៥ ចំណុច​សំខាន់​បំផុត​ សម្រាប់​ជីវិត-​ប្ដី​ប្រពន្ធ​ក្រោយ​រៀបការ​រួច ទើប​គ្រួសារ​រីក​ចម្រើន

  • 2017-08-14 08:10:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀបការ​កសាង​គ្រួសារ គឺ​ជា​រឿង​ដែល​មនុស្ស​គ្រប់​រូប​មិន​អាច​ជៀស​ផុត​ ហើយ​ការ​រៀបការ​ដោយ​មាន​ផែនការ​ច្បាស់​លាស់ រៀបការ​ដោយ​មាន​ទំនុក​ចិត្ត​ ថា​កសាង​គ្រួសារ​មួយ​ដ៏​មាន​សុភមង្គល​ គឺ​ជា​រឿង​សំខាន់​បំផុត។ ដូច្នេះ​ក្រោយ​រៀបការ​ហើយ តើ​ពីរ​នាក់​ប្ដី-​ប្រពន្ធ​គួរ​ធ្វើ​ដូច​ម្ដេច​ខ្លះ ទើប​គ្រួសារ​មាន​ភាព​រីកចម្រើន? ខាង​ក្រោម​នេះ ជា​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ ហេង ដារារ័ត្ន បង្រៀន​មុខ​វិជ្ជា​សហគ្រិន​ភាព នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​ លើក​ឡើង​ជុំវិញ​បញ្ហា​នេះ៖

១.ផ្ទះ​រស់​នៅ​ផ្ទាល់​ខ្លួន​​ពីរ​នាក់​ប្ដី​-ប្រពន្ធ

ប្រសិន​បើ​រៀប​ការ​រួច​នៅ​មិន​ទាន់​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​រស់​នៅ​ទេ ចំណុច​សំខាន់​បំផុត​ គឺ​រួម​គ្នា​ទិញ​ផ្ទះ​ទាំង​ពីរ​នាក់​ប្ដី-​ប្រពន្ធ។ លោក​សាស្ត្រាចារ្យ ហេង ដារា​រ័ត្ន លើក​ឡើង​ថា ផ្ទះ​គឺ​ជា​ទ្រព្យ​សម្បត្តិ​ធំ​គួរ​ទិញ​មុន​គេ ចំណែក​ទ្រព្យ​របស់​ផ្សេង​ទៀត អាច​លៃ​លក​នៅ​ពេល​ក្រោយ ព្រោះ​ក្រោយ​រៀបការ​ហើយ​មិន​អាច​ស្នាក់​អាស្រ័យ​ជាមួយ​ឪពុក​-ម្ដាយ​រហូត​នោះ​ទេ។ ដូច្នេះ​ត្រូវ​វិភាគ​មើល​ទៅ​លើ​ប្រាក់​ចំណូល​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ថា​តើ​សល់​ពី​ការ​ចំណាយ​ចាំបាច់​ទាំង​អស់ អាច​មាន​លទ្ធភាព​ទិញ​ផ្ទះ​បង់​រំលស់​ដែរ​ឬ​ទេ? យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​មាន​ប្រាក់​ខែ​ម្នាក់​ ៤០០​ដុល្លារ​ដែរ។ ក្រោយ​មាន​ផ្ទះ​រស់​នៅ​ហើយ អាច​ចាត់​ទុក​ថា ជា​ភាព​ជោគជ័យ​ដំណាក់​កាល​ដំបូង​ សម្រាប់​ជីវិត​ប្ដី​ប្រពន្ធ​។

​​២. សន្សំ​លុយ​បើក​អាជីវកម្ម​ខ្នាត​តូច​មួយ

ក្រោយ​ពេល​​មាន​ផ្ទះ​សមរម្យ​រស់​នៅ​ហើយ គឺ​ការ​ចាប់​ផ្ដើម​បង្កើន​ទ្រព្យ​សម្បត្តិ​តាម​រយៈ​ការ​ធ្វើ​អាជីវកម្ម​លក្ខណៈ​គ្រួសារ។ លោក ហេង ដារា​រ័ត្ន និយាយ​ថា ការ​ធ្វើ​ការ​ឱ្យ​គេ​មិន​ងាយ​សល់​លុយ​នោះ​ទេ ដូច​នេះ​ហើយ​គួរ​ចាប់​ផ្ដើម​បែង​ចែក​ប្រាក់​ចំណូល​មួយ​ផ្នែក​​សន្សំ​ទុក​រកស៊ី។ ក្នុង​នោះ​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​មិន​ចាំបាច់​ទាំង​ឡាយ​ ហើយ​យក​លុយ​សន្សំ​ក្នុង​ធនាគារ ក្នុង​រយៈពេល​កំណត់​ណា​មួយ ដោយ​ក្នុង​១​ខែ​យ៉ាង​ហោច​ណាស់​ក៏​សន្សំ ៥០០ ទៅ ៦០០​ដុល្លារ​ដែរ​ ឬ​ច្រើន​លើស​ពី​នេះ​អាស្រ័យ​លើ​ចំណូល​រក​បាន។ ក្រោយ​សន្សំ​រយៈ​ពេល ៥ ទៅ ៦​ឆ្នាំ អាច​មាន​កញ្ចប់​លុយ​តូច​មួយ ​អាច​បើក​អាជីវកម្ម​ខ្នាត​តូច​ដូច​ជា៖ លក់​ដូរ ចំណី​អាហារ ភេសជ្ជៈ​ជា​ដើម។

៣. សន្សំ បង្កើន​ទ្រព្យ ពង្រីក​មុខ​របរ

លោក​សាស្ត្រាចារ្យ​មុខ​វិជ្ជា សហគ្រិន​ភាព រូប​នេះ​លើក​ឡើង​ទៀត​ថា គ្មាន​អ្វី​ល្អ​ជាង​ការ​សន្សំ​នោះ​ទេ ទោះ​រក​បាន​ប៉ុណ្ណា​បើ​មិន​ពូកែ​សន្សំ​ក៏​គ្មាន​ថ្ងៃ​ក្លាយ​ជា​អ្នក​មាន​ដែរ។ ក្រោយ​ជីវភាព​ក្នុង​គ្រួសារ​ចាប់​ផ្ដើម​ល្អ​ប្រសើរ​ហើយ ពីរ​នាក់​ប្ដី​ប្រពន្ធ​គួរ​ចាប់​ផ្ដើម​សន្សំ និង​ការ​បង្កើន​ទ្រព្យ​សម្បត្តិ​​ដូចជា​ទិញ​ផ្ទះ​ថែម ទិញ​រថយន្ត និង​ទ្រព្យ​ផ្សេង​ទៀត​ដែល​អាច​ចំណេញ​ទៅ​ថ្ងៃ​ក្រោយ។ ចំណុច​សំខាន់​មួយ​ទៀត​នោះ គឺ​ពង្រីក​មុខ​របរ​ដែល​មាន​ស្រាប់​ឱ្យ​កាន់​តែ​រីក​ចម្រើន មិន​មែន​នៅ​តែ​ដដែល​គ្មាន​ការ​អភិវឌ្ឍ​នោះ​ទេ។

៤. កំណត់​ផែនការ​អនាគត

នៅ​ត្រង់​ចំណុច​នេះ​ពិត​ជា​សំខាន់ សម្រាប់​ជីវិត​ប្ដី​ប្រពន្ធ គឺ​ការ​រៀបចំ​ផែន​ការ​អនាគត។ ក្នុង​នោះ​ត្រូវ​ពិភាក្សា​គ្នា ពី​បញ្ហា​ដែល​អាច​កើត​មាន​ទៅ​ថ្ងៃ​ក្រោយ ដូច​ជា​របរ​រកស៊ី​តើ​អាច​មាន​ហានិភ័យ​អ្វី​ខ្លះ? ក្នុង​រយៈ​ពេល ៥​ឆ្នាំ ឬ​១០​ឆ្នាំ​ទៀត​ត្រូវ​ធ្វើ​អ្វី​ទៀត​សម្រាប់​ជីវិត​គ្រួសារ? ដូច្នេះ​ត្រូវ​កំណត់​ផែនការ និង​ព្យាយាម​ធ្វើ​រហូត​ជោគជ័យ​តាម​ការ​កំណត់​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ។ លោក​សាស្ត្រាចារ្យ ហេង តារា​រ័ត្ន​បន្ថែម។

៥. កំណត់​ពេល​វេលា​ត្រូវ​មាន​កូន

លោក​សាស្ត្រាចារ្យ​រូប​នេះ​ប្រាប់​ទៀត​ថា ក្រោយ​មាន​ជីវភាព​ធូរធារ ហើយ​ប្រពន្ធ​អាច​ដក​ខ្លួន​ដើម្បី​ទុក​ពេល​វេលា​មាន​កូន​បាន​ប្ដី​ប្រពន្ធ អាច​ចាប់​ផ្ដើម​កំណត់​ពេល​ត្រូវ​យក​កូន។ ការ​យក​កូន​មិន​មែន​ចេះ​តែ​ចង់​បាន​តាម​​ចិត្ត​នោះ​ទេ ត្រូវ​ដឹង​ថា មាន​កូន​គឺ​មាន​បន្ទុក កុំ​យក​កូន​ក្នុង​ពេល​ស្ថានភាព​លំបាក ដោយ​មិន​មាន​ផែន​ការ​។ ក្រោយ​មាន​កូន​ត្រូវ​គិត​គូរ​ពី​អនាគត​កូន ទាំង​ការ​រៀន និង​អ្វី​ៗ​គ្រប់​បែប​យ៉ាង​សម្រាប់​កូន។ ដូច្នេះ​ហើយ​ទើប​ពីរ​នាក់​ប្ដី​ប្រពន្ធ​ត្រូវ​កំណត់​ផែន​ការ​ឱ្យ​បាន​ច្បាស់​លាស់​ទើប ទាំង​កូន និង​ឪពុក​ម្ដាយ​មិន​ជួប​ផល​លំបាក៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ