១៥​ ប្រកួត​ចុងក្រោយ Roger Federer មិនដែល​ស្គាល់​ពាក្យ​ថា​ចាញ់​ទេ

  • 2017-08-12 08:12:46
  • ចំនួនមតិ

ចន្លោះមិនឃើញ

កីឡាករ​វាយ​តិន្នីស Roger Federer រក​ឃើញ​ជ័យជម្នះ​ជា​លើក​ទី​១៥​ជាប់​គ្នា បន្ទាប់​ពី​យក​ឈ្នះ​កីឡាករ​អេស្ប៉ាញ Roberto Bautista Agut  ឡើង​ទៅ​វគ្គ​៤​នាក់​ចុងក្រោយ​ពាន  Rogers Cup ក្នុង​ទីក្រុង Montreal ប្រទេស​កាណាដា។

កីឡាករ​ស្វីស​វ័យ​៣៦​ឆ្នាំ​ បាន​យក​ឈ្នះ Roberto យ៉ាង​ស្រួល​ក្នុង​រយៈពេល​៦៨​នាទី​ក្នុង​លទ្ធផល ៦-៤ និង ៦-៤ ឡើង​ទៅ​ជួប​កីឡាករ​ហូឡង់ Robin Haase ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ Federer កំពុង​សម្លឹង​ចង់​បាន​ពាន Rogers Cup នេះ​ជា​លើក​​ទី​៣​ក្នុង​អាជីព និង​ពាន​ទី​៦​ក្នុង​រដូវ​កាល​២០១៧​នេះ។

ចំណែក​កីឡាករ​កីឡាករ​កាណាដា Denis Shapovalov នឹង​ត្រូវ​លេង​ជាមួយ​កីឡាករ​​រុស្សី Alexander Zverev ក្នុង​វគ្គ​៤​ក្រុម​ដូច​គ្នា។ ស្របពេល​ Rafael Nadal បាន​ធ្លាក់​​​នៅ​វគ្គ​១៦​នាក់​ក្នុង​ពាន Rogers Cup កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ម្ចាស់​លេខ​១​ពិភពលោក Andy Murray មិន​បាន​ចូលរួម​ដោយ​សារ​​របួស ​Rogers អាច​នឹង​មាន​ឱកាស​ឡើង​នៅ​ឈរ​លើ​តារាង​ចំណាត់​ថ្នាក់​ទី​១​ពិភពលោក​វិញ។

ប្រសិន​ជា​ចង់​ឡើង​មក​លេខ​មួយ ​Rogers ត្រូវ​លេង​ឈ្នះ​ពាន  Rogers Cup ឲ្យ​បាន និង​ធ្វើ​ឲ្យ​បាន​ល្អ​ជាង Nadal  នៅ​ពាន Cincinnati ដែល​ត្រៀម​លេង​នៅ​សប្ដាហ៍​ក្រោយ នោះ​​គេ​នឹង​ឈរ​លេខ​មួយ​នៅ​ថ្ងៃ​ទី ២១ ខែ សីហា​ខាង​មុខ៕

Roberto Bautista Agut 

ចុចអាន៖​

​​​


ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ