្នាំ ២០១៤ ជំនួយ​ត្រូវបាន​ផ្តាច់​ដោយសា​រតែសហគមន៍​ទេសចរណ៍​នេះ ចេះ​ដើរ​ដោយ​ខ្លួនឯងបាន​រឹងមាំ ហើយ​ឈានទៅ​ម្ចាស់ការ​ស្វែងរក​ចំណូល​ចិញ្ចឹម​ខ្លួន​ដោយ​ខ្លួនឯង ។ សហគមន៍​នេះ មាន​ក្រុម​ធ្វើ​វត្ថុ​អនុស្សាវរីយ៍ ជា​អនុផល​ព្រៃឈើ​បាន​ចំណូល ជា​មធ្យម ២០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ។

ក្រុម​ធ្វើ​ភេសជ្ជៈ​ជា​ទឹក​សណ្តែក និង​ទឹកត្នោត​លក់​ក្នុង​មួយថ្ងៃ ចំណេញ បាន​ជាង២​ម៉ឺន​រៀល ។ ភោជនីយដ្ឋាន ៤​កន្លែង​បានទទួល​ទេសចរ​ជាច្រើន សហគមន៍​ក្រុម​នេះ​បាន​ផល កំរៃ​ចូល​កាក់កប​ជាងគេ ។ ក្រុម​ផលិត​គ្រាប់ស្វាយចន្ទី ក៏​ចេះ​ធ្វើ​ជំនួយ​ខ្នាតតូច​លក់​ផលិតផល​ជូន​ភ្ញៀវទេសចរណ៍បានល្អ​ប្រសើរ ។ ចំណែក​ក្រុម​ត្បាញ​សូត្រ​ជួប​ការលំបាក​ក្នុង​ការផលិត ធ្វើឱ្យ​ក្រុម​នេះ​ដួល​ទៅវិញ តែ​ក្រុម​ត្បាញ​នេះ​បាន​ងាក​ទៅរក​ត្បាញ​ក្រមា​វិញ ។

តំបន់​ប្រាសាទព្រៃគុក​នេះ​មានផ្ទះ​ស្នាក់នៅ៩បន្ទប់ មាន​រទេះគោសំរាប់​ជូន​ទេសចរ​កំសាន្ត​តាម​ប្រាសាទ​នានា​ថែម​ទៀតផង ។ ជារួម​សហគមន៍ ទេសចរណ៍​នេះ​មាន​សមាជិក​ភាគច្រើន ជា​ស្ត្រី​ក្រីក្រ ស្រី​មេម៉ាយ ប្រមាណ​ជាង ១០០​នាក់​កំពុង​ទទួល​ប្រាក់ចំណូល​ប្រចាំថ្ងៃ លើកស្ទួយ​ការរស់នៅ​ប្រចាំថ្ងៃ ។​ ​ ​ ថ្មីៗ​នេះ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ចុះទៅ​បំពេញ​ទស្សនៈកិច្ច​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក ក្រោយពី​បាន​ចូល​ជា​បេ​តិក​ភ័​ណ្ឌ​រួចមក ។ ហើយ​បាន​ប្រាប់​ទៅដល់​សមាគមន៍​ទេសចរណ៍​នៅទីនេះ ឱ្យ​យកចិត្តទុកដាក់​បំផុត​ទៅលើ​បដិសណ្ឋារកិច្ច​ល្អ ជូន​ទេសចរ ធ្វើ​សេវាកម្ម​បំរើ ទេសចរ​ឱ្យមាន​គុណភាព ផលិតផល​លក់ដូរ ហូបចុក​ទាំងអស់​ឱ្យមាន​អនាម័យ​ស្អាត ការពារ​កាក់សំណល់​បរិស្ថាន​ឱ្យបាន​ល្អ ។ ពីព្រោះ​ទីនេះ​នឹង​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​ថ្មី​មួយ ដូច​ប្រាសាទអង្គរវត្ត និង ប្រាសាទព្រះវិហារ​អ​ញ្ជឹ​ង ។​

ទីនេះ​នឹង​មាន​កំណើន​ទេសចរ​កាន់តែច្រើន ក្រោយពី​គេ​បានដឹងថា​ប្រាសាទសំបូរ​ព្រៃ​គុក បាន​ចូល​ជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ធ្វើឱ្យ​ទេសចរ​បរទេស កាន់តែ​ចូលមក​ទស្សនា​កាន់តែច្រើន​ឡើងៗ ។ ដូច្នេះ​សហគមន៍​ទេសចរណ៍​នៅទីនេះ ក៏​ទទួលបាន​ចំណូល​កាន់តែច្រើន តាមរយៈ​នៃ​ការចូល​បេ​តិក​ភ័​ណ្ឌ ពិភពលោក នៃ​ប្រាសាទសំបូរព្រៃគុក​រប​ស់​យើង៕

ផ្ដល់សិទ្ធិ​ដោយ៖ rasmeinews