ត្រឹម​៣​ថ្ងៃ​នៅ​ជប៉ុន សម្ដេច​ ហ៊ុន សែន នឹង​នាំ​សមិទ្ធផល​ធំៗ​ទាំង​នេះ​ជូន​ពលរដ្ឋ​ខ្មែរ

  • 2017-08-10 02:09:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល​៣​ថ្ងៃ​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន គិត​ចាប់​ពី​ថ្ងៃ​ទី ០៦ ខែ​សីហា រហូត​ដល់​ថ្ងៃ​ទី ០៩ ខែ​សីហា ឆ្នាំ​២០១៧ ដើម្បី​ជួប​ប្រជុំ​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Shinzo Abe ។ តើ​អំឡុង​ទស្សនៈកិច្ច​៣​ថ្ងៃ​នោះ សម្ដេច ហ៊ុន សែន សម្រេច​កិច្ចការ​ធំៗ​អ្វី​ខ្លះ ជាមួយ​មេដឹក​នាំ​ជប៉ុន?

រូបភាព៖ ហ្វេសប៊ុកសម្ដេច ហ៊ុន សែន

**​១. ចំណត​នាវា​ខ្នាត​យក្ស​តម្លៃ ២០៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក**​

​លោក​នាយករដ្ឋ​មន្ត្រី​ជប៉ុន​ Shinzo Abe ​បាន​សម្រេច​ផ្ដល់​កម្ចី​ឥណទាន​សម្បទាន​ប្រមាណ ​២០៩​ លាន​ដុល្លារ​ដល់​កម្ពុជា​ សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់​ផែស្វយ័ត​ក្រុង​ព្រះសីហនុ​ ​ក្នុង​ថ្ងៃ​ដែល​សម្ដេច​ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​ ទៅ​ទស្សន​កិច្ច​នៅ​ប្រទេស​ជប៉ុន​។

​២.​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ការ​ការពារ​គ្រោះ​ទឹក​ជំនន់​ក្នុង​រាជធានី​ភ្នំពេញ

ជប៉ុន​ផ្ដល់​ហិរញ្ញ​ប្បទាន​ឥត​សំណង​មក​ដល់​កម្ពុជា សម្រាប់​អនុវត្ត​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ការ​ការពារ​ទឹក​ជំនន់​ក្នុង​រាជធានី​ភ្នំពេញ ដំណាក់​កាល​ទី​០៤ ដែល​មាន​ទឹក​ប្រាក់​សរុប ប្រមាណ​ជា​៣៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

​៣. គម្រោង​បង្កើត​រថភ្លើង​ស្វ័យ​ប្រវត្តិ​លើ​អាកាស​ក្នុង​រាជធានី​ភ្នំពេញ

តបតាម​សំណើ​របស់​សម្តេច ហ៊ុន សែន លោក​នាយក​រដ្ឋមន្រ្តី​ជប៉ុន Shinzo Abe បាន​ឯកភាព​ជំរុញ ការ​អនុវត្ត​គម្រោង​អាទិភាព​មួយ​ចំនួន ក្នុងនោះ​ជប៉ុន នឹង​សិក្សា​គម្រោង​បង្កើត​រថភ្លើង​ធុនស្រាល​ស្វ័យប្រវត្តិ​លើ​អាកាស​នៅ​រាជធានី​ភ្នំពេញ។ នេះ​បើតាម​សេចក្តី​​ប្រកាស​ព័ត៌មាន​​ស្តីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច ហ៊ុន សែន នៅ​ជប៉ុន របស់​ក្រសួង​ការបរទេស នៅថ្ងៃ​ទី៨​សីហា។

រូបតំណាង

គម្រោង​បង្កើត​រថភ្លើង​ធុនស្រាល​នេះ នឹងជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ និង​គ្រោះថ្នាក់​ចរាចរ នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​។

សម្តេច ហ៊ុន សែន បាន​លើកឡើង​ក្នុង​អំឡុង​ពេល​ជួប​សំណេះ​សំណាល​ជាមួយ​និស្សិត​ខ្មែរ​នៅជប៉ុន​ថា គម្រោង​រថភ្លើង​ធុនស្រាល​ស្វ័យ​ប្រវត្តិ ពី​រាជធានី​ភ្នំពេញ ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ គឺ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៨០០លាន​ដុល្លារ។

​៤. គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​សំរាម​ក្នុង​រាជធានី​ភ្នំពេញ

ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​រោងចក្រ​កែច្នៃ​សំរាម​នៅ​ប្រទេស​ជប៉ុន សម្ដេច​ ហ៊ុន សែន មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង និង​ចង់​បង្កើត​ឱ្យ​មាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម​ក្នុង​ទីក្រុង ហើយ​កែច្នៃ​ឱ្យ​ទៅ​ជា​របស់​មាន​តម្លៃ​ដូច​នៅ​ជប៉ុន​ដែរ។ សម្ដេច ហ៊ុន សែន បាន​ស្នើ​សុំ​ទៅ​កាន់​ប្រទេស​ជប៉ុន​រួច​រាល់​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នោះ​ទេ៕​

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ