គីម ហ៊ាង៖ ប្រាក់​ខែ​ត្រឹម ៣០០ឬ​៤០០​ដុល្លារ​មិន​ងាយ​មាន​ទេ តែ​បើ​ផ្នែក​នេះ​ត្រូវ​មួយ​ក្ឌាំង​មាន

  • 2017-08-06 07:21:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ គីម ហ៊ាង ​​ប្រធាន​សមាគម​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា  បាន​លើក​ឡើង​នៅក្នុងសិក្ខាសាលាស្ដីពីភាពជោគជ័យ របស់ភ្នាក់ងារអចលនទ្រព្យថា យុវជន​ជា​រួម​ប្រាក់​ខែ​ត្រឹម ៣០០ ឬ​៤០០​ដុល្លារ​ ហើយ​ក្នុង​មួយ​ឆ្នាំ​អាច​រក​លុយ​បាន​តែ ៣០០០​ ឬ​៤០០០​ដុល្លារ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រសិន​បើ​ធ្វើ​ជា​ភ្នាក់​ងារ​​លក់​អចលនទ្រព្យ​ផ្នែក​ដី​ធ្លី​ត្រូវ​មួយ​ក្ឌាំង អាច​ធ្វើ​ជា​អ្នក​មាន​តែ​ម្ដង។

លោក​ គីម ហ៊ាង​ លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​មាន​យុវជន​ជា​ច្រើន​ ចាប់​ផ្ដើម​ងាក​មក​ចាប់​អារម្មណ៍​ខ្លាំង​លើ​ផ្នែក​ដី​ធ្លី។ ក្នុង​នោះ​លោក​បាន​លើក​ឡើង​ថា បើ​លក់​ផ្ទះ​មួយ​តម្លៃ​២០​ម៉ឺន​ដុល្លារ​ ដូច្នេះ​ប្រាក់​កម្រៃ​ជើង​សារ​គឺ​ ៦០០០​ពាន់​ដុល្លារ។ ដូច្នេះ​យុវជន​ធ្វើ​ការ​ប្រាក់​ខែ ៣០០ ឬ​៤០០​ដុល្លារ ក្នុង​១​ឆ្នាំ​បាន​ត្រឹម​តែ ៣០០០​ឬ​៤០០០​ដុល្លារ​ទេ។ តែ​បើ​ធ្វើ​ភ្នាក់ងារ​អចលនទ្រព្យ​លក់​ផ្ទះ​ម្ដង​តម្លៃ ២០​ម៉ឺន​ដុល្លារ​គឺ​ស្មើ​នឹង​ប្រាក់​ខែ​មួយ​ឆ្នាំ។

យ៉ាង​ណា​ក្ដី ​​ប្រធាន​សមាគម​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា បាន​និយាយ​ថា៖ "ក្នុង​ចំណោម​ភ្នាក់ងារ​លក់​១០០​នាក់ ក្នុង​នោះ​៩៨​នាក់​នឹង​បរាជ័យ​ ១​នាក់​បាន​ត្រឹម​មួយ​រស់ នឹង​ម្នាក់​ទៀត​ក្លាយ​ជា​អ្នក​មាន​។ ដូច្នេះ​តើ​យើង​ស្ថិត​នៅ​ក្នុង​មនុស្ស​ចំណោម ៩៨​នាក់​នោះ​ ឬ​យ៉ាង​ណា​អាស្រ័យ​លើ​ភាព​ជាក់​ស្ដែង។"

គួរ​ឱ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​នេះ​ មាន​យុវជន​ជា​ច្រើន​ចាប់​អារម្មណ៍​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ គួរ​ឱ្យ​កត់​សម្គាល់។ ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ទី ០៤ ខែ​សីហា កន្លង​ទៅ​មាន​យុវជន​រាប់​ពាន់​នាក់​ចូលរួម​ក្នុង​សិក្ខាសាលា​ស្ដី​ពី​ភាព​ជោគជ័យ​របស់​ភ្នាក់ងារ​អចលនទ្រព្យ ដើម្បី​ទទួល​បាន​ចំណេះ​ដឹង និង​បទពិសោធន៍​ពី​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ។

បន្ថែម​លើ​ពី​នេះ​ទៀត​នៅ​ពេល​ខាង​មុខ​នេះ កម្ពុជា​នឹង​មាន​សាលា​បណ្ដុះបណ្ដាល​ផ្នែក​អចលនទ្រព្យ​នេះ​តែ​ម្ដង ដោយ​បច្ចុប្បន្ន​នេះ​សមាគម​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា កំពុង​តែ​សហការ​ជាមួយ​នឹង​សាកលវិទ្យាល័យ​ដ៏​ល្បីល្បាញ​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​ការ​បង្កើត​សាកលវិទ្យាល័យ​ឯកទេស​មួយ​នៅ​កម្ពុជា។ យ៉ាង​ណា​ការ​បង្កើត​ និង​ដំណើរ​ការ​នៅ​ពេល​ណា​នោះ នៅ​មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​ទេ៕​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម