Dj Nana ​ប្រើ​តែការនិយាយ​ ​អាច​បង្កើត​អាជីវកម្ម​ និង​អាជីព​មួយ​ចំនួន ​ក្នុង​ពេល​តែ១​

  • 2017-08-15 07:58:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាង​ ​សុវ៉ាត​នា​ ​ជា​ឈ្មោះ​របស់​តារា​ស្រីវ័យ​ ៣១ឆ្នាំ​ ​កំពុង​ល្បី​ខ្លាំង​លើ​ប្រព័ន្ធផ្សព្វផ្សាយ​ជាច្រើន​។ បើ​និយាយ​ពី​រឿង​ស្នេហា​ ​កញ្ញា សុវ៉ាតនា​ ឬហៅក្រៅថា​ Dj Nana ​តែង​តែ​មាន​រឿង​​និយាយមិនអស់​ និង​បាន​ក្លាយ​ជា​នារី​ពូកែ​វោហា​មួយ​រូប​ដែល​គេ​នឹក​ឃើញ​មុន​គេ ​ពេល​ជួប​បញ្ហា​ស្នេហា​។

មិន​ត្រឹម​តែ​មាន​អាជីព​ជា​ពិធីការីនី​ និង​តារា​សម្ដែង​ ​កញ្ញា​បាន​ធ្វើ​កិច្ចការ​​សង្គម​ដោយ​ខ្លួន​ឯង​ និង​តាមរយៈ​ស្ថាប័ន​អង្គការ​មួយ​ចំនួន​តាំង​ពី​អាយុ​​១៥ឆ្នាំ​។​ ​បច្ចុប្បន្ន​ ​កញ្ញា​បាន​បង្កើត​អាជីវកម្ម​ ​ដែល​មាន​ដៃ​គូ​សហការ​​ផលិត​វីដេអូ​ និង​អាច​រក​ចំណូល​បាន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែៗ​។

Dj Nana ​បានប្រាប់​ Sabay ថា ​ការងារ​និង​របរ​ដែល​កញ្ញា​រក​ទទួល​ទាន​រាល់ថ្ងៃ​​គឺ​កើត​ចេញ​ពី​ទទេពកោសល្យ​ និងបទ​ពិសោធ​ធ្លាប់​ជួប​ ហើយ​​ញែក​ចេញ​ទៅ​ជា​ប្រធាន​បទ​ រួច​យក​ទៅ​​និយាយ​ចែក​រំលែក​ឲ្យ​ប្រិយមិត្ត​ (Fan) ​តាមរយៈ​វីដេអូ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេស​បុក​របស់​កញ្ញា។

កញ្ញា​បន្ថែម​ថាៈ «​ដោយសារខ្ញុំធ្វើការក្នុងវិទ្យុជាង​៥ឆ្នាំ ​និង​ខ្ញុំ​មាន​ទេព​កោសល្យ​ស្រាប់​...ហើយខ្ញុំក៏សាកល្បងថតវិដេអូប្រើទូរស័ព្ទខ្លួនឯង..ដោះស្រាយបញ្ហាស្នេហាឲ្យគេ»។​

កញ្ញា​ Nana ​បានរៀបរាប់ថា​ ​កញ្ញា​បាន​ចាប់​ផ្ដើម​អាជីវកម្ម​ផលិត​វីដេអូ​ដំបូង​ មិន​បាន​ចំណាយ​ដើម​ទុន​អ្វី​ច្រើន​ឡើយ ​ពោល​គឺ​អស់​តែ​«ទឹក​មាត់​និយាយ​ប៉ុណ្ណោះ​»។ ​កញ្ញា​ថា​ សម្រាប់​ការ​ថតវិញ​ កញ្ញា​មាន​ដៃ​គូ​សហការ​ ដែល​ជាអ្នក​​មាន​កាម៉ារ៉ា ​និង​បច្ចេកទេស​ថត។

ដោយ​ឡែក​សម្រាប់​តម្លៃ​ផ្សព្វផ្សាយ​វីដេអូ​មួយ​សម្រាប់​ក្រុមហ៊ុន​ អាច​មាន​តម្លៃ​យ៉ាង​តិច​ក៏​ ១ ៥០០​ដុល្លារ​ដែរ​ ហើយ​ក្នុង​មួយ​ខែ​ ​ក្រុម​ការងារ​ថត​ស្ពត​ពាណិជ្ជកម្ម​របស់​កញ្ញា​ អាច​រក​ចំណូល​បាន​ដល់​ខ្ទង់​ម៉ឺនដុល្លារ។​ យ៉ាង​ណា​មិញ​ ​កញ្ញា ​សុវ៉ាតនា មិន​អាច​បញ្ជាក់​ពី​ចំណូល​ជាក់ស្ដែង​ប្រ​ចាំ​ខែ​បាន​ទេ​ ព្រោះ​ថា​ចំណូល​មិន​សូវ​ទៀង​ទាត់​នោះ​ទេ​។ កញ្ញា​បញ្ជាក់​ថា​​​ក្រុម​ការងារ​របស់​កញ្ញា​សុទ្ធតែ​ជា​អ្នក​ធ្វើ​ការ​ក្រៅ​ម៉ោង​ប៉ុណ្ណោះ​។

ងាក​មក​អាជីព​វិញ Dj Nana ​ឲ្យ​ដឹង​ដែរ​ថា​ ​បច្ចុប្បន្ន​កញ្ញា​ទទួល​ការងារ​ជាច្រើន​ក្នុងពេល​តែមួយ​ ដូចជា​ ធ្វើ​ជា​ផលិតករ​និងពិធីការិនី​​ក្នុង​ហ្វេសបុក​ផេក​ Dj Nana TV, ​ពិធីការិនីវិទ្យុ​ និង​ទូរទស្សន៍​ តារា​សម្ដែង​ ក្នុង​នោះ​ក៏​មាន​ការងារ​សង្គម​ ដែល​​មិន​ទទួល​បាន​ចំណូល​ផងដែរ។ ​ដូចជា​ពេល​​ថ្មីៗ​នេះ​ កញ្ញា​ធ្វើជា​អគ្គរាជទូត​កិត្តិយសរបស់​អង្គការ​Plan ដែល​គម្រោង​នេះ​តម្រូវ​ឲ្យ​កញ្ញា​​ចុះ​ជួប​កុមារី​នៅ​ទី​ជន​បទ​ដើម្បីលើ​ទឹក​ចិត្ត​ និង​បណ្តុះ​ក្តី​ស្រ​ម៉ៃ​ឲ្យ​កុមារី​ទាំងនោះ​​ ក្នុង​ន័យ​ឲ្យ​កុមារី​ចេះ​តស៊ូដើម្បី​ក្តី​ស្រម៉ៃ​របស់ខ្លួន៕​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម