ប្រធានាធិបតី​ចិន ទូរសព្ទ​ទៅជួប​ដូណាល់ ត្រាំ រឿង​កូរ៉េខាងជើង

  • 2017-08-12 08:46:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ថ្ងៃ​​សៅរ៍​ទី ១២​សីហា ប្រធានាធិបតី​ចិន​ ស៊ី ជិនពីង បាន​ទូរសព្ទ​​ផ្ទាល់​ស្កាត់​ទៅ​​ជួប​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ​ដោយ​ជំរុញ​ឲ្យ​ ត្រាំ ចៀស​វាង​ការ​ប្រើ​ប្រាស់​​ពាក្យ​សម្ដី និង​សកម្មភាព​ទាំង​​ឡាយ​ណា​ដែល​​ធ្វើ​ឲ្យ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​កាន់​តែ​ឡើង​កម្ដៅ។ នេះ​បើ​តាម​​ការ​ផ្សព្វ​ផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​ចិន CCTV ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ។

ស៊ី ជិនពីង និង​ដូណាល់ ត្រាំ

លោក​ប្រធានាធិបតី​ចិន បាន​អំពាវ​នាវ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​រក្សា​ភាព​អត់​ធ្មត់ បន្ត​ការ​ចរចា​ពិភាក្សា និង​រក​ដំណោះ​ស្រាយ​​នយោបាយ។ លោក ជិនពីង​ បន្ថែម​ថា "វា​ជា​​ផល​ប្រយោជន៍​រួម​ទាំង​ចិន និង​អាមេរិក ដើម្បី​សម្រេច​ឲ្យ​បាន​ការ​មិន​មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ និង​ការពារ​សន្តិភាព ស្ថិរភាព​នៅ​ទី​នោះ"។

ដំណោះ​ស្រាយ​​បញ្ហា​នុយក្លេអ៊ែរ​ត្រូវ​តែ​ធ្វើ​​បែប​នយោបាយ​តាម​រយៈ​ការ​ចរចា ហើយ​ចិន​មាន​គោល​បំណង​ថែ​រក្សា​ទំនាក់​ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក ដោយ​​ឈរ​លើ​គោល​ការណ៍​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ស្វែង​​រក​ដំណោះ​ស្រាយ​សម​ស្រប។

ការ​ទូរសព្ទ​ឆ្លង​ឆ្លើយ​លើក​នេះ ធ្វើ​ឡើង​បន្ទាប់​ពី ដូណាល់ ត្រាំ ​បញ្ចេញ​សារ​គំរាម​ថ្មី​មួយ​ទៀត​ទៅ​កាន់​កូរ៉េខាងជើង​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ដោយ​ថ្លែង​​ថា យោធា​អាមេរិក​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ខណៈ​ទីក្រុង​ព្យុងយ៉ាង​ ចោទ​ប្រកាន់​ដូណាល់ ត្រាំ ថា​កំពុង​នាំ​ឧបទ្វីប​កូរ៉េ​​ទៅ​រក​មាត់​ជ្រោះ​នៃ​សង្គ្រាម​​នុយក្លេអ៊ែរ និង​​ប្រទេស​មហាអំណាច​ជា​ច្រើន​​​​កំពុង​បង្ហាញ​ការ​ព្រួយ​បារម្ភ៕

គ្រាប់ Hwasong-12 របស់​កូរ៉េខាងជើង ដែល​អះអាថា​នឹង​​យក​​មក​បាញ់

ចុចអាន៖

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ ឡេង ភារុណ