មិនធម្មតា! សហរដ្ឋ​អាមេរិក​ជ្រើសរើស​យុវជន​កម្ពុជា ទៅ​សិក្សា​ផ្នែកយោធាកំពូលៗជំនាន់ថ្មី

  • 2017-08-10 07:36:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​កាលពីព្រឹកមិញនេះ បាន​ឱ្យ​ដឹង​ថា​ ការិយាល័យ​​សហប្រតិបត្តិការ​យោធា​របស់​ស្ថានទូត​អាមេរិក​ ​បាន​ប្រកាស​ឱ្យ​យុវជន​កម្ពុជា​ចូលរួម​ប្រឡង​ ដើម្បី​បាន​ទៅ​សិក្សា​នៅ​ក្នុង​បណ្ឌិត​សភា​យោធា​សហរដ្ឋអាមេរិក។ ក្នុង​នោះ​រួមមាន៖ បណ្ឌិត​សភា​យោធា​សហរដ្ឋ​អាមេរិក​នៅ West Point បណ្ឌិត​សភា​កងទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក​នៅ Annapolis បណ្ឌិត​សភា​កងទ័ព​ជើង​អាកាស​សហរដ្ឋ​អាមេរិក​នៅ Colorado Springs និង​បណ្ឌិត​សភា​ឆ្មាំ​ការពារ​ដែន​សមុទ្រ​សហរដ្ឋអាមេរិក​នៅ New London សម្រាប់​ជំនាន់​ឆ្នាំ ២០២២ ចំពោះសិស្ស​ដែល​ចូល​បណ្ឌិត​សភា នៅ​ខែ​កក្កដា ឆ្នាំ​២០១៨។

តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា សិស្ស​នឹង​ទទួល​បាន​សញ្ញាបត្រ​បរិញ្ញា​ផ្នែក​វិទ្យាសាស្ត្រ ដោយ​ឆ្លង​តាម​កម្មវិធី​សិក្សា​ដ៏​តឹងរ៉ឹង ផ្នែក​សតិ​បញ្ញា យោធា និង​កាយ​សម្បទា ​នៅ​ក្នុង​បរិយាកាស​ដែល​ជំរុញ​ដល់​ការ​បណ្ដុះ​អត្តចរិត។

បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាង​ក្រោម៖

  • នៅ​លីវ និង​មាន​អាយុ​យ៉ាង​តិច ១៧ ឆ្នាំ តែ​មិន​លើស​ពី ២៣ ឆ្នាំ គិត​មក​ដល់​ថ្ងៃ​ទី ១ ខែ​កក្កដា ឆ្នាំ ២០១៨ មាន​ពិន្ទុ​ល្អ​ក្នុង​ការ​ធ្វើតេស្ត SAT ឬ​តេស្ត ACT។

  • ជាប់​តេស្ត​ផ្នែក​ភាសា​អង់​គ្លេស TOEFL ឬ​មួយ​តេស្ត ECL អាស្រ័យ​លើ​បណ្ឌិត​សភា។

  • មាន​ពិន្ទុ​ល្អ​នៅ​ក្នុង​ការ​ប្រឡង ដើម្បី​វាយ​តម្លៃ​កាយ​សម្បទា (CFA) ដែល​រៀបចំ​ដោយ​ស្ថានទូត​អាមេរិក និង​ការ​ធ្វើ​តេស្ត​ផ្នែក​កាយ​សម្បទា​ចាំបាច់​ដទៃ​ទៀត។

  • មាន​សំបុត្រ​ពេទ្យ​បញ្ជាក់​ថា គ្មាន​ជំងឺឆ្លង និង​គ្មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។

  • ឆ្លើយ​បាន​ល្អ​នៅ​ក្នុង​ការ​សម្ភាសន៍​ម្នាក់ៗ ជាមួយ​ស្ថានទូត​អាមេរិក នៅ​ភ្នំពេញ។

ដូច្នេះ បេក្ខជន​ទាំង​អស់​ដែល​មាន​ការ​ចាប់​អារម្មណ៍​ត្រូវ​ផ្ញើ​ពិន្ទុ​នៅ​ថ្នាក់​វិទ្យាល័យ ពិន្ទុ SAT ពិន្ទុ TOEFL និង​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​កាយ​សម្បទា​ទៅ ODCCambodia@state.gov ​ត្រឹម​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា។ ស្ថានទូត​អាមេរិក​នឹង​ធ្វើការ​ចម្រាញ់​លើ​ពិន្ទុ​របស់​បេក្ខជន ដើម្បី​កំណត់​ថា តើ​​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​បេក្ខជន​អន្តរជាតិ​ដទៃ​ទៀត​បាន​ដែរ​ឬទេ? ស្ថាន​ទូត​អាមេរិក​ និង​ក្រសួង​ការពារ​ជាតិ​កម្ពុជា​នឹង​សម្រេច​ចុង​ក្រោយ​លើ​ការ​កំណត់​យក​ឈ្មោះ​បេក្ខជន៕

អត្ថបទ៖ វឌ្ឍនៈ