ស្វាយ​រៀង​ឈរ​លេខ​១ ​ដាច់​៤​ពិន្ទុ​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា

  • 2017-07-31 01:58:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ក្រោយ​ពី​យក​ឈ្នះ​ក្រុម​លេខ​២ ​ក្រសួង​ការពារ​ជាតិ​ហើយ ​គឺ​ឈរ​ចំណាត់​ថ្នាក់​លេខ​១ ​ដាច់​៤​ពិន្ទុ​តែ​ម្ដង​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​។

ការ​ប្រកួត​សប្ដាហ៍​ទី​១៤​កន្លង​ទៅ ​ពិត​ជា​ស្វិតស្វាញ​ខ្លាំង​មែនទែន​សម្រាប់​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​និង​ក្រសួង​ការពារ​ជាតិ ​នៅ​កីឡដ្ឋាន​ស្វាយ​រៀង។ យ៉ាងណាមិញ ​លទ្ធផល​បញ្ចប់​ទៅ​ ៣-២ ​បាន​ធ្វើ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​បន្ដ​ឈរ​នៅ​កំពូល​តារាង ​ដោយ​ដាច់​ក្រុម​ក្រសួង​ការពារ​ជាតិ​ដល់​ទៅ​៤​ពិន្ទុ​ឯ​ណោះ។

មួយ​វិញ​ទៀត ​ក្រុម​ភ្នំពេញ​ក្រោន​ក្រោយ​ពី​យក​ឈ្នះ​លើ​អគ្គីសនី​កម្ពុជា ៦-៣ ​ហើយ​នោះ ​បាន​ហក់​ឡើង​ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣ ​មាន​ពិន្ទុ​២៧​ពិន្ទុ​ដូច​គ្នា​ជាមួយ​ក្រុម​ក្រសួង​ការពារ​ជាតិ។ ខណៈ​ដែល​ណាហ្គាវើល​វិញ ​ក្រោយ​ពី​ស្មើ​ជាមួយ​បឹង​កេត​នៅ​ចុង​ម៉ោង​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​គឺ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤ ​មាន​២៦​ពិន្ទុ ​តាម​ពី​ក្រោយ​ដោយ​បឹង​កេត​ឈរ​លេខ​៥ ​មាន​២៤​ពិន្ទុ។

ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​សប្ដាហ៍​ទី​១៤​នេះ​ទៅ ​លីគ​កំពូល​កម្ពុជា​នឹង​ត្រូវ​សម្រាក​១​ខែ​ទៀត ​ដើម្បី​ឱ្យ​ក្រុម​កីឡាករ​ដែល​ជាប់​ជម្រើស​ជាតិ​ក្រោម​អាយុ​២២​ឆ្នាំ ​ត្រូវ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី៕

ចំណាត់ថ្នាក់លីគកំពូលកម្ពុជា៖

  • ១ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​មាន​៣១​ពិន្ទុ
  • ២ ក្រសួង​ការពារ​ជាតិ ​មាន​២៧​ពិន្ទុ
  • ៣ ភ្នំពេញ​ក្រោន ​មាន​២៧​ពិន្ទុ
  • ៤ ណាហ្គាវើល ​មាន​២៦​ពិន្ទុ
  • ៥ បឹង​កេត ​មាន​២៤​ពិន្ទុ ​
  • ៦ Cambodian Tiger ​មាន​២២​ពិន្ទុ​
  • ៧ ប៉ូលិស ​មាន​១៧​ពិន្ទុ
  • ៨ វេស្ទើន ​មាន​១៦​ពិន្ទុ
  • ៩ អាស៊ីអឺរ៉ុប ​មាន​១៤​ពិន្ទុ
  • ១០ អគ្គីសនី​កម្ពុជា ​មាន​១៣​ពិន្ទុ
  • ១១ ស៊ីម៉ាក់ ​មាន​១១​ពិន្ទុ
  • ១២ គិរី​វង់​សុខ​សែន​ជ័យ ​មាន​២​ពិន្ទុ

អត្ថបទ៖ មុន្នីរម្យ