ហៅ​ម៉ូតូ​ឌុប​ជិះ ស្រាប់​តែ​ជួប​ឪពុក​ដែល​បាត់​ខ្លួន​ជាង ១០​ឆ្នាំ

  • 2017-08-11 04:24:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ឪពុក​លែង​លះគ្នា និង​បាត់​ដំណឹង​ជាង​ ១០​ឆ្នាំ
  • ជួប​គ្នា​ពេល​ហៅ​ម៉ូតូ​ឌុបជិះទៅ​ផ្ទះ
  • យកលេខទូរសព្ទ​ឪពុក ដើម្បី​ទាក់​ទង​ថ្ងៃក្រោយ

ពេល​ហៅ​ម៉ូតូ​ជិះ​តាម​អនឡាញ នារី​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​បាន​ភ្ញាក់​ផ្អើល និង​រំភើប​ចិត្ត​ហួស​ថ្លែង ព្រោះ​ប្រទឃើញ​អ្នក​មក​ទទួល​នោះ គឺ​ជា​ឪពុក​ដែល​បាត់​ខ្លួន​ជាង ១០​ឆ្នាំ​មក​ហើយ។ រឿង​រ៉ាវ​នេះ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​នារី​ឈ្មោះ Salma Zuhara មក​ពី​ក្រុង Kudus ខេត្ត Central Java។ ​​

សំណេរ​ដែល​បង្ហោះ​ឡើង​ដោយSalma Zuhara បាន​រៀប​រាប់​ថា៖ “ខ្ញុំ​ចេញ​ពី​រៀន ក៏​ហៅ​ម៉ូតូឌុប​អន​ឡាញ​ជិះ។ ម៉ូតូ​ឌុប​មួយ​គ្រឿង​បាន​មក​ទទួល​ខ្ញុំ តែ​ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍​ទេ​ពី​ដំបូង។ ពេល​អ្នក​បើក​ម៉ូតូ​មក​ដល់ ខ្ញុំ​ក្រឡេក​មើល ក៏​ស្គាល់​ថា​ជា​ប៉ា​ខ្ញុំ... តាម​ពិត​ប៉ា​ខ្ញុំ និង​ម៉ាក់ បាន​លែងលះ​គ្នា​យូរ​ហើយ ហើយ​ក៏​មិន​ដែល​ឮ​ពី​គាត់​ដែរ។ ឥឡូវ​ព្រះ​ជា​អ្នក​កំណត់​ឲ្យ​យើង​ជួប​គ្នា​បែប​នេះ។ ខ្ញុំ​រំជួល​ចិត្ត​ណាស់ ពេល​ខាន​ឃើញ​ប៉ា​ខ្ញុំ​ច្រើន​ឆ្នាំ​មក​នេះ។"

ក្នុង​បទ​សម្ភាស​ជាមួយ​ព័ត៌មាន Salam បាន​ពន្យល់​ថា ឪពុក​ម្ដាយ​នាង បាន​លែង​លះ​គ្នា ១០​ឆ្នាំ​មុន ហើយ​ឥឡូវ​នាង​រស់​នៅ​ជាមួយ​ម្ដាយ និង​បង​ប្អូន ៣​នាក់​ទៀត នៅ​ក្រុង Kudus។ គ្មាន​នរណា​ដឹង​ថា ឪពុក​ទៅ​ដល់​ទី​ណា​ឡើយ ក្រោយ​ពេល​បែក​គ្នា​ជាមួយ​ម្ដាយ ហើយ​ក៏​មិន​ដែល​ជួប​សូម្បី​ម្ដង។

Salma បាន​និយាយ​ទៀត​ថា៖ "ពួក​យើង​មិន​ដឹង​កន្លែង​គាត់​ទេ ព្រោះ​គាត់​ប្ដូរ​គ្រប់​កន្លែង... អ៊ី​ចឹង​ហើយ បាន​ខ្ញុំ​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​ពេល​ឃើញ​គាត់​ម្ដង​ទៀត"។ នារី​វ័យ ១៧​ឆ្នាំ​នេះ បាន​បញ្ជាក់​ថា នាង​ពិបាក​រៀបរាប់​អារម្មណ៍ បន្ទាប់​ពី​ឃើញ​ឪពុក​ដែល​បែក​ច្រើន​ឆ្នាំ ក្នុង​សភាព​ចៃដន្យ​បែប​នេះ។

“ខ្ញុំ​មាន​អារម្មណ៍​សង្វេគ, សប្បាយ, ក្ដុកក្ដួល... ខ្ញុំ​ពិត​ជា​មិន​អាច​ពន្យល់​បាន​ទេ"។ Salma និយាយ។ នាង​បាន​បន្ថែម​ទៀត​ថា អំឡុង​ពេល​ជិះ​ម៉ូតូ​ពី​ក្រោយ​ឪពុក នាង​បាន​និយាយ​គ្នា​ខ្លះៗ ពី​ការ​រៀន​សូត្រ​របស់​នាង ប៉ុន្តែ​មិន​មាន​អ្វី​ច្រើន​ទេ ព្រោះ​មាន​អារម្មណ៍​រំជួល​ចិត្ត​ខ្លាំង ពេល​ជួប​គ្នា​លើក​ដំបូង។ យ៉ាង​នេះ​ក្ដី Salma អះ​អាង​ថា នាង​បាន​លេខ​ទូរសព្ទ​ឪពុក​នាង​ ហើយ​នាង​នឹង​ទាក់​ទង​ជាមួយ​គាត់​នៅ​ពេល​ណា​មួយ៕

អត្ថបទ៖ គង់ វិសាល