ត្រី​ឆ្លាម​ Mako ជា​ត្រី​ឆ្លាម​ហែល​លឿន​ជាង​គេ​ក្នុង​សមុទ្រ​

  • 2017-07-30 04:16:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រី​ឆ្លាម​ Mako ជា​អំបូរ​ត្រី​ឆ្លាម​ពណ៌​ស​ដែល​រស់នៅ​ក្នុង​មហាសមុទ្រ​។ អំបូរ​ត្រីឆ្លាម​នេះ​ មាន​ប្រភេទ​ Shortfin Makos និង​ Longfin Makos។ កត្តា​ដែល​ធ្វើ​អោយ​ត្រី​នេះ​លេច​ធ្លោ​ គឺ​ល្បឿន​ ដោយ​ត្រី​ឆ្លាម​ Shortfin Mako ជាប់​កំណត់ត្រា​ជា​ត្រី​ឆ្លាម​ដែល​ហែល​លឿន​ជាង​គេ​បំផុត​ ក្នុង​ចំណោម​ត្រី​ដែល​ហែល​បាន​លឿន​ដទៃ​ទៀត​ក្នុង​ពិភពលោក​។  

តើ​ត្រីឆ្លាម​ Mako អាច​ហែល​បាន​លឿន​ប៉ុណ្ណា​?

ត្រី​ឆ្លាម​ Shortfin Mako អាច​ហែល​បាន​ល្បឿន​ដល់​ទៅ​ ៧៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ហើយ​ខ្លះ​ដល់​ទៅ​ ៩៦ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ វា​មាន​រាងកាយ​ស្រលូន​រលោង​ ដែល​ធ្វើ​អោយ​វា​ហែល​បាន​លឿន​ដោយ​គ្មាន​ឧបសគ្គ​។ ស្បែក​ ឬ​ស្រកា​ ឬ​ព្រុយ ដែល​គ្រប​ដណ្តប់​លើ​ខ្លួន​ត្រី​ឆ្លាម​ Mako មាន​ទំហំ​តូច​ និង​អាច​បត់បែន​បាន​យ៉ាង​ល្អ​ កំឡុង​ពេល​ហែល​។ វា​មិន​ត្រឹម​តែ​ហែល​បាន​លឿន​នោះ​ទេ​ វា​ក៏​អាច​ផ្លាស់​ប្ដូរ​ទិស​ដៅ​កំឡុង​ពេល​ហែល​បាន​លឿន​ផង​ដែរ​ ដែល​ធ្វើ​អោយ​វា​ជា​អ្នក​ប្រមាញ់​ដ៏​សាហាវ​ក្នុង​សមុទ្រ​។

តើ​ត្រីឆ្លាម​ Mako បង្ក​គ្រោះថ្នាក់​ដែរ​ឬ​អត់​?

ត្រីឆ្លាម​ដែល​មាន​មាឌ​ធំ​ រួម​ទាំង​ Mako អាច​បង្ក​គ្រោះថ្នាក់​បាន​ ដោយសារ​វា​មាន​ធ្មេញ​វែង​មុត​ស្រួច​ និង​ល្បឿន​របស់​វា​ដែល​ធ្វើ​អោយ​កាន់​តែ​ភ័យ​ខ្លាច​។ ត្រីឆ្លាម​ Mako ធម្មតា​មិន​ហែល​នៅ​ទឹក​រាក់​ៗ​ ឬ​ឆ្នេរ​នោះ​ទេ​ ដែល​ជា​កន្លែង​ត្រី​ឆ្លាម​ប្រភេទ​ផ្សេង​ធ្លាប់​វាយប្រហារ​។ អ្នក​នេសាទ​សមុទ្រ​នៅ​ទឹកជ្រៅ​ និង​ SCUBA បាន​ជួប​ប្រទះ​ត្រី​ឆ្លាម​ Shortfin Mako ជារឿយៗ​។ តាម​ឯកសារ​ត្រីឆ្លាម​ Mako ប្រាំបី​ក្បាល​តែ​ប៉ុណ្ណោះ​ដែល​ធ្លាប់​វាយប្រហារ​ ប៉ុន្តែ​គ្មាន​អ្នក​ស្លាប់​នោះ​ទេ​។  

តើ​ត្រីឆ្លាម​ Mako មាន​រូបរាង​ម៉េច​ទៅ​?

ត្រីឆ្លាម​ Mako ជា​មធ្យម​មាន​ប្រវែង​ ៣ ម៉ែត្រ​ និង​ទម្ងន់​ ១៣៦ គីឡូក្រាម​ ប៉ុន្តែ​ត្រី​នេះ​ធំ​បំផុត​ មាន​ទម្ងន់​ដល់​ទៅ​ច្រើន​ជាង​ ៤៥៣ គីឡូក្រាម។  នៅ​ពី​ក្រោម​ខ្លួន​ Mako មាន​ពណ៌​ទឹកប្រាក់​ និង​ពណ៌​ខៀវ​ភ្លឺ​នៅ​ខាង​លើ​ខ្លួន​។ ចំណុច​ដែល​ខុស​គ្នា​រវាង​ Shortfin Mako និង​ Longfin Mako គឺ​ប្រវែង​ព្រុយ​។ ត្រីឆ្លាម​ Longfin Mako មាន​ព្រុយ​ខាងមុខ​ (ដៃ​) វែង​ ដែល​អាច​បត់បែន​បាន​រហ័ស​។ ខ្លួន​ត្រីឆ្លាម​ Mako មាន​រាង​សាជី​ និង​ស៊ីឡាំង​ ដែល​កាត់​បន្ថយ​សំពាធ​ និង​ធ្វើ​អោយ​វា​ហែល​បាន​លឿន​។ កន្ទុយ​វា​ មាន​រាង​ដូច​នឹង​ចំណិត​ព្រះចន្ទ​ ដែល​ជួយ​អោយ​ការ​ហែល​របស់​វា​មាន​លំនឹង​យ៉ាង​ល្អ​។​ ត្រីឆ្លាម​ Mako ​មាន​មាឌ​ធំ​ ភ្នែក​ពណ៌​ខ្មៅ​ និង​ រន្ធ​ស្រកី​ ប្រាំ​នៅ​សង​ខាង​ថ្ពាល់​។ ធ្មេញ​ដ៏​វែង​របស់​វា​ ធម្មតា​លាន​ចេញ​ក្រៅ​មាត់​។

តើ​ត្រីឆ្លាម​ Mako ត្រូវ​បាន​ចំណាត់​ថ្នាក់​យ៉ាង​ដូចម្តេច​?

ត្រីឆ្លាម​ Mako ជា​អំបូរ​ត្រីឆ្លាម​ mackerel ឬ​ ស​។ Mackerel មាន​មាឌ​ធំ​ ដែល​សម្គាល់​ដោយ​ ថ្គាម​ និង​រន្ធ​ស្រកី​វែង​ ព្រមទាំង​ល្បឿន​របស់​វា​។ អំបូរ​ត្រីឆ្លាម​ mackerel មាន​ប្រាំ​ រួមមាន​ Porbeagles, ត្រីឆ្លាម​ Salmon, Shortfin Makos, Longfin Makos និង​ត្រីឆ្លាម​សរ​។  

វដ្ដ​ជីវិត​ត្រីឆ្លាម​ Mako

មិន​មាន​ទិន្នន័យ​ច្រើន​អំពី​ការ​បន្ត​ពូជ​របស់​ត្រីឆ្លាម​ Longfin Mako។ ត្រីឆ្លាម​ Shortfin Mako ចំណាយ​ពេល​ច្រើន​ឆ្នាំ​ទើប​ឈាន​ដល់​វ័យ​បន្ត​ពូជ​។ ត្រីឆ្លាម​ឈ្មោល​អាច​បន្ត​ពូជ​បាន​នៅ​អាយុ​ 8 ឆ្នាំ ឬ​ច្រើន​ជាង​នេះ​ និង​ត្រីឆ្លាម​ញី​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​ក៏​ 18 ឆ្នាំ​ ដែរ​។ ក្រៅ​ពី​អត្រា​លូតលាស់​យឺត​ ហើយ​ត្រីឆ្លាម​ Shortfin Mako មាន​វដ្ដ​បន្ត​ពូជ​ដល់​  ទៅ ​3 ឆ្នាំ ដែល​ធ្វើ​អោយ​ចំនួន​ត្រីឆ្លាម​ប្រភេទ​នេះ​ងាយ​រងគ្រោះ​នឹង​ការ​ផុត​ពូជ​ ប្រសិនបើ​មាន​ការ​នេសាទ​ហួស​ប្រមាណ​។ ត្រីឆ្លាម​ Mako បង្ក​កំណើត​នៅ​ខាងក្នុង​។  ត្រីឆ្លាម​នេះ​ពពោះ​រយៈពេល​ 18 ខែ​ ដែល​មាន​កូន​ពី​ 8 ទៅ​ 10 ក្បាល ហើយ​អាច​ដល់​ទៅ​ 18 ក្បាល​។ ក្រោយ​ពេល​បង្កើត​កូន​ Mako ញី​មិន​រួម​ភេទ​រយៈពេល​ 18 ខែ​។  

តើ​ត្រីឆ្លាម Mako រស់នៅ​ឯណា​?

ត្រីឆ្លាម Mako  ធ្វើ​ដំណើរ​ដល់​ទៅ ៣ ២១៨ គីឡូម៉ែត្រ ឬ​ច្រើន​ជាង​នេះ ដែល​ភាគច្រើន​មាន​នៅ មហាសមុទ្រ​អាត្លង់ទិច ប៉ាស៊ីហ្វិក និង​ឥណ្ឌា៕

 

ប្រភព៖ Thought Co   ប្រែសម្រួល ៖ ប៊ុន ធឿន

អត្ថបទពេញនិយម
អត្ថបទថ្មី