ឈិត​ សារឹម​ អេ​ ភូថង តែម ម៉ឺន​ និយាយអ្វី​ខ្លះ ចំពោះកំពូលអ្នកប្រដាល់៥រូប ទៅស៊ីហ្គេម

  • 2017-08-10 23:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ជើង​ចាស់​ដែល​មាន​បទពិសោធ​ក្រាស់​ក្រែល​ និង​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នា​ពេល​អតីតកាល​គឺ​លោក​គ្រូ​ ឈិត​ សារឹម​ និង​ អេ​ ភូថង​ ថា​ពួក​លោក​ពិត​ជា​មាន​សង្ឃឹម​ខ្ពស់​លើ​កីឡាករ​ជម្រើស​ជាតិ​គុន​ខ្មែរ​បច្ចុប្បន្ន​នឹង​យក​មេដាយ​បាន​នៅ​ស៊ីហ្គេម​ ២០១៧​ នេះ។​

លោក​គ្រូ​ ឈិត​ សារឹម​

លោក​គ្រូ​ ឈិត​ សារឹម​ បាន​លើក​ឡើង​ថា ​បច្ចុប្បន្ន​នេះ​លោក​កំពុង​សម្រុក​បង្វឹក​ពួកគេ​ខ្លាំង​ជា​ពិសេស​នោះ​គឺ​ផ្ដោត​លើ​កម្លាំង​កាយ​តែ​ម្ដង​ បើ​និយាយ​ពី​បច្ចេកទេស​ និង​បទ​ពិសោធ​ប្រកួត​លើ​សង្វៀន​ពួក​មាន​អស់​ហើយ។​ ចំពោះ​ការ​ហ្វឹកហាត់​កម្លាំង​នោះ​ គឺ​តម្រូវ​ឲ្យ​កីឡាករ​ទាំង​អស់​រត់​ឡើង​ជណ្ដើរ​ និង​រត់​ជម្រេញ​ ២​ ទៅ​ ៣ដង​ក្នុង​មួយពេល ហើយ​ប្រៀបធៀប​នាទី​របស់​ពួកគេ។​ គ្រូ​ប្រដាល់​តាំង​ពី​សង្គម​ដើម​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្នុង​ចិត្ត​លោក​ពិត​ជា​ចង់​ឲ្យ​ពួកគេ​ប្រកួត​បាន​មេដាយ​ណាស់​ ប៉ុន្តែ​ក៏​មិន​ហ៊ាន​ថា​ នឹង​បាន​ ១០០​ %​ ព្រោះ​ការ​ប្រកួត​នេះ​វា​ខុស​ពី​ការ​ប្រកួត​ធម្មតា​ ដោយ​តម្រូវ​ឲ្យ​កីឡាករ​ប៉ះ​ឧបករណ៍​ការពារ​ច្រើន​ វា​មិន​ទម្លាប់​សម្រាប់​កីឡាករ​ ហើយ​ឧបករណ៍​វា​កាត់​បន្ថយ​ទម្ងន់​ដៃ​ ឬ​ជើង​ពេល​វ៉ៃ​ត្រូវទៀតផង។​

លោក​គ្រូ​ អេ​ ភូថង​

ចំពោះ​លោក​គ្រូ​ អេ​ ភូថង​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ ចំពោះ​លោក​ជា​គ្រូ​បង្វឹក​ផ្ទាល់​របស់​ពួកគេ​ សង្ឃឹម​ទាំង​អស់លើ​កីឡាករ​ជម្រើស​ជាតិ​ទាំង​៥រូប​នេះ​តែ​ម្ដង​ ព្រោះ​សព្វ​ថ្ងៃ​មើល​ឃើញ​ថា​ពួកគេ​មាន​ការ​ខំ​ប្រឹងប្រែង​ណាស់​ អ្វី​ដែល​លោក​ប្រាប់​ និង​បង្ហាត់​បង្ហាញ​នោះ​ គឺ​ពួក​គេ​ស្ដាប់​បង្គាប់​ និង​ធ្វើ​តាម​ជា​និច្ច។​ ចំពោះ​សមត្ថភាព​របស់​ពួកគេ​នា​បច្ចុប្បន្ន​នេះ​គឺ​មិន​ទាន់​ថា​បាន​ដល់​១០០%​ ទេ​ ប៉ុន្តែ​ក៏​ក្បែរ​នេះ​ដែរ។​ ទន្ទឹម​និង​នេះ​ដែរ​ គ្រូ​ប្រដាល់​ជម្រើស​ជាតិ​ខាង​លើ​ក៏​មាន​ការ​បារម្ភ​ខ្លះ​ៗ​ដែរ​ចំពោះ​ប្រទេស​ថៃ​ និង​ប្រទេស​វៀតណាម​ ព្រោះ​ពួកគេ​មាន​កម្លាំង​ស៊ុហ្វ​ខ្លាំង​ តែ​បច្ចេកទេស​នោះ​គឺ​មិន​ហួស​ពី​កម្ពុជា​នោះ​ឡើយ។​

កីឡាករ ម៉ឺន​ សុភា​

អ្នក​ប្រដាល់​កណ្ដាប់​ដៃ​ថ្ម​ ម៉ឺន​ សុភា​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​មុន​ទៅ​ស៊ីហ្គេម​នេះ​ដែរ​ថា​ សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ខាង​មុខ​ក្នុង​ព្រឹត្តិ​ការណ៍នេះ​ គេ​មាន​ទំនុក​ចិត្ត​ខ្លាំង​លើ​ខ្លួន​ឯង ​ព្រោះ​វា​ចូល​និង​ជំនាញ​របស់​គេ​គឺ​ម៉ាត់​ និង​វ៉ៃ​ប្រយោល​។​ នា​ការ​ប្រកួត​របស់​គេ​កន្លង​មក​គឺ​ចូលចិត្ត​វ៉ៃ​របៀប​នេះ​ ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​គេ​សង្ឃឹម​ខ្ពស់​ចំពោះ​ការ​ប្រកួត​ខាង​មុខ។​ និយាយ​ពី​ការ​ហ្វឹកហាត់​បច្ចុប្បន្ន​នេះ​គឺ​គេ​ហ្វឹកហាត់​បាន​ល្អ​ណាស់​ ព្រម​ទាំង​ទទួល​បាន​ចំណេះ​ដឹង​បាន​ច្រើន​ពី​គ្រូៗ​ជើង​ចាស់​ដែល​មាន​បទ​ពិសោធ​ច្រើន​ ហើយ​សព្វ​ថ្ងៃ​នេះ​ហ្វឹកហាត់​ផ្ដោត​លើ​ការ​វ៉ៃ​ប្រយោល​នេះ​តែ​ម្ដង។​

ឯកឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​

ឯកឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​ បាន​ឲ្យ​លើក​ថា​ សម្រាប់​ការ​ចេញ​ទៅ​ស៊ីហ្គេម​ឆ្នាំ​នេះ​ សហព័ន្ធ​បាន​រៀបចំ​រួចរាល់​ហើយ​ ក្នុង​នោះ​មាន​ប្រតិភូ​ គ្រូ​បង្វឹក​ និង​កីឡាករ​៥រូប​ទៅ​ចូលរួម​ក្នុង​ការប្រកួត​នេះ​ស៊ីហ្គេម​ ២០១៧។ ចំពោះ​ការ​ប្រមូល​ផ្ដុំ​ និង​ការ​ហ្វឹកហាត់​វិញ​គឺ​ពួកគេ​ធ្វើ​តាម​កម្មវិធី​បាន​ល្អ​ហើយ​ ទន្ទឹម​និង​ការ​ហ្វឹកហាត់​នេះ​ក៏​មាន​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​តាម​ស្ថានីយ​ផ្សេងៗ​ផង​ដែរ។​ ជា​លទ្ធផល​មើល​ឃើញ​ថា​ល្អ​ មិន​ថា​វិន័យ​ បច្ចេកទេស​ កម្លាំង​ថាមពល​ និង​ប្រាជ្ញា​នោះ​ទេ​ គឺ​មាន​ការ​កើន​ឡើង​ខុស​ពី​មុន​ដោយ​សារមាន​ការ​គ្រប់គ្រង​បាន​ម៉ត់ចត់។​ ប្រធាន​សហព័ន្ធ​រូប​នេះ​ក៏​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​កីឡាករ​របស់​ខ្លួន​ថា​នឹង​អាច​ដណ្ដើម​បាន​មេដាយ​ ព្រោះ​កីឡាករ​ទាំង​នោះ​បាន​ហ្វឹកហ្វឺន​ត្រឹមត្រូវ​ និង​មាន​បទ​ពិសោធ​ច្រើន​នា​ពេល​កន្លង​មក​ ហើយ​ពួកគេ​ជា​កីឡាករ​លំដាប់​លេខ​១​ក្នុង​ប្រទេស​ផង​ដែរ។​

កីឡាករជម្រើសជាតិគុនខ្មែរទាំង៥រូប

ជា​ចុង​ក្រោយ​លោក​គ្រូ​ ឈិត​ សារឹម​ និង​ អេ​ ភូថង​ ក៏​សូម​ផ្ដាំ​ផ្ញើ​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់​ ជា​ពិសេស​អ្នក​ចូលចិត្ត​វិស័យ​ប្រដាល់​កុំ​ភ្លេច​ជួយ​គាំទ្រ​ដល់​កីឡាករ​ជម្រើស​ជាតិ​គុន​ខ្មែរ​ដែល​ នឹង​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។​ ដើម្បី​ឲ្យ​កីឡាករ​ទាំង​អស់មាន​កម្លាំង​ចិត្ត​បន្ថែម​ទៀត​ក្នុង​ការ​ប្រកួត​យក​មេដាយ​ជូន​ជាតិ។​ សម្រាប់​ប្រភេទ​កីឡា​គុន​ខ្មែរ​ នឹង​ចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី២៥​ សីហា​នេះ​ដើម្បី​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការ​កីឡា​ស៊ីហ្គេម​ ២០១៧​ នេះ​ នៅ​ប្រទេស​ម៉ាឡេស៊ី៕​

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើង​បេះ​ដូង​យើង។

អត្ថបទ៖ នួន ស៊ីណា​