ក្តៅៗ! អស់​ពី​ឃាត់​លែង​ស្ដាប់​ ​UN​ ​ចេញ​បម្រាម​ថ្មី​ ​បំណង​ចង់​បង្អត់​បាយ​ ​កូរ៉េខាងជើង

  • 2017-08-06 04:21:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រ​ជា​ជាតិ​ ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​នៅ​មុន​នេះ​បន្តិច​ ​ដែល​នឹង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​ម្ដង​​ទៀត​ជុំវិញ​កម្ម​វិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ ​ដែល​ហាម​មិន​ឲ្យ​មាន​សកម្មភាព​នាំ​ចេញ​ ​នាំ​ចូល​ជាមួយ​ប្រទេស​ឯកោ​នេះ​ ​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ ​១ ០០០​ ​លាន​ដុល្លារ។

ការ​សម្រេច​ចិត្ត​ខាង​លើ​ធ្វើឡើង​បន្ទាប់​ពី​ប្រ​ទេស​ផ្ដាច់​ការ​នៅ​ឧបទ្វីប​កូរ៉េ​នេះ​ ​ជោគជ័យ​ក្នុង​ការ​ ​សាក​ល្បង​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ​អន្តរ​ទ្វីប​ ​(ICBM)​ ​នា​ពេល​ថ្មីៗនេះ​ ​ដែល​បាន​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​ ​ស្នើ​ទៅ​​អង្គការ​សហ​ប្រជា​ជាតិ​រៀបចំ​កិច្ចប្រជុំ​មួយ​បន្ទាន់​មួយ។

ទណ្ឌកម្ម​នេះ​ហាមឃាត់​ការនាំចេញ​របស់​ប្រទេស​កូរ៉េខាងជើង​រួមមាន​ ​៖​ ​ធ្យូងថ្ម​ ​ដែក​រ៉ែ​ ​និង​អាហារ​សមុទ្រ​ ​ជា​ទំហំ​នាំចេញ​​ដ៏​ធំ​របស់​ប្រទេស​ក្រីក្រ​មួយ​​នេះ​ ​ដែល​គ្របដណ្ដប់​ ​១​ ​ភាគ​ ​៣​ ​នៃ​ការនាំចេញ​សរុប​ប្រមាណ​ ​៣ ០០០​ ​លាន​ដុល្លារ​ក្នុង​ ​១​ ​ឆ្នាំៗ។ មួយទៀត​ ​ទណ្ឌកម្ម​នេះ​ ​ហាម​ឃាត់​មិន​ឲ្យ​ប្រទេស​នានា​បន្ត​ទទួល​កម្មករ​កូរ៉េខាងជើង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ ​ឬ​លែង​ឲ្យ​មាន​ការ​រកស៊ី​បណ្ដាក់​ទុន​ជាមួយ​ប្រទេស​ឯកោ​នេះ​តទៅ​ទៀត។

សូម្បី​តែ​ចិន​ ​ដែល​ជា​សម្ព័ន្ធ​មិត្ត​ល្អូកល្អឺន​នឹង​ ​គីម ជុងអ៊ុន​ ​ក៏​​គាំទ្រ​សំណើ​នេះ​ដែរ។ លោក​ ​Liu Jieyi ​ ​ជា​ ​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​អង្គ​ការ​សហ​ប្រជាជាតិ​ ​បាន​និយាយ​ថា​ ​ដំណោះ​ស្រាយ​នេះ​ ​"មិន​មាន​បំណង​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ដល់​ប្រជាជន​កូរ៉េ​ខាង​ជើង​ទេ​ ​ហើយ​គ្រាន់​តែ​ចង់​អំពាវ​នាវ​ឲ្យ​មាន​ការ​វិល​ត្រឡប់​ទៅ​កាន់​តុ​ចរចា​ ​ស្ដីពី​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ប៉ុណ្ណោះ"៕

ប្រភព៖ Aljazeera   ប្រែសម្រួល​ ​៖​ ​សុខ លាងហ៊ត