សិស្ស​ថ្នាក់ទី១២ សម្រុក​ទៅ​រៀន​គួរ​ត្រៀមបាក់ឌុបនៅជ័យថាវី​​​​ រាប់​ពាន់​នាក់

  • 2017-08-03 07:15:46
  • ចំនួនមតិ

ចន្លោះមិនឃើញ

ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​​ឆ្នាំ​២០១៧ នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា​នេះ​ហើយ។ ក្រឡេក​មក​មើល​សាលា​បង្រៀន​គួរ​ជ័យ​ថាវី ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ មាន​សិស្ស​ថ្នាក់​ទី​១២​រាប់​ពាន់​នាក់​សម្រុក​ទៅ​រៀន​គួរ​ភ្លូក​ទឹក​ភ្លូក​ដី។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ មាន​សិស្ស​មក​ពី​តាម​បណ្ដា​ខេត្ត​នានា​ជា​ច្រើន​ មក​ស្នាក់​នៅ​ផ្ទះ​បងប្អូន​ ដើម្បី​បាន​រៀន​គួរ​សាលា​មួយ​នេះ។

មក​ជួប​ជាមួយ​យុវជន ថៃ ប៊ុន​រ៉ុង មក​ពី​ខេត្ត​កំពង់​ស្ពឺ​បាន​ប្រាប់​ថា ខ្លួន​បាន​ស្កាត់​មក​រៀន​​គួរ​ដល់​សាលា​ជ័យ​ថាវី​នេះ បន្ទាប់​ពី​ប្រឡង​ឆមាស​លើក​ទី​២​ចប់ ដើម្បី​ត្រៀម​ប្រឡង​បាក់ឌុប​ដូចជា​គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា​ជាដើម។ យុវជន​រូប​នេះ​ប្រាប់​ថា ដើម្បី​បាន​រៀន​គួរ​រូប​គេ​ត្រូវ​មក​ស្នាក់​នៅ​ជាមួយ​បងប្អូន​មួយ​រយៈ ដោយ​ឪពុក​ម្ដាយ​ផ្ញើ​លុយ ផ្ញើ​អង្ករ​មក​ពី​ស្រុក លុះ​ជិត​ដល់​ថ្ងៃ​ប្រឡង​បាក់ឌុប​ទើប​ត្រឡប់​ទៅ​វិញ។ ប៊ុន​រ៉ុង ប្រាប់​ថា មូល​ហេតុ​ដែល​ខំ​ស្កាត់​តាំង​ពី​ខេត្ត​មក​ភ្នំពេញ​នេះ ព្រោះ​ល្បី​ថា​មាន​គ្រូ​បង្រៀន​ល្អៗ មាន​កំណែ​វិញ្ញាសា​ពិសេសៗ អាច​ជា​ជំនួយ​ដល់​ការ​ប្រឡង​របស់​ខ្លួន​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ។

ដោយ​ឡែក យុវតី ហ៊ុយ ចាន់​ណា ​មក​​តាំង​ពី​ខេត្ត​ពោធិ៍សាត់ បាន​ប្រាប់​ថា ពេល​ចូល​ដល់​ថ្នាក់​ទី​១២​នេះ ខ្លួន​បាន​សម្រេច​ចិត្ត​ប្ដូរ​មក​សិក្សា​នៅ​រាជធានី​ភ្នំពេញ​តែ​ម្ដង ដោយ​ស្នាក់​នៅ​ជាមួយ​សាច់​ញាតិ។ ចាន់​ណា​ប្រាប់​ថា តាំង​ពី​ដើម​ឆ្នាំ​មក​សិស្ស​សម្រុក​ទៅ​រៀន​គួរ​ស្ទើរ​រក​កន្លែង​អង្គុយ​គ្មាន មិន​មែន​ទើប​តែ​ជិត​ប្រឡង​នោះ​ទេ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​សិស្ស​បុក​មក​ខ្លាំង​លើស​ពី​ធម្មតា សឹង​តែ​គ្មាន​កន្លែង​ផ្ញើ​ម៉ូតូ​ទេ។ យ៉ាង​ណា​ក្ដី​យុវតី​រូប​នេះ ប្រាប់​ថា​មិន​ពឹង​លើ​ការ​រៀន​គួរ​នេះ​ទាំង​ស្រុង​នោះ​ឡើយ គ្រាន់​តែ​ការ​ជំនួយ​ស្មារតី​ប៉ុណ្ណោះ សំខាន់​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​ជាមួយ​លោកគ្រូ​អ្នក​គ្រូ​នៅ​សាលា​ឯ​ណោះ​ទេ។

ទន្ទឹម​នឹង​នេះ​ដែរ លោក​គ្រូ​បង្រៀន​គួរ​ គណិតវិទ្យា​​មួយ​រូប ប្រាប់​ Sabay ថា​ មូល​ហេតុ​ដែល​សិស្ស​នាំ​គ្នា​សម្រុក​មក​រៀន​ភ្លូក​ទឹក​ភ្លូក​ដី​បែប​នេះ ព្រោះ​អ្នក​ដែល​ធ្លាប់​រៀន​ឆ្នាំ​មុន​ៗ​តែង​ទទួល​បាន​ជោគជ័យ​ពេល​ប្រឡង​បាក់​ឌុប។ ជា​ពិសេស​រយៈ​ពេល​២​ខែ គិត​ចាប់​ពី​ខែ​មិថុនា​មក​សិស្ស​កើន​ឡើង​ខ្លាំង​ជាង​ដើម​ឆ្នាំ។ គ្រូ​បង្រៀន​រូប​នេះ ប្រាប់​ថា គ្រប់​មុខ​វិជ្ជា​ទាំង​អស់ លោកគ្រូ​អ្នក​គ្រូ បាន​សម្រិតសម្រាំង​យ៉ាង​ពិសេស​ យក​មក​បង្រៀន​ដល់​សិស្ស ហើយ​ភាគ​ច្រើន​សុទ្ធ​តែ​អាច​ចេញ​ពេល​ប្រឡង។ ដោយសារ​កត្តា​ទាំង​អស់​នេះ​ហើយ​ទើប​សិស្ស​ជា​ច្រើន​ពាន់​នាក់​សម្រុក​មក​រៀន​ជា​រៀង​រាល់​ឆ្នាំ៕

ចុចអានអត្ថបទពាក់ព័ន្ធ៖


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ