ក្រសួងពាណិជ្ជកម្ម​ប្រកាស​ប្រមូល​ទិញ​អង្ករ ដើម្បី​លក់​ឲ្យ​បង់ក្លាដែ​ស បន្ទាន់​

  • 2017-08-03 00:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​ពាណិជ្ជកម្ម កំពុង​ត្រៀម​កោះ​ហៅ​ក្រុមហ៊ុន​អង្ករ​នៅ​កម្ពុជា ដើម្បី​ប្រមូល​ទិញ តាម​រយៈ​ចុះ​កិច្ចព្រមព្រៀ​ង​ជាមួយ​សហ​ព័​ន្ធ​ស្រូវ​អង្ករ (CRF) ក្រោយ​បញ្ចប់​កិច្ចការ​ចុះ​អនុស្សរណៈ​ជាមួយ​ប្រទេស​បង់​ក្លា​ដែ​ស​ភ្លាមៗ លើ​ការ​ទិញ​អង្ករ​ចំ​នួន ១​លាន​តោន រយៈពេល ៥​ឆ្នាំ នៅ​ថ្ងៃទី ០២ សីហា ម្សិល​មិញ​នេះ​។

​ឯកឧត្តម ប៉ាន សូរ​សក្ដិ រដ្ឋ​ម​ន្ត្រី​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ប្រាប់​អ្នកកាសែត​ថា​៖ « ក្រោយពី​ចុះ​អនុស្សរណៈ​ជាមួយ​រដ្ឋ​ម​ន្ត្រី​ក្រសួង​ស្បៀងអាហារ​នៃ​ប្រទេស​បង់​ក្លា​ដែ​ស​នេះ​រួច យើង​នឹង​បន្ត​កិច្ចការ​ចុះ MOU ជាមួយ​វិស័យ​ឯក​ជន​ក្នុងស្រុក ដើម្បី​ប្រមូល​ទិញ​អង្ករ​យកទៅលក់​ឲ្យ​បង់​ក្លា​ដែ​ស​»​។ លោក​បន្ថែមថា ការ​ប្រមូល​ទិញ​នេះ នឹង​ធ្វើ​តាម​រយៈ ការដឹកនាំ​របស់​ហ្គ្រី​ន​ត្រេ​ដ និង​សហ​ព័ន្ធ​ស្រូវអង្ករ​កម្ពុជា​។​

​ ​ទ្វេរ​ភាគី​បាន​ចុះ​អនុស្សរណៈ​ស្ដីពី​ការ​ទិ​ញ​/​លក់​អង្ករ ចាប់ពី​ឆ្នាំ ២០១៧ ដល់ ឆ្នាំ ២០២២ ដែល​ភាគី​កម្ពុជា​ត្រូវ​ប្រមូល​ទិញ​អង្ករ​សរុប​ចំ​នួន ១​លាន​តោន ក្នុង​នោះ កម្ពុជា​ត្រូវ​លក់​ឲ្យ​បង់ក្លា​ដែ​ស​ចំ​នួន ២៥ ម៉ឺន​តោន ១​ឆ្នាំ ដោយ ២០​ម៉ឺន​តោន ជា​អង្ករ​ស និង​៥​ម៉ឺន​តោន​ជា​អង្ករ​ចំហុយ។ ចំពោះ​តម្លៃ​នឹង​លក់​ក្នុង​តម្លៃ​ទីផ្សារ​។ ដោយឡែក​កម្ពុជា នឹង​ចាប់ផ្ដើម​នាំចេញ​អង្ករ​ទៅ​បង់​ក្លា​ដែស​នៅ​អំ​ឡុង​ខែតុលា ឆ្នាំ ២០១៧ ខាងមុខ​នេះ​។

យ៉ាងណា​មិញ ក៏​សូម​ជ​ម្រាប​បន្ថែមដែ​រថា មូលហេតុ​នៃ​ការ​កម្មង់​ទិញ​ពី​ប្រទេស​បង់​ក្លា​ដែ​ស​ជាបន្ទាន់​នេះ ដោយសារ​ប្រទេស​នេះ​​​បាន​ជួប​គ្រោះទឹកជំនន់​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផល​ដំ​ណាំ ខណៈ​បង់​ក្លា​ដែស មាន​ការផលិត​អង្ករ​ក្នុង​១​ឆ្នាំ ប្រមាណ ៣៥​លាន​តោន​។ ត្បិត​បែប​នេះ រដ្ឋ​ម​ន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញ​សុ​ទិដ្ឋិ​និយម​ថា​នេះ ជា​ការបើក​ទំព័រ​ថ្មី​មួយ​ទៀ​ត​សម្រាប់​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ហើយ​លោក​រំពឹងថា​តម្លៃ​ស្រូវ ឆ្នាំ​នេះ​នឹង​ប្រសើរ​ឡើងផង​ដែរ​។​

​គួរ​រំឮក​ដែរ​ថា​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ក្រៅប្រទេស​នៅ​ឆ្នាំ ២០១៦ មាន​ចំនួន ៥៤២ ១៤៤​តោន កើនឡើង ០,៧% បើ​ធៀប​ឆ្នាំ ២០១៥ មាន​ត្រឹម ៥៣៨ ៣៩៦ តោន​។ សម្រាប់​ឆមាស​ដំបូង​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំចេញ ចម​ណូន ៣០ ៩២៥ តោន​។ នេះ​តាម របាយការណ៍​នៃ​ក្រសួង​ពាណិជ្ជកម្ម៕ ​

អត្ថបទ៖ ស៊ិន សាវ៉េត