បាត់​មុខ​ជាង​១០​ឆ្នាំ​ តួ​ឯក​ស្រី​ធ្លាប់​សម្ដែង​រឿង​ថ្វាយ​​ព្រះបរមរតនកោដបង្ហាញ​ខ្លួន​ជា​ថ្មី

  • 2017-08-08 07:27:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ​ផលិត​កម្ម​ Rock បាន​ធ្វើ​ពិធី​ក្រុង​ពាលី​ខ្សែ​ភាព​យន្ត​ភាគ​រឿង​ "វាសនា​នាង​វីរីយ៉ា​" នៅ​បុរី​លឹម​ឈាង​ហាក់ អូ​ដឹម។ ខ្សែ​ភាព​យន្ត​ភាគ​​នេះ​​ដែរ​​​ក៏​មាន​​វត្តមាន​​តួ​ឯក​ស្រី​ធ្លាប់​សម្ដែង​រឿង​ថ្វាយ​ព្រះបរមរតនកោដ អ្នកនាង ឡាយ សានិកា ផង​ដែរ​ ក្រោយ​ពី​បាត់​មុខ​ជាង​១០​​​ឆ្នាំ​នៅ​លើ​ផ្ទាំង​កំណាត់​ស​ និង​កញ្ចក់​ទូរទស្សន៍​។

អ្នកនាង ឡាយ សានិកា បាន​ប្រាប់​ Sabay ថា មុន​ឈប់​ពី​សិល្បៈ​នាង​ធ្លាប់​សម្ដែង​ខ្សែ​ភាព​យន្ត​ភាគ​មិន​ក្រោម​១០​រឿង ព្រម​ទាំង​រឿង​ថ្វាយ​ព្រះបរមរតនកោដ ​៣​រឿង​ទៀត​ ដែល​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា​នា​ពេល​កន្លង​មក​។ ការ​វិល​ចូល​សិល្បៈ​សារ​ជា​ថ្មី​នេះ​ដោយ​សារ​តែ​រឿង "វាសនា​នាង​វីរីយ៉ា​" ​នេះ​ ស្វាមី​ខ្លួន​ជា​អ្នក​ផលិត​ឲ្យ​ផលិតកម្ម​ Rock ​ហេតុ​ដូច្នេះ​ហើយ​ទើប​សម្រេច​​ចិត្ត​ចូល​សម្ដែង​ឡើង​វិញ​​ ដោយ​ដើរ​តួ​ធ្វើ​ជា​​ម្ដាយ​​តួ​ឯក​ប្រុស​។

“មក​ដល់​ពេល​នេះ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​ចូល​ថត​រឿង​វិញ ព្រោះ​រឿង​នេះ​គ្រួសារ​ខ្ញុំ​ផលិត​ឲ្យ​ផលិតកម្ម​Rock ហើយ​តួ​អង្គ​ជា​ម្ដាយ​ហ្នឹង​សម​ទៅ​តាម​វ័យ​របស់​ខ្ញុំ​។ រឿង​នេះ​ជា​រឿង​ទី​១​របស់​ខ្ញុំ​បន្ទាប់​ពី​ផ្អាក​ពី​សិល្បៈ​រយៈ​ពេល​១០​ឆ្នាំ​ ។ មូល​ហេតុ​ដែល​ខ្ញុំ​ឈប់​លើក​មុន​ដោយ​សារ​តែ​មាន​ការ​កៀបសង្កត់​​ពី​អ្នក​មាន​អំណាច​តែ​ខ្ញុំ​អត់​ចង់​និយាយ​រឿង​ហ្នឹង​ទេ"។ ឡាយ សានិកា ថ្លែង​បញ្ជាក់​។

ឡាយ សានិកា បន្ថែម​ថា​រឿង​​ធ្លាប់​សម្ដែង​ថ្វាយ​ព្រះបរមរតនកោដ កន្លង​មាន​៖ រឿង "កោះទន្សាយ​" ចំណែក​ឯ​ពីរ​រឿង​ទៀត​​នាង​មិន​សូវ​ចាំ​ចំណង​ជើង​។ ចំណែក​ឯ​រឿង​ធម្មតា​មានរឿង​ "​ចៅ​ចាក់​ស្មុគ" "បង្កួយ​ស៊ី​មនុស្ស​" "ផ្ទះលក់​មឈូស​" និង​ជា​ច្រើន​រឿង​ទៀត​។

លោក យូ សុភា

ក្នុង​ពិធី​ក្រុង​ពាលី​​​ខ្សែ​ភាព​យន្ត​ភាគ​ខាង​លើ​នេះ​លោក យូ សុភា ​ជា​អ្នក​និពន្ធ​បាន​លើក​ឡើង​ថា​ រឿង​ "វាសនា​នាង​វីរីយ៉ា​" មាន​៥០ភាគ​ ជា​ប្រភេទ​ខ្សែ​ភាព​យន្ត​បែប​មនោ​សញ្ចេតនា​ ស្នេហា​អូន​បង​​ ដែល​និយាយ​អំពី​ជីវិត​ក្មេង​ស្រី​ម្នាក់​ កំព្រា​ឪពុក​​ មាន​ម្ដាយ​ជា​អ្នក​បម្រើ​នៅ​ផ្ទះ​សេដ្ឋី​ ក្មេង​ស្រី​នោះ​តែង​តែ​ទទួល​បាន​ការ​មាក់ងាយ​​​មើល​ថោក​ពី​ផ្ទះ​មហា​សេដ្ឋី​ ។

លោក ថោង ស្ដារលីន

​​​ដោយ​ឡែក​លោក ថោង ស្ដារលីន ​ជា​ប្រធាន​ផ្នែក​ទី​ផ្សា​ និង​ជំនួយ​ការ​ផលិត​បាន​លើក​ឡើង​ថា​ រឿង​ "វាសនា​នាង​វីរីយ៉ា​" គ្រោង​នឹង​ដំណើរ​ការ​ថត​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ ចំណែក​ឯ​ទី​តាំង​ថត​វិញ​នៅ​សណ្ឋាគារ​មួយ​នៃ​ទី​ក្រុង​ភ្នំពេញ​ ចំណែក​ឯ​ដើម​ទុន​នៃ​ការ​ផលិត​ខ្សែ​ភាព​យន្ត​ភាគ​ថ្មី​នេះ​លោក​សុំ​មិន​បញ្ចេញ​។

គួរ​បញ្ជាក់​ថា​រឿង​ "វាសនា​នាង​វីរីយ៉ា​" នឹង​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍​CTN បន្ទាប់​ពី​ថត​ចប់​ ចូល​រួម​សម្ដែង​ដោយ​ លោក សេង មង្គល កញ្ញា ស៊ឹម ស៊ីនិច អ្នកនាង ឡាយ សានិកា លោក រចនា ដួង អ្នកនាង សុធារ៉ា កញ្ញា ម៉ា នីកា លោក លៀង​ ឧត្តម និង​តារា​សម្ដែង​ស្រី​ប្រុស​ជា​ច្រើន​រូប​ទៀត​៕​​​​​​

តួឯក​ប្រុស​ស្រី​ក្នុង​រឿង សេង មង្គល និង ស៊ឹម ស៊ីនិច

អត្ថបទ៖ ឆុង ស៊ីណាន