មិនមែន​តែ Ronaldo ទេ Iniesta ក៏​មិន​បាន​លេង​ជើង​ទី​២​ដែរ

  • 2017-08-16 04:50:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Andres Iniesta នឹង​មិន​អាច​ចូលរួម​ជាមួយ Barcelona ដើម្បី​សងសឹក​ Real Madrid​ នៅ​ជើង​ទី​២​ពាន  Supercopa de Espana  ក្នុង​កីឡដ្ឋាន Estadio Santiago Bernabeuបាន​ឡើយ ព្រោះ​មាន​របួស​ភ្លៅ​ស្ដាំ។

ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​កាល​​ពី​ថ្ងៃ​អង្គារ កីឡាករ​វ័យ​ជ្រេ​៣៣​ឆ្នាំ បាន​ទទួល​រង​របួស និង​ត្រូវ​កាត់​ចេញ​ពី​បញ្ជី​ឈ្មោះ​កីឡាករ​របស់​​លោក  Ernesto Valverde ។ Barcelona ត្រូវ​ធ្វើ​ការ​ខ្លាំង​​សម្រាប់​ការ​ប្រកួត​ជើង​ទី​២​ដែល​ត្រូវ​លេង​​នៅ​ម៉ោង​៤​រំលង​អាធ្រាត្រ​យប់​នេះ ដោយ​សារ​ជើង​ទី​១​ពួក​គេ​ចាញ់​ក្នុង​ដី​ដល់​ទៅ​៣-១​ឯណោះ។

លោក Valverde នឹង​នាំ​កីឡាករ​១៩​រូប​ទៅ​សងសឹក​ជាមួយ Madrid យប់​នេះ ក្នុង​នោះ​មាន៖ Marc-Andre ter Stegen, Jasper Cillessen, Nelson Semedo, Gerard Pique, Javier Mascherano, Jordi Alba, Lucas Digne, Aleix Vidal, Samuel Umtiti, Sergi Roberto, Ivan Rakitic, Sergio Busquets, Denis Suarez, Luis Suarez, Lionel Messi, Gerard Deulofeu, Paco Alcacer, Andre Gomes និងCarles Alena។​

ទាក់ទង​នឹង​ការ​ពិន័យ Cristiano Ronaldo ៥​ប្រកួត លោក  Zinedine Zidane  បាន​និយាយ​ថា វា​ច្រើន​ពេក​ហើយ។ និយាយ​ក្នុង​សន្និសីទកាសែត​ត្រៀម​លេង​ជើង​ទី​២ អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​បាន​​ថ្លែង​ថា៖ "ខ្ញុំ​មិន​ចង់​ជ្រៀតជ្រែក​ជាមួយ​អាជ្ញាកណ្ដាល​​ទេ ប៉ុន្តែ​បើ​យើង​សម្លឹង​មើល​ហេតុការណ៍​ ហើយ​ Ronaldo ​ត្រូវ​ពិន័យ​មិន​អាច​លេង​៥​ប្រកួត វា​ពិត​ជា​មិន​ត្រឹមត្រូវ​សោះ។ ៥​ប្រកួត​ច្រើន​ណាស់។ ចំពោះ​ការ​ប្ដឹង​តវ៉ា Zidane ថា ត្រូវ​ចាំ​មើល​​គណៈកម្មាធិការ​ប្រជុំ​នៅ​ថ្ងៃ​ស្អែក​សិន៕​​​​

ចុចអាន៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ