ស្នេហ៍​ស្មោះ​ទោះ​ស្លាប់​មិន​ប្ដូរ ប្ដី​ប្រពន្ធ​វ័យ​ជិត​ ១០០​ ឆ្នាំ​មួយ​គូ សម្រេច​ចិត្ត​បញ្ចប់​ជីវិត​រួម​គ្នា

  • 2017-08-15 11:57:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

- គូ​ស្នេហ៍​វ័យ​ចំណាស់​មួយ​គូ​បាន​ស្លាប់​កាន់​ដៃ​គ្នា

- ការ​ស្លាប់​ជាមួយ​គ្នា​គឺ​ជា​ក្ដី​ប្រាថ្នា​​ដ៏​ធំ​របស់​ពួក​គាត់​ទាំង​ពីរ

នៅ​ក្នុង​ប្រទេស​ហុល្លង់ គូ​ស្នេហ៍​វ័យ​ចំណាស់​មួយ​គូ​បាន​ស្លាប់​កាន់​ដៃ​គ្នា បន្ទាប់​ពី​ពួក​គេ​បាន​សុំ​ឲ្យ​គ្រូ​ពេទ្យ​បញ្ចប់​ជីវិត​របស់​ពួក​គេ​ទាំង​ពីរ ដើម្បី​បញ្ចប់​ការ​ឈឺ​ចាប់​នៃ​ជំងឺ និង​ភាព​ចាស់​ជរា​។

លោក Nic Elderhorst និង​អ្នក​ស្រី Trees Elderhorst ដែល​ទាំង​ពីរ​នាក់​មាន​វ័យ ៩១​ឆ្នាំ​ដូច​គ្នា បាន​ស្លាប់​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន ក្នុង​ប្រទេស​ហុល្លង់ បន្ទាប់​ពី​រៀប​ការ​ជាមួយ​គ្នា​អស់​រយៈ​ពេល ៦៥​ឆ្នាំ។

ក្នុង​រយៈ​ពេល​ ៥ឆ្នាំ​ចុង​ក្រោយ​នេះ ប្ដី​ប្រពន្ធ​ទាំង​ពីរ​មាន​បញ្ហា​សុខភាព​យ៉ាង​ខ្លាំង ដោយ​លោក Nic មាន​បញ្ហា​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ខណៈ​អ្នក​ស្រី Trees ជា​ប្រពន្ធ​កើត​ជំងឺ​បាត់​ការ​ចង​ចាំ។

បើ​តាម​ការ​បញ្ជាក់​ពី​កូន​ស្រី​របស់​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​បាន​ឲ្យ​ដឹង​ថា "ការ​ស្លាប់​ជាមួយ​គ្នា​គឺ​ជា​ក្ដី​ប្រាថ្នា​​ដ៏​ធំ​របស់​ពួក​គាត់​ទាំង​ពីរ។" កូន​ស្រី​មួយ​ទៀត​របស់​គូ​ស្នេហ៍​វ័យ​៩១ឆ្នាំ​មួយ​នេះ​បាន​បន្ថែម​ទៀត​ថា "ពួក​គាត់​បាន​ថើប​គ្នា​យ៉ាង​ច្រើន ហើយ​បាន​កាន់​ដៃ​គ្នា​យ៉ាង​ណែន​រួច​ក៏​បាន​លា​ចាក​លោក​ទៅ។"

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​បញ្ចប់​ជីវិត​អ្នក​ជំងឺ​ដោយ​គ្រូ​ពេទ្យ គឺ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​មួយ​នេះ ក្នុង​ករណី​ គ្រូពេទ្យ​ទទួល​ការ​ស្នើ​ពី​អ្នក​ជំងឺ ហើយ​ការ​ស្លាប់​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​បញ្ចប់​ការ​ឈឺ​ចាប់​នៃ​ជំងឺ​របស់​ពួក​គេ៕

ចុច​អាន​៖

ប្រភព៖ telegraph   ប្រែ​សម្រួល៖ ហ៊ីម រស្មី