គង់​ ហ៊ូវ៖​ ផ្ដោត​ក្ដី​សង្ឃឹម​ខ្ពស់​លើ​ ម៉ឺន​ សុភា​ និង​ ឡៅ​ ចិត្រា​ នៅ​ស៊ីហ្គេម

  • 2017-08-16 02:51:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​សិស្ស​លោក​គ្រូ​ ធន់​ សុភា​ គឺ​កីឡាករ​ គង់​ ហ៊ូវ​ ថា​សម្រាប់​ការ​ប្រកួត​នៅ​ស៊ីហ្គេម​ លើក​ទី​២៩​ នៅ​ប្រទេស​ម៉ាឡេស៊ី​ ប៉ុន្មាន​ថ្ងៃ​នេះ​ខាង​មុខ​នេះ​ ខ្លួន​មាន​ក្ដី​សង្ឃឹម​ខ្លាំង​លើ​កីឡាករ​ពីរ​រូប​ ទី១​ ម៉ឺន​ សុភា​ ទី២​ ឡៅ​ ចិត្រា។​

កីឡាករ​ គង់​ ហ៊ូវ​

កីឡាករ​ គង់​ ហ៊ូវ​ បាន​ឲ្យ​ដឹង​ថា​ គេ​ជឿជាក់​ថា​កីឡាករ​ពីរ​រូប​ខាង​លើ​នេះ​ នឹង​ឈ្នះ​មេដាយ​ជូន​កម្ពុជា​នៅ​ក្នុង​ព្រឹត្តិការ​កីឡា​ស៊ីហ្គេម​នេះ ​ព្រោះ​ពួក​គេ​សុទ្ធ​តែ​ជា​ជើង​ខ្លាំង​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។​ ចំពោះ​សមត្ថភាព​កីឡាករ​ «ម៉ឺន​ សុភា»​ គង់​ ហ៊ូវ​ បន្ត​លើក​ឡើង​ថា​ អ្នក​ប្រដាល់​ដែល​មាន​ផ្លែង​ធ្ងន់​ៗ​ មិន​ថា​កណ្ដាប់​ដៃ​ ឬ​ទាត់​នោះ​ទេ​ ហើយ​កីឡាករ​ល្មម​ៗ​មិន​អាច​យក​ជ័យជម្នះ​ពី​គេ​បាន​ឡើយ។​

កីឡាករ ម៉ឺន សុភា
កីឡាករ ឡៅ ចិត្រា

ម្ចាស់​ពាន​រង្វាន់​ម៉ារ៉ាតុង​នៅ​បាយ័ន​រូប​នេះ​បន្ថែម​ទៀត​ថា​ បើ​និយាយ​ពី​ «ឡៅ​ ចិត្រា»​ សព្វ​ថ្ងៃ​នេះ​គេ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​មែនទែន​ រាល់​ការ​ប្រកួត​នានា​លើ​សង្វៀន​ស្ទើរ​តែ​មិន​ដែល​ចាញ់។​ ចិត្រា​ ជា​កីឡាករ​វ័យ​ក្មេង​កំពុង​តែ​ឡើង​កម្លាំង​ និង​សមត្ថភាព​ខ្លាំង​ រួមផ្សំ​និង​ការ​ព្យាយាម​ផង​នោះ​ ទើប​ធ្វើ​ឲ្យ​គេ​មាន​ការ​ជោគជ័យ​ខ្លាំង។​ កីឡាករ​ទាំង​ពីរ​នាក់​នេះ​ មាន​មហិច្ឆតា​ខ្ពស់​ណាស់​ ពួក​គេ​មិន​ចង់​ល្បី​ត្រឹម​ក្នុង​ប្រទេស​ ឬ​ល្បី​តែ​ប៉ុណ្ណេះ​ទេ​ ដូច្នេះ​គេ​នឹង​អាច​យក​មេដាយ​បាន​នៅ​ស៊ីហ្គេម​នេះ។​

កីឡាករជម្រើសជាតិគុនខ្មែរទាំង៥រូប

កីឡាករ​ប្រដាល់​គុន​ខ្មែរ​នឹង​ចាកចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី២៥​ ខែ​សីហា​ ឆ្នាំ​២០១៧​នេះ​ ដើម្បី​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការ​ស៊ីហ្គេម​ លើក​ទី២៩​ ឯ​ប្រទេស​ម៉ាឡេស៊ី។​ អ្នក​ប្រដាល់​ដែល​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​នេះ​មាន​ ៥រូប​ ទី១​ ម៉ឺន​ សុភា​ មឿន​ សុខហ៊ុច​ ឃីម​ ឌីម៉ា​ ឡៅ​ ចិត្រា​ និង​ វ៉ាន់​ វឿន៕​

អត្ថបទ៖ នួន ស៊ីណា​