ហួន ទីណារ័ត្ន សិស្ស​ឆ្នើម​និទ្ទេស A ប្រាប់​ពី​គន្លឹះ​ប្រឡង​គណិតវិទ្យា​ឱ្យ​បាន​ពិន្ទុ​ល្អបំផុត

  • 2017-08-09 06:38:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​លើក​ឡើង​របស់​សិស្ស​ធ្លាប់​ប្រឡង​បាក់ឌុប​​ពី​ឆ្នាំ​មុនៗ​និយាយ​ថា គណិតវិទ្យា​ ជា​មុខវិជ្ជា​ពិបាក​ជាង​គេ​បំផុត​ក្នុង​ការ​ប្រឡង។ ដូច្នេះ​គួរ​មាន​គន្លឹះ​ដូចម្ដេច​ ដើម្បី​រៀន​មុខ​វិជ្ជា​ឱ្យ​បាន​ល្អ និង​អាច​ស្រូប​យក​ពិន្ទុ​បាន​ច្រើន​ពេល​ប្រឡង​? ខាង​ក្រោម​នេះ​ជា​ការ​ចែក​រំលែក​ពី​សិស្ស​ឆ្នើម​និទ្ទេស A ឆ្នាំ​២១០៦ ហួន ទី​ណារ័ត្ន ​អាច​យក​លំដាប់​ពិន្ទុ A ទៅ​លើ​មុខ​វិជ្ជា​គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង​ជីវវិទ្យា។

១. ខិតខំ​រៀន​តាំង​ពី​ថ្នាក់​ទី១១

ហូន​ ទី​ណារ័ត្ន​ ប្រាប់​ថា ដើម្បី​បាន​ពិន្ទុ​ល្អ​ទៅ​លើ​មុខវិជ្ជា​គណិតវិទ្យា​ពេល​ប្រឡង​បាក់ឌុប​នោះ ចំណុច​សំខាន់​បំផុត គឺ​គ្រឹះ​មូលដ្ឋាន​ពី​ថ្នាក់​ទី ១១។ ណារ័ត្ន​ប្រាប់​ថា ដោយ​សារ​មេរៀន និង​លំហាត់​ថ្នាក់​ទី១២​ស្ទើរ​ទាំង​ស្រុង​មាន​ទំនាក់ទំនង​តាំង​ពី​ថ្នាក់​ទី១១​មក ហើយ​លំហាត់ រូបមន្ត​កាន់​តែ​ជ្រៅ​ឡើង។ ដូច្នេះ​ហើយ​ត្រូវ​ច្បាស់​តាំង​ពី​ថ្នាក់​ក្រោម​មក​ មិន​មែន​ទើប​តែ​ខំ​ពេល​មក​ដល់​ថ្នាក់​ទី១២​ទេ។

២. ការ​អនុវត្ត

ណារ័ត្ន ប្រឡង​គណិតវិទ្យា​បាន​លំដាប់​និទ្ទេស A ប្រាប់​មួយ​ចំណុច​ទៀត​ថា ការ​អនុវត្ត​គឺ​ជា​រឿង​សំខាន់​បំផុត មិន​មែន​រៀន​តែ​ទ្រឹស្ដី​នោះ​ទេ។ យុវជន​រូប​នេះ ប្រាប់​ទៀត​ថា នៅ​ពេល​ជាមួយ​គ្រូ​អាច​យល់​ទៅ​លើ​មេរៀន​នោះ តែ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​មិន​គួរ​ទុក​ចោល​នោះ​ទេ​ ព្រោះ​អាច​ភ្លេច​ទៅវិញ។ អ្វី​ដែល​សំ​ខាន់​បំផុត​នោះ នៅ​ពេល​រៀន​ចប់​មេរៀន​ណា​មួយ​ត្រូវ​ធ្វើ​លំហាត់​ទៅ​លើ​មេរៀន​នោះ​ឱ្យ​បាន​ច្រើន​បំផុត រហូត​ចេះ​ចាំ​ស្ទាត់ ទើប​បន្ត​ទៅ​មេរៀន​មួយ​ទៀត។

៣. មុន​ប្រឡង​បាក់​ឌុប​១​ខែ​ផ្អាក​រៀន​គួរ

មក​ដល់​ចំណុច​នេះ​ណារ័ត្ន​ប្រាប់​ថា គួរ​ផ្អាក​រៀន​គួរ​សិន​ដើម្បី​មាន​ពេល​វេលា​សាក​ល្បង​ពី​សមត្ថភាព​ខ្លួន​ឯង​ដូចជា​សាកល្បង​ធ្វើ​លំហាត់​ឡើង​វិញ​ទាំង​អស់ ការ​ចងក្រង​រូប​មន្ត​ជាដើម ហើយ​ប្រសិន​បើ​មាន​កន្លែង​ណា​ឆ្ងល់​អាច​សួរ​គ្រូ​វិញ​បាន។ ជា​ពិសេស​ការ​អនុវត្ត​ទៅ​លើ​លំហាត់​អនុគមន៍ ដោយសារ​តែ​វា​លំបាក​ជាង​គេ​ ហើយ​តែង​ចេញ​នៅ​ពេល​ប្រឡង​ជា​រៀង​រាល់​ថ្ងៃ។ យុវជន​រូប​នេះ​ប្រាប់​ថា ប្រសិន​បើ​សម្រុក​រៀន​គួរ​ខ្លាំង​មុន​ពេល​ប្រឡង ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ​ ដោយសារ​តែ​មិន​​មាន​ពេល​វេលា​សម្រាប់​ខ្លួន​ឯង​ ក្នុង​ការ​សាកល្បង​សមត្ថភាព។

៤. យក​វិញ្ញាសា​ចាស់​ៗ​មក​ធ្វើ​ឡើង​វិញ​ និង​ដាក់​ម៉ោង​កំណត់

ចំពោះ​វិធីសាស្ត្រ​នេះ គួរ​អនុវត្ត​មុន​ពេល​ការ​ប្រឡង​កាន់​តែ​ជិត​មក​ដល់ គឺ​ត្រូវ​យក​វិញ្ញាសា​ចាស់​មក​ធ្វើ​ឡើង​វិញ និង​ដាក់​ម៉ោង​កំណត់​ទៅ​តាម​ក្រសួង ដើម្បី​អាច​គ្រប់​គ្រង​ពេល​វេលា​បាន​ល្អ។ ចំណុច​សំខាន់​មួយ​ទៀត​គឺ​មើល​ពី​របៀប​នៅ​ក្នុង​ការ​ធ្វើ​អត្រា​កំណែ​ចាស់ៗ ថា​តើ​របៀប​គេ​សរសេរ​យ៉ាង​ម៉េច​ទើប​បាន​ពិន្ទុ។ ដូច្នេះ​ត្រូវ​មើល​ពី​របៀប​ក្នុង​ការ​ធ្វើ​ចម្លើយ ពេល​ខ្លះ​ទោះ​ចម្លើយ​មិន​បាន​ត្រឹមត្រូវ តែ​ក្នុង​ការ​សរសេរ​មាន​ចំណុច​ខ្លះ​ត្រូវ ក៏​ក្រសួង​ឱ្យ​ពិន្ទុ​ដែរ។

៥. ធ្វើ​លំហាត់​ពី​លើ​ចុះ​ក្រោម

ណារ័ត្ន​ប្រាប់​ថា ភាគ​ច្រើន​លំហាត់​ស្រួល​ៗ​គឺ​នៅ​ខាង​លើ​ ចំណែក​លំហាត់​លំបាកៗ​នៅ​ចុង​ក្រោយ​គេ។ ដូច្នេះ​ដើម្បី​កុំ​ឱ្យ​អារម្មណ៍​តានតឹង​ មិន​គួរ​យក​លំហាត់​ណា​លំបាក​មក​គិត​មុន​នោះ​ទេ ព្រោះ​អាច​បែក​អារម្មណ៍ គួរ​ធ្វើ​លំហាត់​ស្រូលៗ​ឱ្យ​អស់​សិន។ ចំណែក​ឯ​លំហាត់​ណា​ពិបាក​ទុក​ធ្វើ​ពេល​ក្រោយ តែ​យ៉ាង​ណា​ត្រូវ​ផ្ទៀងផ្ទាត់​ពេល​វេលា​ឱ្យ​ច្បាស់ ហើយ​សំខាន់​បំផុត​មិន​ត្រូវ​ចោល​លំហាត់​ណា​មួយ​ដាច់​ខាត៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

​ ​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម