តោះ​! យើង​រួម​គ្នា​ដើម្បី​បរិស្ថាន និង​សហគមន៍​ស្អាត​ទាំង​អស់​គ្នា​

  • 2017-08-07 05:12:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​​ដឹង​ទេ​ការ​ចូល​រួម​របស់​​អ្នក​ក្នុង​កម្រិត​ណាមួយ​​នោះ​ ក៏បាន​ចំណែក​ដល់​ការពារ​បរិស្ថាន​ និង​អនាម័យ​សម្រាប់​សហគមន៍​យើង​បាន​ដែរ។ តើ​អ្នក​ទាំងអស់​គ្នា​ដឹង​ទេ​កម្ម​វិធី Green Up the City 2017​ កាលពី​ម្សិល​មិញ​ បាន​ដឹក​នាំ​និស្សិត​ជិត ​៣០០​នាក់​ ទៅ​កាន់​ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ​ ដើម្បី​ចូល​រួម​ដាំ​ដើម​ឈើ​ក្នុង​សាលា​រៀន និង​អប់រំ​កុមារ​តូច​ពី​អនាម័យ​ក្នុង​ការ​រស់​នៅ​ ក៏​ដូច​ជា​ការ​គ្រប់គ្រង​សំរាម។​

ការ​ដាំ​ដើមឈើ និង​ការ​គ្រប់​គ្រង​សំរាម​​ក្នុង​សហគមន៍​ត្រូវ​ការ​ ការ​ចូល​រួម​ពី​យើង​ទាំងអស់​គ្នា។ ថ្លែង​ក្នុង​កិច្ច​បើក​កម្មវិធី​នៅ​ក្នុង​រមណីយដ្ឋាន​អំពែ​ភ្នំ​ កាលពី​ម្សិល​មិញ អនុ​ប្រ​ធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់​ស្ពឺ ​លោក សូ សុផល​ ថ្លែង​​​ថា ​ការ​គ្រប់​គ្រង​សំរាម​បាន​ល្អ ​គឺ​កើត​ចេញពី​ការ​ចូល​រួម​របស់​យើង​គ្រប់​គ្នា។ «បើ​យើង​ចូល​រួម​គិត​ទាំងអស់​គ្នា​ សំរាម​មិន​នៅ​រាយ​ប៉ាយ​នោះ​ទេ​...យើង​ត្រូវ​រួម​គិត​ទាំង​អស់​គ្នា...សំរាម​ជា​ដើម​ហេតុ​បង្ក​នូវ​ជំងឺ​ផ្សេងៗ»។

ដោយ​ឡែក ការ​ដាំ​ដើម​ឈើ​បាន​​រួម​ចំណែក​ធ្វើ​ឲ្យ​សហគមន៍​មាន​ពណ៌​បៃតង​ និង​​ថា​ដើម​ឈើ​រួម​ចំណែក​កាត់​បន្ថយ​កម្ដៅ​នៅ​លើ​ផែន​ដី និង​ស្រូប​យក​ជាតិ​កាបូន​ជា​ដើម។​​​​

បន្ទាប់ពី​ការ​បើ​កម្មវិធី ​យុវជន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សាលា​បឋម​សិក្សា​​អំពែ​ភ្នំ និង​​សាលា​បឋម​សិក្សា​វាល​មានជ័យ​ ដើម្បី​ចូលរួម​ដាំ​ដើម​ឈើ​ នៅ​ក្នុង​សាលា​ទាំង​ពីរ និង​អប់​រំ​សិស្ស​ពី​ការ​គ្រប់​គ្រង​សំរាម​ និង​ការ​រក្សា​អនាម័យ​ខ្លួន​ប្រាណ។

យុវជន អ៊ុំ ចាន់​ណារិទ្ធ ដែល​បាន​ចូល​រួម​ក្នុង​សកម្មភាព​នេះ​ថ្លែង​ថា​ Green Up the City ជា​កម្មវិធី​មួយ​ដែល​រស់​រវើក អ្នក​ចូល​រួម​បាន​រួម​ចំណែក​ក្នុង​ការ​ជួយ​ ដល់​សហគមន៍​ទាំង​ផ្នែក​បរិស្ថាន​ និង​មនុស្ស​ធម៌។ ជាង​​នេះ​ទៅ​ទៀត​លោក​ថា កម្មវិធី​នេះ​ក៏​បាន​បង្ក​នូវ​បរិយាកាស​ល្អ​ដល់​យុវជន​​បាន​ស្គាល់​គ្នា ​ដែល​បាន​មកពី​តាម​សាកលវិទ្យាល័យ​នានា​ ក៏​ដូចជា​មាន​ទំនាក់​ទំនង​ជាមួយ​សហគមន៍​។​​​

«យើង​បាន​ជួយ​សង្គម ដូចជា​ការ​ដាំ​ដើម​ឈើ សំអាត​បរិស្ថាន និង​បាន​ស្គាល់​គ្នា​កាន់តែ​ច្រើន»។

គួរ​បញ្ជាក់​ថា​ កម្មវិធី Green Up the City 2017​ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​ ២០១៥ ​ដោយ​មាន​គោលបំណង​ផ្សារភ្ជាប់​រវាង​យុវជន​ និង​សហគមន៍ ជាមួយ​នឹង​ការ​ចែក​សម្ភារ សិក្សា​ដល់​សិស្ស​នៅ​តាម​សាល​បឋម​សិក្សា ជា​ពិសេស​គឺ​ផ្ដល់​ការ​អប់​រំ​ពី​ការ​គ្រប់​គ្រង​សំរាម​ដល់​កុមារ​តូច និង​បណ្ដុះ​គំនិត​​ស្រលាញ់​បរិស្ថាន​ដល់​កុមារ​ទាំងនោះ៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម