សិស្ស​ឆ្នើម​និទ្ទេស A ប្រាប់​ពី​គន្លឹះ​​ទាញ​ពិន្ទុ​បាក់​ឌុប ១៥​នាទី​ចុង​ក្រោយ

  • 2017-08-01 06:32:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ន ឌីដាណាក់ សិស្ស​ឆ្នើម​ប្រឡង​បាក់ឌុប​ជាប់​និទ្ទេស A កាល​ពី​ឆ្នាំ​២០១៥ បាន​ប្រាប់​ថា ១៥​នាទី​ចុង​ក្រោយ​គឺ​ជា​ពេល​វេលា​ដើម្បី​ផ្ទៀងផ្ទាត់​មើល​ចម្លើយ​សារ​ឡើង​វិញ ត្រួត​ពិនិត្យ​ឈ្មោះ លេខ​តុ​ លេខ​បន្ទប់​ ចំពោះ​បេក្ខជន​ដែល​បាន​ធ្វើ​វិញ្ញាសា​រួច​រាល់​ មុន​នាទី​ចុង​ក្រោយ​មក​ដល់។ ដាណាក់​ប្រាប់​ថា ជាទូទៅ​វិញ្ញាសា សម្រាប់​បេក្ខជន​ធ្វើ​មិន​អាច​ច្រើន​លើស​ពី​ពេល​វេលា ដែល​ក្រសួង​បាន​កំណត់​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​ធ្វើ​មិន​ហើយ​មុន ១៥​នាទី​ចុង​ក្រោយ​ត្រូវ​មាន​គន្លឹះ ដើម្បី​ទទួល​បាន​ពិន្ទុ។

អ៊ន ឌីដាណាក់

សិស្ស​ឆ្នើម​មក​ខេត្ត​បាត់ដំបង​រូប​នេះ បាន​ប្រាប់​ថា ករណី​សល់​១៥​នាទី​​ធ្វើ​លំហាត់​មិន​ទាន់​ហើយ គួរ​តែ​ព្យាយាម​បញ្ចប់​លំហាត់​នោះ ដោយ​គ្រាន់​តែ​អាន​សំណួរ​ឱ្យ​យល់​ និង​សរសេរ​រូបមន្ត ឬ​ក៏​គ្រាន់​តែ​ជួស​លេខតាមសម្មតិកម្ម មិន​បាច់​គណនា​នោះ​ទេ។ ចំណុច​នេះ​បេក្ខជន​អាច​ប្រាប់​គ្រូ​ថា ខ្លួន​ចេះ​ធ្វើ​លំហាត់​នោះ ដោយ​ដោះស្រាយ​តាម​របៀប​ណា? មាន​រូបមន្ត​បែប​ណា? រូបមន្ត​នោះ​ស្មើ​នឹង​អ្វី? ប៉ុន្តែ​​គ្រាន់​តែ​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​គណនា​ប៉ុណ្ណោះ។

ឌីដាណាក់ បន្ត​ទៀត​ថា ១៥​នាទី​ចុង​ក្រោយ ប្រសិន​បើ​នៅ​លំហាត់​មួយ​ធំ​មិន​គួរ​ព្យាយាម​ធ្វើ​ទាំង​ស្រុង​នោះ​ទេ ដោយ​ហេតុ​ថា មិន​អាច​ធ្វើ​ហើយ​ចប់​ចុង​ចប់​ដើម នៅ​ខ្វះ​ចន្លោះ​ច្រើន។ ករណី​នេះ​បេក្ខជន​អាច​សរសេរ​រូបមន្ត​ខុស គណនា​មិន​បាន​ត្រឹមត្រូវ ឬ​មិន​បាន​បញ្ចប់​ចម្លើយ​នោះ​ទេ។ ដូច្នេះ​បេក្ខជន​មិន​អាច​ទទួល​បាន​ពិន្ទុ​ឡើយ។ ប៉ុន្តែ​បើ​ធ្វើ​តាម​វិធី​សាស្រ្ត​ខាង​លើ​បេក្ខជន​អាច​ទទួល​បាន​ពិន្ទុ​ខ្លះ។

ចំណុច​សំខាន់​មួយ​ទៀត​ ពី​សិស្ស​ឆ្នើម​លំដាប់​ពិន្ទុ ៩៩.៩២៨ ក្នុង​ការ​ការ​គ្រប់គ្រង​ពេល​វេលា​ឱ្យ​បាន​ល្អ គឺ​ការ​លៃ​ពេល​វេលា​ឱ្យ​បាន​ត្រឹមត្រូវ​ ចំពោះ​មុខ​វិជ្ជា​ដែល​មានលំហាត់ដូចជា គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា គណិត​វិទ្យា។ ដាណាក់​​ប្រាប់​ថា ត្រូវ​មើល​ឱ្យ​គ្រប់​លំហាត់​សិន បើ​លំហាត់​ណា​ស្រួល​អាច​ធ្វើ​លឿន​គួរ​យក​មក​ធ្វើ​មុន។ ចំណែក​ឯ​លំហាត់​ណា​លំបាក​អាច​យក​មក​គិត​ក្រោយ ដើម្បី​កុំ​ឱ្យ​ខាត​ពេល។ ដូចគ្នា​នឹង​វិញ្ញាសា​សរសេរ​ដែរ ត្រូវ​មើល​ឱ្យ​បាន​គ្រប់​សំណួរ​ជាមុន ត្រូវ​ធ្វើ​សំណួរ​ណា​ខ្លី​ងាយ​ស្រួល​មុន​គេ មិន​ចាំ​បាច់​តាម​លំដាប់​លំដោយ​នោះ​ទេ៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ