អ្នកតា​ដើម​ស្លែង​ព្រៃ​លើ​ និង​ជំនឿ​ប្លែកៗ​

  • 2017-08-11 02:35:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភូមិសាស្ត្រ​ទឹក​ដី​ព្រៃ​លើ​មាន​សម្រស់​ស្រស់​ត្រកាល​នា​រដូវ​វស្សា ​ដែល​​ទីនេះ​មាន​បង្កប់​នូវ​ជំនឿ​អភិនីហារ​ប្លែកៗ​ និង​បារមី​អ្នកតា​ដើម​ស្លែង​ ឬ​អ្នកភូមិ​ខ្លះ​ហៅថា​អ្នក​តាជោ​។ ​

ខ្ទម​អ្នកតា​ដើមស្លែង

​លោក​ គឹម​ថា ​អាយុ ​៥០​ឆ្នាំ​ ជា​គ្រូ​បង្រៀន​ម្នាក់​មាន​ទី​លំ​នៅ​ភូមិ​ព្រៃ​ផ្អេរ​បាន​ប្រាប់ ​Sabay​ ថា ​លោកតា​ដើម​ស្លែង​នេះ​ កាលពីមុន​បើ​អ្នកណា​ធ្វើ​ដំណើរ​ឆ្លងកាត់​ គឺ​ត្រូវ​ចុះ​មក​កាច់​ស្លឹកឈើ​បន់ស្រន់​សុំ​សេចក្តី​សុខ​បើ​មិន​អញ្ចឹង ទេ​មាន​រឿង​ចម្លែកៗ​កើតឡើង​មិន​ខាន​ព្រោះ​គាត់​ជា​អ្នកថែរក្សា​ទឹកដី​ព្រៃ​លើ​នេះ​។

លោក គឹមថា

«សូម្បីតែ​ខ្ញុំ​ចំណាស់​ហ្នឹង​ទៅ​ហើយ​បើ​ឆ្លងកាត់​ទី​នោះ​ម្នាក់ឯង​ក៏​ព្រឺក្បាល​ដែរ​។» លោក គឹមថា ​បាន​ឲ្យ​ដឹង​បែប​នេះ។ លោក​ថា​ ប៉ុន្មាន​ឆ្នាំមុន​នេះ​មាន​ក្រុមហ៊ុន​ឡាន​ជីក​ដី​មួយ​បាន​មក​បោះ​ទីតាំង​សង់​ជម្រក​នៅ​ជិត​រោង​អ្នកតា​នោះ​ចម្ងាយ​ជាង ​១០០​ម៉ែត្រ​ តែ​នៅ​ពេល​យ​ប់​ឡើង​ស្រាប់តែ​មាន​ស្រមោល​ខ្មៅៗ​មក​ដេញ​អោយ​រើ​ទីជម្រក​ចេញ​មិន​អោយ​ស្នាក់នៅ​បានទេ​។​ ដូច្នោះ​ក្រុមហ៊ុន​នោះ​​ក៏​លែង​ហ៊ាន​ធ្វើ​អ្វី​ទាំងអស់​។

ប្រភព​ដដែល​បន្ត​ទៀ​ត​ថា ​ទី​នេះ​ក៏​មាន​អ្នកស្រុក​អ្នកភូមិ​ដែល​មក​ឃ្វាលគោ​ធ្លាប់​ឃើញ​ពស់វែករនាម​ទាំង​គូរ​ៗ​ ធ្លាប់​បង្ហាញខ្លួន​នៅ​ជិតៗ​រោង​អ្នកតា​នេះ​ដែរ​ពេល​ដែល​មាន​អ្នកណាម្នាក់​និយាយ​ខុស​មាត់ ​(​ខុស​ត្រណម​​អ្នកដើរ​ព្រៃ​)​។​

ទាក់ទង​នឹង​បញ្ហា​នេះ ​យុវជន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​ថា «កាល​ខ្ញុំ​នៅ​ក្មេង​ធ្លាប់​មក​ឃ្វាលគោ​នៅ​ម្ដុំ​ជិតៗ រោង​អ្នកតា​ខាង​លើ​នេះ​ ខ្ញុំ​ប្រទះ​ឃើញ​វត្ថុ​ម្យ៉ាង​មិន​ដឹង​ថា ​ជាអ្វី​ក៏ដើរ​ចូល​ទៅ​ជិត​ទើប​ដឹង​ថា ជា​ពស់​ត្បាល់​ ខ្ញុំ​ក៏​រត់​ចេញ​មក​វិញ​ទាំង​អារម្មណ៍​ភ័យខ្លាច​ រហូត​ធ្លាក់​ខ្លួន​ឈឺ​អស់​ជាច្រើន​ខែ ទម្រាំ​មើល​ជា»។​

សូម​បញ្ជាក់​ថា​ ព្រៃ​លើ​ជា​តំបន់​អភិរក្ស​ព្រៃឈើ​ធម្មជាតិ​មួយ​ដែល​មាន​ទំហំ​ផ្ទៃដី​រាប់​រ​យ​ហិកតារ​ស្ថិត​ក្នុង​ទឹកដី​ស្រុក​ទ្រាំង​ ប៉ុន្តែ​វា​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជា​១០​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួម​ខេត្ត​តាកែវ ​ប៉ុន្តែ​ទី​នេះ​ពុំ​សូវ​មាន​មនុស្ស​ឆ្លងកាត់​ទេ​លើកលែងតែ​អ្នក​ស្រុកភូមិ​ជិតៗ​ហ្នឹង​ប៉ុណ្ណោះ៕​

អត្ថបទ៖ ជិន វេន​

អត្ថបទពេញនិយម
អត្ថបទថ្មី