សិស្ស​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ អស់​កង្វល់​ក្នុង​ការ​ជួល​ផ្ទះ​សំណាក់​នៅ​ថ្ងៃ​ប្រឡង​បាក់​ឌុប​ហើយ

  • 2017-08-08 02:09:59
  • ចំនួនមតិ

ចន្លោះមិនឃើញ

រដ្ឋ​បាល​ខេត្ត​កំពង់​ស្ពឺ​បាន​ប្រកាស​តាម​រយៈ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃទី ០៧ សីហា​ថា​ គណៈ គ្រប់​គ្រង​ខេត្ត​បាន​រៀប​ចំ​កន្លែង​ស្នាក់​នៅ​ដោយ​មិន​គិត​ថ្លៃ​ចំនួន​ ១៩​កន្លែង​សម្រាប់​សិស្ស​ដែល​ត្រូវ​ឡើង​មក​ប្រឡង​បាក់​ឌុប ហើយ​​មិន​មាន​លទ្ធ​ភាព​ជួល​បន្ទប់​ផ្ទះ​សំណាក់​សម្រាប់​​ស្នាក់​នៅ​។

បើ​តាម​លិខិត​ជូន​ដំណឹង​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​អភិបាល​ ខេត្ត​ វ៉ី សំណាង កាលពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៧ តែ​ទើប​តែ​ផ្សព្វ​ផ្សាយ​តាម​ហ្វេស​ប៊ុក​កាល​ពី​ម្សិល​មិញ​ បញ្ជាក់​ថា​ការ​ធ្វើ​ដូច​នេះ​ក្នុង​ន័យ​ជួយ​សម្រួល​ដល់​សិស្ស​ដែល​មក​ពី​ឆ្ងាយ និង​ខ្វះ​ខាត​ក្នុង​ជីវភាព​ ដែល​​មិន​មាន​លទ្ធភាព​ជួល​បន្ទប់​ផ្ទះ​សំណាក់​បាន។

ក្នុង​លិខិត​សរសេរ​ថា៖ «ដើម្បី​សម្រួល​ដល់​ការ​ស្នាក់​អាស្រ័យ​របស់​ប្អូន​ៗ​ ដែល​មកពី​ស្រុក​ឆ្ងាយៗ និង​មាន​ជីវភាព​ខ្វះ​ខាត​ គ្មាន​លទ្ធភាព​ជួល​ផ្ទះ​សំណាក់​ និង​គ្មាន​សាច់​ញាតិ​ក្នុង​ការ​ស្នាក់​អាស្រ័យ»។

ទីតាំង​ទាំង​១៩​កន្លែង​នោះ​មាន​ដូច​ជា​​សាល​ប្រ​ជុំ​មន្ទីរ​អប់​រំ មន្ទីរ​ធម្មការ និង​សាសនា មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ សាលា​គរុកោសល្យ​ខេត្ត និង​នៅ​តាម​វត្ត​មួយ​ចំនួន​ជា​ដើម។​​

ក្រៅ​ពី​នេះ​​នៅ​តាម​​មណ្ឌល​ប្រឡង​នី​មួយៗ​​សិស្ស​ប្រឡង​បាក់​ឌុប​អាច​ផ្ញើ​កង់​ ម៉ូតូ​របស់​ខ្លួន​ដោយ​មិន​គិត​ថ្លៃ​ផង​ដែរ​៕​

សូមអានលិខិតទាំងស្រុងខាងក្រោម​នេះ៖


អត្ថបទ៖ ពិន សុខា