តិក​និក​និយាយ​ភាសា​អង់គ្លេស​ឲ្យ​បាន​ល្អ​ក្នុង​រយៈ​ពេល​ខ្លី​

  • 2017-08-02 07:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្រូវ​ការ​ភាសា​អង់គ្លេស​នៅ​កម្ពុជា​ ​កំពុង​ត្រូវ​ប៉ាន់​តាម​ស្ថាប័ន​ ​ក្រុមហ៊ុន​ឯកជន ​និង​អង្គ​ការ​នានា​។ យ៉ាង​ណា​មិញ​ថ្ងៃ​នេះ​ ​Sabay​ ​សូម​ចូល​រួម​ចែក​រំលែក​ដល់​ប្រិយមិត្ត​អ្នក​អាន​ ​អំពីវិ​ធី​សាស្ត្រ​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​ ​និង​មាន​ប្រសិទ្ធភាពក្នុងរយៈពេលខ្លី​ ​តាម​រយៈ​កញ្ញា​ ​ឈី​ ​សុខទីន​ផល្លីន​ ​ដែល​ជា​អតីត​និស្សិត​វិទ្យាស្ថាន​ភាសា​បរទស​ (IFL) ​ដោយ​កញ្ញា​បាន​ចូលរួម​ផ្ដល់​ជា​បទ​ពិសោធន៍​ក្នុង​ការ​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​។

ជំហាន​ទី១​. ​ទំនុក​ចិត្ត​

​ដំបូង​លោក​អ្នក​ត្រូវ​តែ​បង្កើត​ទំនុក​ចិត្ត​ឲ្យ​ខ្លួន​ឯង​ជាមុន​ ​ជម្រះ​ភាព​ភ័យ​ខ្លាច​ ​និង​ព្យាយាម​ ​ទន្ទេញ​ពាក្យ​ឲ្យ​បាន​ច្រើន​ ជា​ពិសេស​ពេល​នៅ​ម្នាក់ឯង​ ត្រូវ​ហ៊ាន​និយាយ​ចេញ​មក​ឲ្យ​ខ្លាំងៗ​។

​ជំហានទី២​. កុំ​គិត​វេយ្យាករណ៍​

​ដំណាក់​កាល​នេះ​ ​ត្រូវ​ផ្ដោត​សំខាន់​លើ​ការ​និយាយ​ដោយ​រលូន​ ​Fluency​ ​ពោល​គឺ​អ្នក​ចេះ​តែ​និយាយ​អ្វី​ដែល​អ្នក​ចង់​និយាយ​សិន​ទៅ​ ​មិន​ថា​ខុស​ ​ឬ​ត្រូវ​វេយ្យាករណ៍​ក៏ដោយ​ ​ក៏​កុំ​ខ្វល់​ ​ត្រូវ​ព្យាយាម​ពាក្យ​ទាំង​នោះ​ឲ្យ​ចេញ​មក​ក្រៅ​តែ​ឯង​ ឬ​និយាយ​ជាមួយ​គ្រូ​ក៏​បាន​។

​ជំហានទី៣​. ចំណាំ​ពាក្យ​មិន​ច្បាស់​

​បន្ទាប់​ពីហ្វឹក​ហាត់​និយាយ​ភាសា​អង់គ្លេស​បាន​រលូន​ហើយ​ ​អ្នក​ត្រូវ​កត់​ចំណាំ​ពាក្យ​ដែល​មិន​សូវ​ចេះ​បញ្ចេញ​សម្លេង​ (Pronunciation) ហើយ​យក​មក​ស្រាវ​ជ្រាវ​ ឬសាក​សួរ​គ្រូ​បន្ថែម​ ក្រោយ​មក​ត្រូវ​ទន្ទេញ​ ឬ​ប្រើ​វា​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​បាន​។

ជំហានទី៤​. ​បត់​បែន​តាម​វេយ្យាករណ៍​

​នៅ​ពេល​ដែល​អ្នក​និយាយ​បាន​ល្អ​ ​និង​លែង​ភ័យ​ហើយ​ ​ការ​និយាយ​ឲ្យ​មាន​ស្តង់ដារ​ ជា​រឿង​ចាំបាច់​ផង​ដែរ​ ​សម្រាប់​ការ​ថ្លែង​សន្ទរ​កថា​លើ​វេទិកា​ណា​មួយ​។ ​ហេតុ​នេះ ​លោក​អ្នក​ត្រូវ​រៀប​ចំ​ការ​និយាយ​ឲ្យ​ត្រូវ​បាន​វេយ្យាករណ៍​ និង​ងាយ​ស្ដាប់​បាន​។

ជំហាន​ទី​៥​. ​និយាយ​ឲ្យ​មាន​ន័យ​

ចំណុច​ចុង​ក្រោយ​ ​ជា​ការ​បន្ថែម​របស់​ប្អូន​ស្រី​ ​ផល្លីន​ ​ដែល​កញ្ញា​បាន​លើក​ឡើង​ថា​ « ចំណុច​នេះ​សំខាន់​ណាស់​ ​ព្រោះថា​ ​ការ​និយាយ​ជា​ហូរ​ហែរ​ ​ទោះ​បី​និយាយ​បាន​ល្អ​យ៉ាង​ណា ​តែ​អ្នក​ស្ដាប់ ​ឬអ្នក​សន្ទនា​ជា​មួយ​យើង​គេ​ចាប់​សម្ដី​យើង​មិន​បាន​ ​វា​ប្រៀប​ដូច​ជា​ការ​និយាយ​គ្មាន​ន័យ​»។ ​ដូច្នេះ​ លោក​អ្នក​ត្រូវ​រៀន​និយាយ​ឲ្យ​មាន​អត្ថន័យ​ និង​ចំៗ​ចំណុច​។ ​កញ្ញា​បញ្ជាក់​បន្ថែម​។

សូមទស្សនា សមត្ថភាពនិយាយភាសារបស់ប្អូនស្រី ​ឈី​ ​សុខទីន​ផល្លីន​

អត្ថបទ៖ ស៊ិន សាវ៉េត