ក្រោយ​បោះ​ឆ្នោត​នៅ​កេនយ៉ា ស្លាប់​មនុស្ស ២៤​នាក់

  • 2017-08-14 02:15:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំពើ​​ហិង្សា​នៅ​ប្រទេស​កេនយ៉ា ​បាន​ផ្ទុះ​ឡើង បន្ទាប់​ពី​​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​នៅ​សប្ដាហ៍​នេះ ​ដោយ​បណ្ដាល​ឲ្យ​​មនុស្ស​​យ៉ាង​តិច​ ២៤​នាក់​​ បាត់បង់​ជីវិត​នៅ​ទូទាំង​ប្រទេស។ នេះ​បើ​តាម​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មួយ​អះអាង។

ជន​រងគ្រោះ​បាត់​បង់​ជីវិត​ទាំង​នោះ​ក៏​មាន​ក្មេង​ស្រី​​អាយុ ៩​ឆ្នាំ​ម្នាក់​​ដែរ​​ ហើយ​​សាច់​​ញាតិ​ប្រាប់​ថា ​ក្មេង​ស្រី​នេះ​ត្រូវ​​គេ​បាញ់​​ស្លាប់។

​លោក Kenyatta អាយុ ៥៥​ឆ្នាំ​ជា​​ប្រធានាធិបតី​កំពុង​កាន់​អំណាច ត្រូវ​បាន​គេ​ប្រកាស​​ថា ​ជា​អ្នក​ឈ្នះ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ​ដោយ​បាន​យក​ឈ្នះ​មេដឹកនាំ​បក្ស​ប្រឆាំង Raila Odinga ក្នុង​អាណត្តិ​ទី​ពីរ​ជាប់​គ្នា។

លោក​បាន​ឈ្នះ​សំឡេង ៥៤% ​ខណៈ​បក្ស​ប្រឆាំង​ដ៏​ធំ​ទទួល​បាន​សំឡេង ៤៥%។ អំពើ​ហិង្សា​ផ្ទុះ​ឡើង​បន្ទាប់​ពី​ប្រកាស​ជ័យជំនះ។ អ្នក​តវ៉ា​ភាគ​ច្រើន​ភាគ​ច្រើន​ គឺ​ជា​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ដែល​បាន​ច្រាន​ចោល​លទ្ធ​ផល​ឆ្នោត​ដោយ​ហៅ​ការ​បោះ​ឆ្នោត​ថា​ មាន​ភាព​បន្លំ​បោក​ប្រាស់ ប៉ុន្តែ​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​អះអាង​ថា ​មាន​សេរីភាព និង​ជា​លទ្ធ​ផល​ជឿ​ទុក​ចិត្ត​បាន។

ការ​តវ៉ា​​កើត​ឡើង​នៅ​បរិវេណ Kisumu ​កន្លែង​មេដឹកនាំ​​បក្ស​ប្រឆាំង Odinga ស្ថិត​នៅ។ មនុស្ស​ម្នាក់​​ត្រូវ​បាន​សម្លាប់​នៅ​យប់​ថ្ងៃ​​ផ្ទុះ​ហិង្សា​តែ​ម្ដង។ បន្ទាប់​មក​ អំពើ​​ហិង្សា​ផ្ទុះ​ឡើង​នៅ​តំបន់​ពលរដ្ឋ​ក្រីក្រ​នៃ​​ទីក្រុង Nairobi ដោយ​អាជ្ញាធរ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​​គ្រាប់​កាំ​ភ្លើង​នៅ​ថ្ងៃ​បន្ត​បន្ទាប់៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ ឡេង ភារុណ