មីស៊ីលកូរ៉េខាងជើង បាញ់ទៅជិតយន្តហោះបារាំង ដឹកអ្នកដំណើរជាង ៣០០នាក់

  • 2017-08-04 03:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • យន្តហោះបានហោះឆ្លងកាត់ទីតាំងគ្រាប់មីស៊ីលធ្លាក់ មុនពេលគ្រាប់មីស៊ីលទៅដល់ប្រហែល ១០ នាទី
  • យន្ដហោះមិនមានគ្រោះថ្នាក់នោះទេ ប៉ុន្តែនឹងបន្ថែមការប្រុងប្រយ័ត្ន
  • គ្រាប់មីស៊ីលបានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន

យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង Air France ដឹក​អ្នក​ដំណើរ​ជាង ៣៣០ នាក់ បាន​ចូល​ទៅ​ជិត​មីស៊ីល​ឆ្លង​ទ្វីប ដែល​បាញ់​ដោយ​កូរ៉េខាងជើង ចម្ងាយ​ប្រហែល ១០០ គីឡូម៉ែត្រ​ប៉ុណ្ណោះ។

យន្តហោះ​ប្រភេទ Boeing 777 ខាងលើ បាន​ហោះ​ឆ្លង​កាត់​ទីតាំង​គ្រាប់​មីស៊ីល​ធ្លាក់ មុន​ពេល​គ្រាប់​មីស៊ីល​ទៅ​ដល់​ប្រហែល ១០ នាទី​ប៉ុណ្ណោះ។

ទោះ​បី​ជា​យ៉ាង​ណា ក្រុមហ៊ុន​អាកាសចរណ៍ Air France និយាយ​ថា យន្តហោះ​របស់​ខ្លួន​មិន​មាន​គ្រោះថ្នាក់​នោះ​ទេ ប៉ុន្តែ​នឹង​បន្ថែម​ការ​ប្រុងប្រយ័ត្ន ដោយសារតែ​ខ្លួន​កំពុង​ពង្រីក​តំបន់​ហោះហើរ នៅ​ជុំវិញ​ប្រទេស​កូរ៉េខាងជើង។

ចំណែក​ឯ​មន្ទីរ​បញ្ចកោណ​អាមេរិក និយាយ​ថា គ្រាប់​មីស៊ីល​នោះ បាន​ហោះ​ឆ្លង​កាត់​លំហអាកាស ដែល​មាន​យន្តហោះ​ធ្វើ​ដំណើរ​ញឹកញាប់។ ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​អាមេរិក ធ្លាប់​បាន​ព្រមាន​ជា​ញឹកញយ​រួច​មក​ហើយ អំពី​គ្រោះថ្នាក់​ដែល​អាច​បង្ក​ឡើង​ដោយ​គ្រាប់​មីស៊ីល​កូរ៉េខាងជើង ទៅ​លើ​យន្តហោះ​ពាណិជ្ជកម្ម (ដឹក​អ្នក​ដំណើរ) នៅ​ក្នុង​តំបន់​នោះ។

យ៉ាងណាមិញ ជប៉ុន និង សហរដ្ឋអាមេរិក បាន​ប៉ាន់ប្រមាណ​ថា គ្រាប់​មីស៊ីល​បាន​ធ្លាក់​ចុះ​ចម្ងាយ ១០០ ទៅ ១៥០ គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​យន្តហោះ​បារាំង​នោះ។

លោក Jeff Davis អ្នកនាំពាក្យ​មន្ទីរ​បញ្ចកោណ បាន​ប្រាប់​ឲ្យ​ដឹង​ថា «វា (មីស៊ីល) បាន​ហោះ​ទៅ​លើ​អាកាស និង​ធ្លាក់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​របស់​ជប៉ុន ដែល​មាន​នាវា​នេសាទ និង​នាវា​ពាណិជ្ជកម្ម​ផ្សេងៗ»៕

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង