Emmanuel ​៖ មិន​ញញើត​កីឡាករ​ថៃ​ Watchralek ​ ម្នាក់​នេះ​ទេ

  • 2017-08-10 07:53:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បរទេស​ដែល​ស្រឡាញ់​គុន​ខ្មែរ​ និង​ចង់​សាង​កេរ្តិ៍ឈ្មោះ​នៅ​កម្ពុជា​ Emmanuel Onyedikachi​ ថា​មិន​ញញើត​និង​ជើង​ខ្លាំង​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​ Watchralek OR. Kwanmueng​ នោះ​ទេ​ ហើយ​ការ​ប្រកួត​ស្អែក​នេះ​អាច​នឹង​មិន​ដល់​៥ទឹក​ផង។​

កីឡាករ Emmanuel​

កីឡាករ​គុន​ខ្មែរ​ Emmanuel​ បាន​ឲ្យ​ដឹង​មុន​នេះ​ថា​ សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​ជា​មួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ​ Watchralek​ គេ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ចំពោះ​ការ​ប្រកួត​មួយ​នេះ។​ បើ​ទោះ​ជា​មាន​គេ​ប្រាប់​ខ្លួន​ថា​ថៃ​ម្នាក់​នេះ​ខ្លាំង​ និង​មាន​បទ​ពិសោធ​ច្រើន​​ ហើយ​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​កម្ពុជា​ខ្លាំង​ៗ​ច្រើន​រូប​នា​ពេល​កន្លង​មក​ក្ដី​ តែ​ Emmanuel​ មិន​មាន​ចិត្ត​ខ្លាច​រអែង​សូម្បី​តែ​បន្តិច​ គេ​ជឿជាក់​លើ​ខ្លួន​ឯង​ថា​ នឹង​ឈ្នះ​ការ​ប្រកួត​មួយ​នេះ។​

កីឡាករ Emmanuel​

កូន​សិស្ស​លោក​គ្រូ​ ធី​ ណារិទ្ធិ​ ម្នាក់​នេះ​បន្ត​ទៀត​ថា​ សព្វ​ថ្ងៃ​គេ​មាន​ការ​ហ្វឹកហាត់​ខ្លាំង​ក្នុង​១ថ្ងៃ​ហាត់​ចាប់​ពី​ ៥​ ទៅ​ ៦​ ម៉ោង​ឯណោះ​ ទាំង​ការ​លើក​ដុំដែក​យក​កម្លាំង​និង​គុន​ខ្មែរ។​ ចំពោះ​ការ​ប្រកួត​នេះ​ដែរ​ គេ​ក៏​បាន​ទទួល​ដំបូន្មាន​ច្រើន​ពី​លោក​គ្រូ​ ធី​ ណារិទ្ធិ​ ចាន់​ រតនា​ និង​លោក​គ្រូ​ប្រដាល់​សកល​ជម្រើស​ជាតិ​កម្ពុជា​ផង​ដែរ។​ Emmanuel​ ក៏​បាន​មើល​វីដេអូ​ប្រកួត​របស់​ដៃ​គូ​ខ្លួន​រួច​ផង​ដែរ​ និង​ចាប់​ចំណុច​ខ្លះៗ​និង​ត្រៀម​ប្រើ​ក្បាច់​អ្វី​ដើម្បី​ផ្ដួល​អ្នក​ប្រដាល់​ថៃ​នេះរួចហើយ។​

អតីត​អ្នក​កីឡា​កាស​រូប​នេះ​បន្ត​ថា​ ការ​ប្រកួត​ស្អែក​នេះ​ប្រហែល​ជា​មិន​ដល់​៥ទឹក​នោះ​ទេ​ គេ​នឹង​យក​ជ័យជម្នះ​លើ​ Watchralek​ ព្រោះ​ អ្នក​ប្រដាល់​ថៃ​ម្នាក់​នេះ​មិន​ធ្លាប់​ប្រកួត​ជា​មួយ​បរទេស​ដូច​ជា​លោក​នោះ​ទេ​ ម្យ៉ាង​ទៀត​នោះ​ខ្លួន​ប្រកួត​មាន​លក្ខណៈ​ខុស​ពី​កីឡាករ​កម្ពុជា​ផង​ដែរ​ ហេតុ​ដូច​នេះ​កីឡាករ​ថៃ​រូប​នេះ​ ពិបាក​ទប់ទល់​នឹង​ខ្លួនណាស់។​

កីឡាករ Emmanuel​

Emmanuel Onyedikachi​ ជា​កូន​សិស្ស​លោក​គ្រូ​ ធី​ ណារិទ្ធិ​ ចាន់​ រតនា​ និង​លោក​គ្រូ​ប្រដាល់​សកល​ជនជាតិ​គុយបា​ គេ​ធ្លាប់​ប្រកួត​គុន​ខ្មែរ​បាន​២ដង​ ឈ្នះ​ដោយ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ទាំង​២ដង​ ហើយ​ស្អែក​នេះ​អ្នក​ប្រដាល់​រូប​នេះ​នឹង​ត្រូវ​ឡើង​ប្រឈម​ជា​មួយ​ជើង​ខ្លាំង​ថៃ​ Watchralek OR. Kwanmueng​ នៅ​សង្វៀន​ គូបូតា​ បាយ័ន​ស្ទឹង​មានជ័យ​ ចាប់​ពី​ម៉ោង​ ៧យប់​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​