ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល៖​ ឧបត្ថម្ភ​ ១៤០០$​ ដល់​អត្តពលិក​ហែលទឹក​មុន​ទៅ​ស៊ីហ្គេម​ ២០១៧

  • 2017-08-13 03:58:06
  • ចំនួនមតិ

ចន្លោះមិនឃើញ

ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ ដែល​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ ឧបត្ថម្ភ​កីឡាករ​ កីឡា​ការិនី​ហែល​ទឹក​កម្ពុជា​៧រូប​ ក្នុង​ម្នាក់​ៗ​ ២០០$​ និង​គ្រូ​បង្វឹក​ម្នាក់​ ប្រតិភូ​ម្នាក់​ ២០០$​ ផង​ដែរ​ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ពួកគេ​មុន​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម​ លើក​ទី២៩​នេះ។​

ប្រធានសហព័ន្ធ និងកីឡាករ​ កីឡា​ការិនីថតរូបជុំគ្នា

ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ បាន​ឲ្យ​ដឹង​ក្នុង​ពិធី​មហាសន្និបាត​បន្ត​អាណត្តិ​ទី៦​នេះ​ថា​ លោក​ក៏​ថ្លែង​អំណរគុណ​ដល់​សមាជិក​ក៏​ដូចជា​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​ដែល​ទុក​ចិត្ត​ និង​បន្ត​គាំទ្រ​រូប​លោក​ឲ្យ​ជាប់​ជា​ប្រធាន​សហព័ន្ធ​បន្ត​ទៀត​នៅ​អាណត្តិ​ទី៦​ ឆ្នាំ​២០១៧​ ដល់​ ២០២១​ នេះ។​ សម្រាប់​អាណត្តិ​ថ្មី​លោក​ នឹង​ប្ដេជ្ញា​ចិត្ត​ប្រឹងប្រែង​ដឹកនាំ​ឲ្យ​មាន​ភាព​រីកចម្រើន​បន្ថែម​ទៀត។​

អត្តពលិកទាំង៧រូប និង​អ្នកគ្រូជប៉ុនខាងឆ្វេងគេ

​ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ត​ទៀត​ថា​ លោក​ពិត​ជា​ចង់​បាន​មេដាយ​ណាស់​ ហើយ​ក៏​ខំ​ជំរុញ​ទឹក​ចិត្ត​កីឡាករ​ កីឡា​ការិនី​ទាំងអស់​​ឲ្យ​ខំប្រឹង​បំផុត​ដើម្បី​ទទួល​បាន​មេដាយ​កម្រិត​ណា​ក៏​បាន​មុន​ដល់​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ ដើម្បី​ជា​មុខ​មាត់​ដល់​សហព័ន្ធ​ផ្ទាល់​ និង​ប្រទេស​ជាតិ​ផង​ដែរ។​ ចំពោះ​ការងារ​ក្នុង​អាណត្តិ​ថ្មី​នេះ​ដែរ​ លោក​ក៏​សំណូមពរ​ដល់​ថ្នាក់​ក្រោម​នានា​ឲ្យ​រៀបចំ​របាយការណ៍​ចំណាយ​ចំណូល​ឲ្យ​បាន​ច្បាស់លាស់​ ជូន​លោក​ដើម្បី​ជា​ភាព​ងាយស្រួល​សម្រាប់​លោក​បាន​ដឹង​ និង​យក​ទៅ​ស្នើ​សុំ​ដល់​ដៃ​គូ​សហការ​នានា​ ឲ្យ​គេ​ជួយ​ឧបត្ថម្ភ​ ក៏​ដូចជា​ជួយ​ជ្រោមជ្រែង​ដល់​សហព័ន្ធ។​

ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​

ទេសរដ្ឋមន្ត្រី​បន្ថែម​ជា​ចុងក្រោយ​ទៀត​ថា​ លោក​នឹង​ព្យាយាម​ដឹក​នាំ​សហព័ន្ធ​មួយ​នេះ​ឲ្យ​មានភាព​ល្បីល្បាញ​ដូចជា​បណ្ដា​កីឡា​នានា​នៅ​កម្ពុជា​ ហើយនឹង​បង្កើត​ជា​ការ​ប្រកួតពាន​រង្វាន់​ផ្សេងៗ​ឲ្យ​បាន​ច្រើន​ ដើម្បី​ទាក់ទាញ​ដល់​អ្នក​គាំទ្រ។​ បើ​មាន​កង្វះខាត​ផ្សេងៗ​នោះ​ ក្រុម​ការងារ​ទាំង​អស់​ត្រូវ​​ប្រាប់​លោក​ឲ្យដឹង ដើម្បី​បាន​រៀបចំ​ទៅ​តាម​សំណើរ​ ដូច​ជា​សម្ភារៈ​ ឬ​ការ​ទាក់ទង​រកគ្រូ​មក​បង្ហាត់​បង្រៀន​ជា​ដើម។​ ចំពោះ​ថវិកា​បន្តិចបន្តួច​ដែល​លោកឧបត្ថម្ភ​ខាង​លើ​នេះ​ជា​សន្ដាន​ចិត្ត​ និង​ជា​ការ​លើក​ទឹក​មួយ​កម្រិត​ទៀតដល់​កីឡាករ​ កីឡា​ការិនី​ចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ៕

ប្រធានសហព័ន្ធ និង​កីឡាការិនី​ ហែមថុន​ វិទីនី

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង


អត្ថបទ៖ នួន ស៊ីណា​