ម្ដាយអាយុ១២ឆ្នាំ ទើបសម្រាលកូន​រួចបោះចោល​ទៅគុម្ពោតព្រៃ​ ធ្វើឲ្យគ្រប់គ្នាខ្លោចចិត្ត

  • 2017-08-16 02:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្មេង​ស្រី​ជា​ម្ដាយ​អាយុ ១២​ឆ្នាំ​ រស់​នៅ​ប្រទេស​ចិន ​បាន​សម្រាល​កូន​ស្រី​ម្នាក់​យ៉ាង​លាក់លៀម រួច​បោះ​បង់​កូន​ចោល​ក្បែរ​គុម្ពោត​ព្រៃ​ក្នុង​ទីក្រុង Yibin បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល។

ទារិកា​កម្សត់​​រូប​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន រួច​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ តែ​សំណាង​​ល្អ​នាង​មាន​សុខភាព​ល្អ។ ​អាជ្ញាធរ​ក្នុង​តំបន់​​បាន​អះអាង​ថា ​ម្ដាយ​របស់​ទារិកា​ ជា​សិស្ស​រៀន​​ថ្នាក់​បឋម​ម្នាក់ និង​ជា​កូន​ស្រី​ ដែល​ឪពុក​ម្ដាយ​ទុក​ចោល​​ ហើយពួក​គាត់​ទៅ​រក​ការងារ​ធ្វើ​នៅ​ទី​ក្រុង។

ទារិកា​ត្រូវ​គេ​​ឃើញ​​ដេក​មាន​កន្សែង​គ្រប​ជិត ក្បែរ​គុម្ពោត​ព្រៃ​នៅ​សង្កាត់​ Nanxi ​ទីក្រុង Yibin ខេត្ត​ស៊ីឈួន នា​យប់​ថ្ងៃ​ទី ១១​សីហា​កន្លង​ទៅ។ ភ្លាម​ៗ​បន្ទាប់​ពី​ប្រទះ​ឃើញ គេ​បាន​បញ្ជូន​ទារិកា​​ទៅ​កាន់​មន្ទីរពេទ្យ Nanxi ​ដើម្បី​ពិនិត្យ​មើល​​ថា​ នាង​កើត​បញ្ហា​អ្វី​ឬ​ទេ តែ​នាង​មិន​មាន​ជំងឺ​អ្វី​ជាប់​ខ្លួន​ឡើយ។

បើ​តាម​គ្រូពេទ្យ​ផ្នែក​កុមារ​​រៀប​រាប់​ថា ទារិកា​នេះ​កើត​មិន​គ្រប់​ខែ ហើយ​សីតុណ្ហភាព​រាង​កាយ​ត្រជាក់​ស្រឹប រួច​គ្រូពេទ្យ​បាន​ព្យួរ​សេរ៉ូម ​និង​ដាក់​ក្នុង​ទូរ​កម្ដៅ​ហើយ។

តាម​ប្រភព​ពី​អាជ្ញាធរ ម្ដាយ​អាយុ​ទើប​ ១២​ឆ្នាំ​នេះ ជា​សិស្ស​សាលា​ឈ្មោះ Xiao Min រស់​នៅ​ភូមិ​ក្បែរ​កន្លែង​កើត​ហេតុ។ គេ​បាន​រស់​នៅ​​ជាមួយ​ជីដូន ហើយ​ឪពុក​ម្ដាយ​ចេញ​ទៅ​ធ្វើ​ការ​ឆ្ងាយ​បាត់។ ចំណែក​គ្រូ​បន្ទុក​ថ្នាក់​របស់​នាង មិន​ដឹង​ថា Min ​ពពោះ​នោះ​ទេ។ អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​លើ​កុមារី​ថ្នាក់​ទី​ ៥​នេះ ដោយ​រក​មូល​ហេតុ​នៃ​ការ​ពពោះ​ថា​ ជា​ចាប់​រំលោភ​​ ឬ​យ៉ាង​ណា។

តាម​ប្រភព​ដដែល​បន្ត​ថា​ ​កុមារ​​​ចិន​ជាង ៩​លាន​នាក់​ ត្រូវ​បាន​ឪពុក​ម្ដាយ​​ទុក​​ចោល រួច​ចេញ​ទៅ​ធ្វើ​ការ​នៅ​ទី​ឆ្ងាយ និង​​អាច​ជួប​ជុំ​គ្នា​មួយ​ឆ្នាំ​ម្ដង​ប៉ុណ្ណោះ។ ឯ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​វាសនា​កុមារ​ដែល​ឪពុក​​ម្ដាយ​ចេញ​ទៅ​ធ្វើ​ការ​​ឆ្ងាយ មិន​ដឹង​ថា​ មាន​វាសនា​ដូច​កុមារ​ខាង​លើ​ប៉ុន្មាន​នាក់​ទៅ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ