UCL៖ Liverpool អាច​ស៊ី​ Hoffenheim ក្រៅ​ដី​បាន​ទេ​យប់​នេះ?

  • 2017-08-15 08:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ UEFA Champions League វគ្គ​ជម្រុះ​នឹង​ចាប់​ផ្ដើម​ហើយ​នៅ​យប់​នេះ​ក្នុង​នោះ​គូ​ពិសេស​ជាងគេ​គឺ​ការ​ប៉ះ​គ្នា​រវាង​ហង្ស​ក្រហម​ Liverpool និង​ Hoffenheim វេលា​ម៉ោង​១:៤៥​នាទី​រំលង​អាធ្រាត្រ​ម៉ោង​នៅ​កម្ពុជា​។

Liverpool ដែល​ជា​ជើងឯក​ Champions League ៥​សម័យកាល​បាន​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​៤​នៅ​ Premier League រដូវ​កាល​មុន​ ខណៈ Hoffenheim ក៏​បាន​លេខ​៤​ដូច​គ្នា​នៅ Bundesliga។ ចាំ​មើល​រវាង​ក្រុម​ស្រេកឃ្លាន​កៅអី​ពាន​ទ្វីប​អឺរ៉ុប​ទាំង​ពីរ​មួយ​ណា​ឈ្នះ​នៅ​ជើង​ទី​មួយ?

ជើង​កីឡាករ៖

Liverpool នឹង​លេង​ដោយ​គ្មាន​កម្លាំង​សំខាន់​ជា​ច្រើន​ដូច​ជា Sturridge (របួស​ភ្លៅ), Coutinho (របួស​ខ្នង​), Adam Lallana (របួស​ភ្លៅ​) និង​ Nathaniel Clyne (របួស​ខ្នង​) ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា៖ Mignolet; Alexander-Arnold, Matip, Lovren, Robertson; Can, Henderson, Wijnaldum; Salah, Firmino, Mané។

Hoffenheim ពេញ​ជើង​ល្អ​ណាស់​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ Wagner ទើប​តែ​ជា​ពី​របួស​ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា Baumann, Nordtveit, Vogt, Bicakcic, Polanski, Toljan, Gnabry, Amiri, Schulz, Kramaric, Wagner។

សំដី​គ្រូ​បង្វឹក​៖

អ្នក​ចាត់ការ​ Liverpool លោក Jurgen Klopp៖"បើ​សិន​ជា​ពួក​យើង​លេង​មិន​បាន​១០០%ទល់​នឹង​ Hoffenheim នោះ​យើង​នឹង​ក្លាយ​ជា​ក្រុម​ដែល​ត្រូវ​ធ្លាក់​ចេញ​ពី​កម្មវិធី​។ ពួកគេ​គឺ​ជា​ក្រុម​ដ៏​គ្រោះ​ថ្នាក់ និង​មាន​គ្រូ​បង្វឹក​ល្អ"។

អ្នក​ចាត់ការ​ Hoffenheim លោក​ Julian Nagelsmann៖​ "ជា​ការ​ពិត​ពួក​យើង​ដឹង​ថា​ Liverpool គឺ​ជាក្រុម​មាន​ប្រៀប​សម្រាប់​ការ​ប្រកួត​នេះ​ តែ​យើង​អាច​ធ្វើ​ឲ្យ​ពួក​គេ​ភ្ញាក់ផ្អើល​ នឹង​ទម្លាក់​ពួកគេ​ចេញ​ពី​កម្មវិធី​នេះ។ ក្រុម​ទាំង​មូល​ត្រូវ​លេង​យ៉ាង​ល្អ​បំផុត​ដើម្បី​​​សម្រេច​វា"។

ស្ថិតិ​មួយ​ចំនួន៖

នេះ​គឺ​ជា​ការ​ប្រកួត​ដំបូង​រវាង​ក្រុម​ទាំង​ពីរ ប៉ុន្តែ​ Liverpool ធ្លាប់​មាន​កំណត់ត្រា​ប៉ះ​ក្រុម​មួយ​ចំនួន​មក​ពី​អាល្លឺម៉ង់​។ ក្នុង​ចំណោម​ ៤០​ប្រកួត​ទល់​នឹង​ក្រុម​មក​ពី Bundesliga ក្រុម​ Liverpool ធ្លាប់​ឈ្នះ​១៩​ដង និង​ចាញ់​៧ដង។ ប្រកួត​ចុងក្រោយ​បំផុត​ក្រុម​មួយ​នេះ​បាន​វាយ​បក​យក​ឈ្នះ​ Dortmund យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ពាន Europa League៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទថ្មី